ម្តាយមិននៅផ្ទះ កូនដុតភ្លើងទៀនចោល រួចទៅរៀនភ្លេចពន្លត់ ត្រូវអគ្គិភ័យឆេះខ្ទេចគ្មានសល់

 
 

(ពោធិ៍សាត់)៖ អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ ខ្ទេចគ្មានសល់ ខណៈដែលម្តាយមិននៅ ហើយកូនដុតភ្លើងទៀនចោល រួចចេញទៅរៀនភ្លេចពន្លត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៨៖០៥នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនារសៀលនេះថា ផ្ទះដែលអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង សង់អំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តា ក្រាលក្តា មានទំហំ៦គុណ៧ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះ ចាប ពៅ ភេទប្រុស អាយុ ៤៨ឆ្នាំ (ជាប្តី), ឈ្មោះ សូត្រ សាវេត ភេទស្រី អាយុ ៤២ឆ្នាំ (ជាប្រពន្ធ) ប្តីប្រពន្ធទាំងពីររស់នៅភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ 

លោកអធិការបានឲ្យដឹងទៀតថា សម្ភារដែលខូចខាតរួមមាន ទូរទស្សន៍ ១គ្រឿង, ក្បាលចាក់VCD ១គ្រឿង, ផ្ទាំងសូឡា ១ឈុត, អាគុយ ១, វិទ្យុទាក់ទង ១គ្រឿង ប្លង់ដីស្រែ ១ប្លង់, លុយខ្មែរជាង ៧លានរៀល និង សម្ភារៈប្រើប្រាស់ដែលមានក្នុងផ្ទះទាំងអស់ទាំងស្រុង ។

តាមការសន្និដ្ឋាន ហេតុការណ៍ខាងលើនេះ មូលហេតុគឺបណ្តាលមកពី កូនម្ចាស់ផ្ទះដុតភ្លើងទៀនចោល លើធុងទឹកកក រួមចេញទៅរៀនភ្លេចពន្លត់ ទើបបណ្តាលឲ្យឆាប់ឆេះអស់តែម្តង។ ក្រោយពេលកើតហេតុទើបម្ចាស់ផ្ទះ បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ តែដោយគ្មានផ្លូវចេញចូល ណាមួយម្ចាស់ផ្ទះសង់លំនៅដ្ឋានឆ្ងាយពីទីប្រជុំជនផងនោះ រថយន្តពន្លត់អគ្គីភ័យក៏មិនអាចចូលទៅដល់ផងដែរ៕ 

ប្រភព ៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ផ្ទះប្រជាពលរដ្ឋមួយគ្រួសារ ត្រង់ចំណុចអូរ១៧ ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ត្រូវអគ្គិភ័យឆាបឆេះផ្ទះ អស់សល់តែគំនរផះ ខណៈចេញទៅដងទឹកនៅអូរខាងនៅក្រោយផ្ទះ បង្កាត់ភ្លើងដាក់ដាំបាយចោល ភ្លើងឆេះផ្ទះម៉ត់។

លោកវរៈសេនីយ៍ទោ ញឹម នី មេបញ្ជាការរង អាវុធហត្ថខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងព្រឹកនេះថា ផ្ទះដែលអគ្គីភ័យលេបត្របាក់អស់ទាំងស្រុងនោះ មានទំហំ ៤ម៉ែត្រគុណ៦ម៉ែត្រ ជញ្ជាំងធ្វើពីឈើ និងប្រក់ស័ង្កសី សង់ផ្ទាល់ដី ។ លោកមេបញ្ជាការរងបានបន្តថា ទំហំនៃការខូចខាត ក្នុងផ្ទះទាំងស្រុងរួមមាន ៖ ម៉ាស៊ីនកាត់ស្មៅ ០១គ្រឿង និងសម្ភារៈប្រើប្រាស់ មួយចំនួនទៀត ។

លោកមេបញ្ជាការរងបានបន្តទៀតថា ម្ចាស់ផ្ទះមានឈ្មោះ ទឹម ធី ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ហើយករណីនេះ កើតឡើងដោយសារតែ ម្ចាស់ផ្ទះបង្កាត់ភ្លើងដាក់ដាំបាយចោល បណ្តាលឲ្យអណ្តាតភ្លើងរាលឆេះផ្ទះម៉ត់តែម្តង ខណៈចេញទៅដងទឹកនៅអូរនៅក្រោយផ្ទះ៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម