​លោកគ្រូ អ្នកគ្រូវិទ្យាល័យ ហ៊ុន សែន ពាមរ​ក៍ ប្តឹង​លោកនាយក ធ្វើ​ឱ្យ​បាត់​លុយ​សាលា​​​​ អស់​រាប់​​​សិប​ម៉ឺនដុល្លារ​

 
 

​ខេត្ត​ព្រៃវែង ៖ លោក ហាក់ នី​ន នាយក​វិទ្យាល័យ ហ៊ុន សែន ពាមរ​ក៍ ​ត្រូវ​បាន​លោកគ្រូ អ្នកគ្រូ​​ នាំ​គ្នា​ដាក់​ពាក្យ​ប្តឹង​ទាមទារ​ ឱ្យ​ការិយាល័យអប់រំ​ស្រុក ​ចុះ​ស៊ើបអង្កេត ដោយ​ចោទប្រកាន់​ លោកនាយ​កថា ធ្វើការ​គ្មាន​តម្លាភាព ក្តោប​ក្តាប់ ​មុខងារ​២-៣​ តែ​ម្នាក់ឯង ​​ធ្វើ​ឱ្យ​បាត់​លុយ​សាលា​ អស់​រាប់​​​​សិប​លាន​រៀល ​មិនដឹង​​ទៅ​ណា​ ។

​ក្រុម​គ្រូ​​បង្រៀន​ទាំងនោះ​បាន​ឱ្យ​ដឹង​ថា លោក ហាក់ នី​ន ​​ធ្វើ​ជានា​យក​វិទ្យាល័យ​មួយ​នេះ​រយៈពេល​ជាង​៤​ឆ្នាំ​មក​ហើយ ​​ក្នុង​រយៈពេល​នេះ​សាលា​មិន​មាន​បេឡា មិន​មាន​មន្ត្រី​គណនី​អ្វី​នោះ​ទេ គឺ​លោកនាយក​ក្តោប​ក្តាប់​​​ការ​ងារ​នេះ​តែ​ម្នាក់ឯង ហើយ​ថវិកា​សាលាទាំងអស់​ដែល​ខាង​ក្រសួង ខាង​អង្គការ​ជំនួយ​មក​ឱ្យ​​រៀង​រាល់​ឆ្នាំ ក៏​លោក​នាយក​​​កាន់តែម្នាក់ឯង​ដែរ ថែម​ទាំង​​​ហាម​មិនឱ្យ​​លោកគ្រូ​-​អ្នកគ្រូ សួរនាំ​ពី​រឿង​ថវិកា​ទាំង​អស់នោះ​​ទៀត​ផង​ ។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា ក្នុង​១​ឆ្នាំ​ៗ​ថវិកា​ដែល​សាលា​ទទួល​បាន មិន​ក្រោម​២​ម៉ឺន​ដុល្លារ​​ទេ ក្នុង​នោះ​​គម្រោង​PB របស់​ក្រសួង​ចំនួន​៣៥​លាន​រៀន ​គម្រោង​ SIG របស់​អង្គការក្រៅ​រដ្ឋាភិបាល​ ចំនួន​៤​ពាន់​ដុល្លារ ថវិកា​ប្រមូល​បាន​ពី​ភាស៊ី​ ផ្ញើ​កង់​ម៉ូតូ​ក្នុង​សាលា​ ចំនួន​៣៦លាន​រៀល (កុងត្រា​៤​ឆ្នាំ) ថវិកា​ភាស៊ី​អ្នក​លក់ដូរ​ ក្នុង​សាលា​១​ឆ្នាំ​១​លាន​រៀល ព្រមទាំង​ថវិកា​ទទួល​បាន​ ពី​ការ​ឩ​ប​ត្ថ​ម្ភ​ផ្សេង​ៗ របស់​អាណាព្យាបាល​សិស្ស និង​ថ្នាក់ដឹកនាំ​ខាងលើ ជា​ច្រើន​ទៀត​ផង​ដែរ ​សរុប​ចូល​គ្នា​ រយៈពេល​៤​ឆ្នាំ​មកនេះ ថវិកា​ទាំងអស់​មាន​ចំនួន​ រហូតដល់​ជិត​១០​ម៉ឺន​ដុល្លារ​ឯណោះ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ ថវិកា​ទាំងនោះ​មិនដឹង​ លោកនាយកចំណាយ​ទៅ​លើ​ អ្វីខ្លះ​នោះ​ទេ ស្រាប់តែ​បាត់​អស់​តែ​ម្តង ចំណែកឯ​ការ​កសាង​ និង​អភិវឌ្ឍ​ នៅ​ក្នុង​សាលា ​ក៏​មិនឃើញ​មាន​អ្វី​ ជា​ដុំ​កំភួន​នោះ​ដែរ​ ។

ពាក់​​ព័ន្ធ​បណ្តឹង​​ចោទប្រកាន់​នេះ កោះសន្តិភាព​បាន​​ទាក់​ទង​​តាម​ទូរ​ស័ព្ទ​សុំ​ការ​បំភ្លឺ​ពី​លោក ហាក់ នី​ន នាយក​វិទ្យាល័យ ហ៊ុន សែន ពាមរ​ក៍ ​នេះ​ដែរ ​តែ​លោក ហាក់ នីន មិន​បាន​បកស្រាយ​ពន្យល់​អ្វី​នោះ​ទេ បែរជា​ព្យាយាម​សុំ​កុំឱ្យ​​ចុះ​ផ្សាយរឿង​របស់​លោក​ទៅវិញ ដោយ​សំអាង​ហេតុផល​ថា ខ្លាច​ខូច​កិត្តិយស​របស់​លោក ​។

​លោក ឆាំ ភារ​ម្យ ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ពាមរ​ក៍ បានឱ្យ​​ដឹង​តាម​ទូរ​ស័ព្ទថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​លោកគ្រូ​-​អ្នកគ្រូ ​នៃ​វិទ្យាល័យ ហ៊ុន សែន ពាមរ​ក៍​នោះ​ភ្លាម លោក​ក៏​បាន​ដឹកនាំ​មន្ត្រី​ចុះ​ទៅ​ត្រួតពិនិត្យ និង​សាកសួរ​ដល់​ក្នុង​សាលា​នោះ​ហើយ​ដែរ ​​ជា​លទ្ធផល​លោក​បាន​រក​ឃើញ​ថា លោកនាយក ហាក់ នីន ​​ពិតជា​បាន​ចាយវាយ​ថវិកា​ទាំងនោះ​អស់ ដោយ​គ្មាន​ឯកសារ​ភស្តុ​តាង​អ្វី​បន្តិចសោះ​ គឺ​ដូច​ទៅ​នឹង​អ្វី​ដែល​លោកគ្រូ​-​អ្នកគ្រូ​បាន​ប្តឹង​ចោទប្រកាន់​ប្រាកដ​​មែន​ ។​

លោក ឆាំ ភារ​ម្យ បាន​បញ្ជាក់​ថា ចំពោះ​ករណី​​លោកនាយក​វិទ្យាល័យ ហ៊ុន សែន ពាមរ​ក៍ នេះ លោក​ពុំ​មាន​សិទ្ធិ​ក្នុង​ការ​ចាត់ចែង​ដាក់ទោស​ទណ្ឌ​អ្វី​នោះ​ទេ ប៉ុន្តែ​លោក​នឹង​រាយ​ការ​ណ៍​ទៅ​មន្ទីរ​អប់រំ​ខេត្ត ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ។​

ទោះជា​យ៉ាងណា​ក៏​ដោយ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ​កុម្ភៈ កោះសន្តិភាព​បាន​​ទាក់​ទង​​សាកសួរទៅ​លោក ហ៊ឹ​ម សុផល ប្រធាន​មន្ទីរ​អប់រំ​ខេត្ត ​ជុំវិញ​បញ្ហា​នេះ ប៉ុន្តែ​លោក ហ៊ឹ​ម សុផល បានអះអាង​ថា លោក​មិន​ទាន់​ទទួល​បាន​របាយ​ការ​ណ៍​រឿង​នេះ​នៅឡើយ​ទេ ដូច្នេះ​លោក​​មិន​អាច​សម្រេច​ ឬ​ចាត់វិធានការ​បែប​ណា​បាន​នោះ​ទេ​ ៕​





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម