អីយ៉ា!​ សាក​ទាយ​មើល៍​​កំពូល​មេដឹកនាំ​ពិភពលោក​ចូល​ចិត្ត​ប្រើ​ទូរសព្ទ​ម៉ាក​អី​ខ្លះ?

 
 

ទូរស័ព្ទ​ស៊េរី​ទំនើបៗ​​ប្រភេទ​ Smartphone របស់​ក្រុមហ៊ុន​ល្បីៗ​​​ជា​ច្រើន​ដូចជា​​​ Apple, Samsung ឬ BlackBerry ជា​ដើម កំពុង​វាយ​លុក​ទីផ្សារ​នៅ​លើ​ពិភពលោក ស្រប​ពេល​ដែល​មនុស្ស​​សម័យ​ថ្មី​​ជា​ពិសេស​យុវវ័យ​កំពុង​​ពេញ​និយម និង​ឲ្យ​តម្លៃ​លើ​បច្ចេកវិទ្យា​មួយ​នេះ។ ប៉ុន្តែ នៅ​ពីក្រោយ​ប្រជាពលរដ្ឋ​សាមញ្ញ​ទូទៅ ​យើង​ក៏​សង្កេត​ឃើញ​​មេដឹកនាំ​ពិភពលោក​មួយ​ចំនួន​ក៏​​ពេញ​និយមមាន​ចំណាប់​អារម្មណ៍​​ប្រើប្រាស់​ប្រភេទ Smartphone ទាំង​នេះ​ផង​ដែរ។

ចង់​ដឹង​ថា តើ​​ទូរស័ព្ទ​ប្រភេទ​អ្វីខ្លះ​ដែល​មេដឹកនាំ​ទាំង​នេះ ពេញ​និយម​ប្រើប្រាស់​សូម​តាមដាន​ខាងក្រោម​នេះ​ទាំង​អស់​គ្នា!

១ ប្រធានាធិបតី​អាមេរិក​លោក​អូបាម៉ា
BlackBerry ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ប្រភេទ​ទូរស័ព្ទ​ពេញ​និយម​ជាងគេ​របស់​លោក​អូបាម៉ា​។ ប៉ុន្តែ​ចាប់តាំង​ពី​ក្លាយ​ជា​ប្រធានាធិបតី​​កាល​ពី​ឆ្នាំ​២០០៩ ​បញ្ហា​សុវត្ថិភាព​លើ​​ប្រព័ន្ធ​ទូរស័ព្ទ​​បាន​​តម្រូវ​ឲ្យ​លោក​បោះបង់​ចោល​​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​នេះ។ ទោះបី​ជា​​គេ​មិន​បាន​បញ្ជាក់​ថា តើ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​​ណា​បាន​ក្លាយ​ជា​សំណប់​ចិត្ត​របស់​លោក​អូបាម៉ា​ក្រោយ​មក ប៉ុន្តែ​ទូរស័ព្ទ​ iPhone របស់​​ក្រុមហ៊ុន ​Apple ត្រូវ​គេ​ឃើញ​មាន​វត្តមាន​នៅ​លើ​ដៃ​​កូនស្រី​ទាំង​ពីរ​របស់​គាត់។

២ ប្រធានាធិបតី ​រុស្ស៊ី  Vladimir Putin
ក្រឡេក​ទៅ​​មើល​ឆ្នាំ​២០១០ លោក​ពូទីន​បាន​​មាន​ប្រសាសន៍​ថា គាត់​​គ្មាន​ទូរស័ព្ទ​ប្រើប្រាស់​នៅ​ក្នុង​ដៃ​នោះ​ឡើយ។ ក្រោយ​មក​តាម​ប្រភព  Techweb បាន​​ឲ្យដឹង​ថា ចាប់តាំង​ពី​ឆ្នាំ​២០១២ ប្រធានាធិបតី​រូប​នេះ​បាន​ប្រើប្រាស់​ទូរស័ព្ទ​ Smartphone ប្រភេទ​ MTS-Glonass 945 និង ទូរស័ព្ទ​​ Android។

៣ ប្រធានាធិបតី​ចិន លោក  Xi Jinping
គេ​មិន​អាច​ដឹង​ច្បាស់​នោះ​​ទេ​​ថា តើ​ប្រធានាធិបតី​ចិន លោក Xi Jinping ប្រើប្រាស់​ទូរស័ព្ទ​ម៉ាក​​អ្វី​នោះ​ឡើយ? ប៉ុន្តែ​នៅ​ពេល​បង្ហាញ​ខ្លួន​នៅ​សាធារណៈ​មួយ​កន្លែង​ គេ​ឃើញ​លោក​ជំទាវ​ទី​១​របស់​គាត់​គឺ​លោក​ស្រី  Peng Li Yuan បាន​ទាញ​ទូរស័ព្ទ ​iPhone 5 មក​ថត​វិញ​ ដែល​គេ​សន្និដ្ឋាន​ថា ប្រធានាធិបតី​រូប​នេះ​ទំនង​ពេញ​ចិត្ត​ផលិតផល​របស់ ​Apple នេះ​ដែរ។

៤ ប្រធានាធិបតី​កូរ៉េខាងជើង លោក គីម ជុងអ៊ុន
សម្រាប់​មេដឹកនាំ​វ័យក្មេង​របស់​រដ្ឋ​​ផ្ដាច់ការ​កូរ៉េខាងជើង គេហទំព័រ ​Techweb បាន​បញ្ជាក់​ថា ​លោក​គីម ជុងអ៊ុន​​បាន​ប្រើប្រាស់​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​HTC ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​ធំ​បំផុត​មួយ​របស់​តៃវ៉ាន់​គឺ  HTC Butterfly ដែល​ឃើញ​មាន​ជា​ទូទៅ​​ជាប់​នឹង​ខ្លួន​របស់​លោក​ពេល​មាន​កិច្ច​ប្រជុំ ឬ ចូលរួម​កម្មវិធី​ផ្សេងៗ​ជា​សាធារណៈ។

៥ នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យីងឡាក់
​ក្រៅ​ពី​កិច្ចការ​នយោបាយ​ ​នាយករដ្ឋមន្ត្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ក៏​ពេញ​និយម​ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ស៊េរី​ទំនើបៗ ផង​ដែរ​ហើយ​ក៏​មិនមែន​មួយ​គ្រឿង​ដែរ គឺ​ច្រើន​គ្រឿង​ក្នុង​ពេល​តែ​មួយ​តែ​ម្តង។ ក្នុង​ចំណោម​ប្រភេទ​ទូរស័ព្ទ​ប្រភេទ Smartpone​ទំនើបៗ​ទាំង​នោះ Nokia Lumia 920 ​ក៏​មាន​វត្តមាន​នៅ​ក្នុង​ដៃ​របស់​លោក​ស្រី​ផងដែរ។ ​​​

៦ នាយករដ្ឋមន្ត្រី​អង់គ្លេស​ David Cameron
ងាក​មក​មើល​មេដឹកនាំ​មហាអំណាច​​នៅ​អឺរ៉ុប​រូប​នេះ​វិញ​គឺ​លោក​នាយករដ្ឋមន្ត្រី David Cameron  ទូរស័ព្ទ​​របស់​ក្រុមហ៊ុន BlackBerry ត្រូវ​​បាន​គេ​បញ្ជាក់​ថា គឺ​ជា​​ប្រភេទ Smartphone ​ពេញ​និយម​បំផុត​របស់​លោក។​​

៧ លោកស្រី​អធិការបតី​អាល្លឺម៉ង់​  Angela Merkel
មិន​ខុស​ពី​នាយករដ្ឋមន្ត្រី​អង់គ្លេស​សម្រាប់​លោក​ស្រី  Angela Merkel ក៏​ពេញ​និយម​ចូលចិត្ត​ប្រើប្រាស់​ផលិត​ផល​របស់ BlackBerry​ផងដែរ​ គឺ​BlackBerry Z10។

៨ ប្រធានាធិបតី​បារាំង François Hollande
iPhone 5 គឺ​ជា​ទូរស័ព្ទ​ប្រភេទ ​Smartphone ដ៏​ទំនើប​បំផុត​មួយ​ដែល​ប្រធានាធិបតី​បារាំង​​លោក François Hollande ​ពេញ​និយម​ប្រើប្រាស់​ក្នុង​តំណែង​​របស់​លោក ហើយ​​​ទូរស័ព្ទ​​ប្រភេទ​នេះ​ លោក​​ប្រើប្រាស់​សម្រាប់​ជា​ឯកជន​តែ​ប៉ុណ្ណោះ៕

ប្រភព   Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម