អ្នកមានបបូរមាត់ខ្មៅ ឈប់ឈឺចាប់ទៀត! អនុវត្តរូបមន្តធម្មជាតិ ប្រាកដជាមានបបូរមាត់ស្អាត គួរឲ្យចង់ថើប

 
 

ក្រៅពីការថែរក្សាស្បែកមុខ ដើម្បីកុំឱ្យមានមុនហើយ នារីៗយើងក៏កុំភ្លេចនូវការថែរក្សាសម្រស់នៅលើបបូរមាត់ផងដែរ ព្រោះវានឹងជួយលើកសម្រស់បានមួយផ្នែកទៀត។ 

ដឹងទេថា បបូរមាត់គឺជាផ្នែកមួយដែលពោរពេញទៅដោយមន្តស្នេហ៍យ៉ាងខ្លាំង មិនថានៅពេលដែលនិយាយ សើច ឬញញឹម បបូរមាត់សុទ្ធតែបានធ្វើសកម្មភាពយ៉ាងពេញទំហឹង ដូច្នេះបើបបូរមាត់ស្អាត អ្នកនឹងមានទំនុកចិត្តលើខ្លួនឯងគ្រប់ពេល។ 

ចង់ដឹងថាធ្វើដូចម្តេចខ្លះ ដើម្បីឱ្យបបូរមាត់់យើងមានពណ៌ផ្កាឈូក មានសុខភាពល្អ ហើយទន់រលោងស្អាតគួរឱ្យថើបនោះ មកតាមដានទាំងអស់គ្នា៖

បបូរមាត់់យើងនឹងមានពណ៌ផ្កាឈូកស្រស់ស្អាត

១) ធ្វើជា Scrub ដុសបបូរមាត់៖ វិធីដំបូងនៅក្នុងការថែរក្សាបបូរមាត់ឱ្យមានពណ៌ស៊ីជម្ពូស្អាតនោះគឺត្រូវមានគ្រឿងផ្សំដូចជា៖

-ស្ករ ៤ ស្លាបព្រាកាហ្វេ

-អំបិល ៤ ស្លាបព្រាកាហ្វេ

-ប្រេងអូលីវ ១ ស្លាបព្រាបាយ

-ទឹកឃ្មុំ ១/៤ ស្លាបព្រាកាហ្វេ

-ទឹកក្រូចឆ្មារបន្តិច។

វិធីប្រើគឺ៖ ផ្សំគ្រឿងទាំងនេះបញ្ចូលគ្នាជាសាចតែមួយ ហើយទុកនៅក្នុងប្រអប់ស្អាតមួយរក្សាទុកក្នុងសីតុណ្ហភាពធម្មតា។ ហើយគ្រាន់តែប្រើម្រាមដៃ យកវាបន្តិចមកលាបត្រដុសៗនៅលើបបូរមាត់ ទុកចោលរយៈពេល២-៣នាទី សឹមលាងទឹកចេញ។ វាមានសុវត្ថិភាព១០០ភាគរយ អាចជួយលុបបំបាត់ភាពស្រអាប់ និងជួយកម្ចាត់កោសិកាស្បែកចាស់ៗដែលងាប់ៗបានយ៉ាងងាយ។ វាក៏អាចជួយឱ្យបបូរមាត់មានសំណើម និងជួយថែបំប៉នបបូរមាត់កុំឱ្យប្រេះបានទៀតផង។ 

២) ធ្វើជាម៉ាសបិទបបូរមាត់៖ ក្រោយពីធ្វើជា Scrub ដុសបបូរមាត់ហើយ យើងក៏នៅអាចធ្វើម៉ាសបិទបបូរមាត់បានថែមទៀត ដើម្បីទទួលបាននូវភាពស្រស់ស្អាតដោយប្រើវិធីងាយៗទាំងនេះជាមួយនឹងគ្រឿងផ្សំ ២ យ៉ាងប៉ុណ្ណោះគឺ៖

-ទឹកឃ្មុំសុទ្ធល្អ ១ ស្លាបព្រាបាយ

-ប្រេងដូង ឬប្រេងអូលីវ ១ ស្លាបព្រាកាហ្វេ។

វិធីប្រើគឺ៖ ផ្សំគ្រឿងផ្សំទាំង២មុខបញ្ចូលគ្នា ហើយយកមកលាបនៅលើបបូរមាត់ ទុកចោលប្រមាណ ៥ នាទី សឹមលាងចេញ។ ដោយទឹកឃ្មុំនឹងជួយធ្វើឱ្យបបូរមាត់មានសំណើម ចំណែកឯប្រេងដូង ឬប្រេងអូលីវវិញ ក៏នឹងជួយធ្វើឱ្យបបូរមាត់ទន់រលោងស្អាតបានយ៉ាងល្អ។

ទន្ទឹមនឹងនេះក៏អាចប្រើរូបមន្តមួយទៀតបាន ដោយគ្រាន់តែប្រើទឹកឃ្មុំ១ស្លាបព្រាកាហ្វេ ផ្សំជាមួយនឹងទឹកផ្លែទទឹម ១/២ ស្លាបព្រាកាហ្វេ។ យករបស់ទាំងពីរមកលាយបញ្ចូលគ្នាហើយយកមកលាបមាត់ទុកចោល១៥នាទីចាំលាងចេញ។ ធ្វើដូច្នេះទឹកផ្លែទទឹម ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមអាចជួយថែបំប៉នបបូរមាត់ឱ្យស្រស់ស្អាតឡើង។

អាចជួយថែរបំប៉នបបូរមាត់ឱ្យស្រស់ស្អាតឡើងទ្វេដង

៣) ធ្វើក្រែមលាបថែបំប៉នបបូរមាត់៖ អ្នកក៏អាចថែរក្សាបបូរមាត់ខ្លួនឱ្យស្រស់ស្អាតបានយ៉ាងងាយស្រួល ដោយគ្រាន់តែប្រើគ្រឿងផ្សំធម្មជាតិ និងសម្ភារៈប៉ុន្មានមុខនេះដូចខាងក្រោម៖

-ក្រមួនឃ្មុំ១ស្លាបព្រាកាហ្វេ

-ប្រេងដូង ២ ស្លាបព្រាកាហ្វេ

-ប្រេងក្រអូប១-២ដំណក់។

វិធីប្រើគឺ៖ ដាក់ក្រមួនឃ្មុំនៅក្នុងពែងនៅលើភ្លើង ហើយដាក់ប្រេងដូងលាយចូលទៅក្នុង និងបន្តក់ប្រេងក្រអូប។ បន្ទាប់មកយកទៅចាក់ទុកនៅក្នុងក្រឡ ឬកំប៉ុងស្អាតមួយដែលបានត្រៀមទុក សឹមយកទៅដាក់ត្រាំទុកនៅក្នុងទូទឹកកក ៥ នាទី។ តែប៉ុណ្ណេះវានឹងឡើងរឹងហើយអាចប្រើជាក្រែមលាបបបូរមាត់បានយ៉ាងងាយ។ ដូចនេះសារធាតុនៅក្នុងនោះ វាក៏អាចជួយទៅចិញ្ចឹមបបូរមាត់បានយ៉ាងល្អ។ គួរលាបជាទៀងទាត់រៀងរាល់យប់មុនពេលចូលគេង ហើយពេលក្រោកមកពេលព្រលឹមនឹងឃើញបបូរមាត់របស់អ្នកមាន ពណ៌ផ្កាឈូកស្អាតគួរឱ្យចង់ថើបជាក់ជាមិនខាន។

ត្រឹមប៉ុណ្ណេះនារីៗយើងក៏អាចទទួលបាននូវបបូរមាត់ទន់រលោង ដោយធម្មជាតិ មិនចាំបាច់ចំណាយប្រាក់ច្រើនដើម្បីទិញផលិតផងគីមី ប៉ះពាល់ដល់សុខភាពទៀតឡើយ៕ 


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម