បន្ទាប់ពីបារខែមកំពង់ចាម សែលកាត និង បារខែមកម្ពុជា កំពុងគ្រោងរៀប ចំគំនិតផ្ដួចផ្ដើម សម្រាប់ឆ្នាំ2016

 
 

ភ្នំពេញ ថ្ងៃទី5-6 ធ្នូ៖ ព្រឹត្តិការណ៍បារខែមចុងក្រោយសម្រាប់ឆ្នាំ2015 គឺបារខែមកំពង់ចាម ដែលបានប្រព្រឹត្ត​ទៅនាថ្ងៃទី5-6 ធ្នូ ដោយគ្រប់ស៊េរីនីមួយៗ មានការចូលរួមដ៏ច្រើនកុះករ បានជំរុញឲ្យអ្នករៀបចំ​ កម្មវិធី​បារខែ​ម​កម្ពុជា​ និង សែលកាត កាន់តែមានទឹកចិត្ត ឈានទៅដល់ការរៀបចំព្រឹត្តិការណ៍ សម្រាប់ឆ្នាំក្រោយៗទៀត ។​

ព្រឹត្តិការណ៍បារខែមកំពង់ចាម មានអ្នកចូលរួមប្រមាណជិត400នាក់ សម្រាប់ការរៀបចំរយៈពេលពីរថ្ងៃ​នៅ​ សាខា​​សាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម។ ក្នុងឱកាសនោះផង​ដែរ​ក៏​មានការ ចូលរួម​ពីសំណាក់​អ្នកជំនាញ បច្ចេកវិទ្យាព័ត៌មានវិទ្យា ថ្នាក់ដឹកនាំពាណិជ្ជកម្ម អ្នកច្នៃបង្កើតថ្មី សហគ្រិន អ្នកមានគំនិតច្នៃប្រឌិត អង្គការក្រៅរាជរដ្ឋាភិបាល សាស្ត្រាចារ្យ និងសិស្សនិស្សិតជាច្រើន ក្នុងបំណង​ស្វែងយល់ពីសក្ដានុពល បច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រមទាំងបានសិក្សា និង ចូលរួមសហការ​ ជាមួយ​អ្នកជំនាញ​​បច្ចេកវិទ្យា និងអ្នកពាក់ព័ន្ធក្នុងវិស័យនេះផងដែរ។

អ្នកចូលរួមទាំងអស់ពិតជាមិនខកបំណងឡើយ ដោយសារក្នុងបារខែមកំពង់ចាម មានវត្តមានវាគ្មិនចំនួន 20រូប និងប្រធានបទ ពាក់ព័ន្ធដល់ទៅ 34ប្រធានបទ ។ កិច្ចពិភាក្សាក្រុមដែលមានសមាជិក​ បួន​រូប​លើ​ប្រធានបទ “ការងារ និងសមាហរណកម្មអាស៊ាន” បានទទួលការគាំទ្រស្វាគមន៍ និ​ងចាប់​អារម្មណ៍​​បំផុត ពីសំណាក់អ្នកចូលរួម ហើយប្រធានបទនេះ ក៏ស្របតាមគោលដៅ របស់ព្រឹត្តិការណ៍ផងដែរ គឺ “ត្រៀមខ្លួនសម្រាប់ សមាហរណកម្មអាស៊ាន”។​​​ ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំជាស៊េរីនេះ​ បានជំរុញនិង​លើក​ទឹកចិត្ត​ អ្នកចូលរួមតាមរយៈការផ្លាស់ប្ដូរចំណេះដឹង ជំនាញ និងបទពិសោធទៅវិញទៅមក។

ប្រធានបទមួយចំនួនគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុត ដែលបានលើកឡើងក្នុងបទបង្ហាញនៅខេត្តកំពង់ចាម មានដូចជា កិច្ចពិភាក្សា អំពីការសរសេរគម្រោងអាជីវកម្ម ការស្រាវជ្រាវតាមអ៊ីន​ធើណិត បាន​លឿន​បំផុតជា​មួយ​ Google​ វិធីសាស្ត្រស្វែងរកការងារ​ និងការទាញយកអត្ថប្រយោជន៍ជាច្រើនពីអ៊ីនធើណិត ជាដើម​។

អ្នកចូលរួមក៏បានចំណាយពេលទៅទស្សនាតាមស្ដង់ជាច្រើនដែលរៀបចំដោយ សែលកាត  System Expert ODC និងក្រុមហ៊ុនផ្សេងៗ ជាច្រើនទៀត។ ចំណុចមួយទៀតដែល គួរឲ្យចាប់អារម្មណ៍ផងដែរនោះ គឺការចូលទៅទស្សនកិច្ចនៅ មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម ដែលមានការចូលរួមជាមួយ​ អ្នក​ស្ម័គ្រ​ចិត្ត​ជាតិ និងអន្តរជាតិផងដែរ។ អ្នកចូលរួមទាំងអស់ ក៏បានផ្ដល់ជាសម្ភារៈសិក្សា  និងជំនួយឧបត្ថម្ភផ្សេង​ៗ​ដល់ មជ្ឈមណ្ឌលនេះ និងជួយសម្អាតបរិវេណជុំវិញ ព្រមទាំងនៅតាម បណ្ដោយដង​ទន្លេ​នៅក្នុងទីរួម​ខេត្តកំពង់ចាម។

“យើងមានក្ដីរីករាយចំពោះព្រឹត្តិការណ៍ស៊េរីចុងក្រោយប្រចាំឆ្នាំនេះជាមួយភាពជោគជ័យក្នុងការរៀបចំនៅខេត្ត កំពង់ចាមនេះ។ ការបញ្ចប់ទៅ និងការចូលរួម ក្នុងព្រឹត្តិការណ៍បារខែមប្រចាំឆ្នាំនេះ ពិតទទួលបាន​លទ្ធផល​លើស ពីការរំពឹងទុក។” នេះជាការលើកឡើងរបស់តំណាងបារខែមកម្ពុជា ហើយលោកក៏បាន​ បន្ថែមទៀតថា “មុននឹងការងារចាស់បញ្ចប់ទៅ យើងកំពុងត្រៀមរៀប ចំគម្រោង​សម្រាប់គំនិតផ្ដួចផ្ដើម​បារខែម​ក្នុង ឆ្នាំ​ក្រោយ​​ទៀត ដោយមានសុទិដ្ឋិនិយមផង​ដែរថា គំនិតផ្ដួចផ្ដើមនេះនឹងបន្សល់​នូវ វេទិកាប្រកប ដោយ​ប្រសិទ្ធ​ភាព និងមានសារប្រយោជន៍ក្នុងការ ភ្ជាប់ទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការរវាងយុវជន ប្រកបដោយ​គំនិត​​បង្កើតថ្មី និងកសាងអនាគតអ្នកជំនាញ បច្ចេកវិទ្យាព័ត៌មានវិទ្យា។

ដោយបានលើកឡើងអំពីការប្ដេជ្ញាចិត្តក្នុងបារខែមកម្ពុជាដើម្បីបំផុសវិស័យព័ត៌មានវិទ្យានៅកម្ពុជា លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានថ្លែងឲ្យដឹងថា សែលកាតនឹង​នៅតែបន្តគាំទ្រ​គំនិត​ផ្ដួចផ្ដើម នេះឲ្យកាន់តែរឹងមាំ ឡើងថែមទៀត។ 

លោកបានបន្តទៀតថា “យើងមានទស្សនវិស័យប្រហាក់ប្រហែលគ្នា ហើយកំពុងគ្រោងនឹង​នាំយកគំនិតផ្ដួ​ច​ផ្ដើម​នេះឲ្យ បានជ្រួតជ្រាបទៅដល់ ពលរដ្ឋខ្មែរកានតែច្រើនឡើងថែមទៀត នៅឆ្នាំក្រោយ។ បារខែមកម្ពុជា និងសែល​កាត ប្រឹងប្រែងធ្វើការយ៉ាង ជិតស្និទ្ធក្នុងការបង្ហាញពីបច្ចេកវិទ្យា និងគំនិតបង្កើតថ្មីៗ ដើម្បី​ជាមធ្យោបាយនាំ​កម្ពុជាឲ្យ​​ ក្លាយជាប្រទេសអភិវឌ្ឍតាម រយៈចំណេះដឹងបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតរបស់កម្ពុជា។ យើង​សង្ឃឹមថាគំនិតផ្ដួចផ្ដើមនេះ នឹងត្រូវបានរៀបចំរួច រាល់សម្រាប់ឆ្នាំក្រោយ ដើម្បីផ្ដល់នូវការគាំទ្រ ផ្សេងៗដែលយើងអាចជំរុញគម្រោងនេះឲ្យ ឈានឡើងទៅកាន់ កម្រិតបន្ទាប់។”

ព្រឹត្តិការណ៍បារខែមកម្ពុជាកន្លងទៅក្នុងឆ្នាំនេះ បានរៀបចំនៅតាមបណ្ដាខេត្តមួយចំនួនដូចជា កំពត បាត់ដំបង តាកែវ និង ភ្នំពេញ។ 

សម្រាប់ព័ត៌មានបន្ថែមអំពីបារខែមកម្ពុជា សូមចូលទៅកាន់ www.2015.barcampcambodia.org

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម