ថ្លៃ​សណ្ឋាគារ និង​ផ្ទះសំណាក់​ឡើងខ្ពស់ កប់ពពក​នៅ ​ក្រុង​សៀមរាប

 
 

ខេត្តសៀមរាប ៖ បើតាមការឲ្យដឹងពី មគ្គទេសក៍ទេសចរណ៍ និងភ្ញៀវទេសចរដែលទៅកម្សាន្ត និង ទស្សនាប្រាង្គប្រាសាទ នៅតំបន់ ទេសចរណ៍ ខេត្តសៀមរាប បាននាំគ្នាប្រាប់ និងត្អូញត្អែរថា តម្លៃសណ្ឋាគារ និងផ្ទះសំណាក់នៅ ក្នុងតំបន់ទេសចរណ៍ មួយនេះ កំពុងហក់ ឡើងទ្វេរគុណ គួរឲ្យកត់សម្គាល់ ខណៈដែលមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរ ហាក់ដូចជាព្រងើយ កន្តើយចំពោះករណីនេះ ។

តម្លៃ សណ្ឋាគារ និងផ្ទះសំណាក់ ដែលបានឡើងថ្លៃ គឺចាប់តាំងពីដើមឆ្នាំ២០១៥មកម្ល៉េះ បន្ទាប់ពីមាន កម្មវិធីបុណ្យជាច្រើន ទើបក្រុមម្ចាស់ សណ្ឋាគារនិង ផ្ទះសំណាក់ទាំងនោះ ឆ្លៀតឱកាសប្រមូល យកលុយ បានយ៉ាងច្រើន សន្ធឹកសន្ធាប់ និងគ្មានអាជ្ញាធរ ពាក់ព័ន្ធណាមួយ ចាត់ វិធានការគ្រប់គ្រង តម្លៃឲ្យបាន ត្រឹមត្រូវនោះទេ ។

ភ្ញៀវទេសចរម្នាក់មកពីរាជធានីភ្នំពេញ បានត្អូញត្អែរថា ឲ្យតែជិតដល់ថ្ងៃបុណ្យទានម្តងៗ លោកតែងតែនាំ ក្រុមគ្រួសារមកកម្សាន្ត នៅក្នុង ខេត្តសៀមរាប ហើយជាទូទៅតម្លៃ សណ្ឋាគារតែងតែ ឡើងចុះស្រេចតែចិត្ត ។ លោកបន្តថា បន្ទប់សណ្ឋាគារជា ធម្មតាគាត់ធ្លាប់ គេង១យប់ តម្លៃតែ២០ទៅ២៥ ដុល្លារ ប៉ុន្តែដល់ថ្ងៃជិត បុណ្យទាននេះ ឡើងរហូតដល់ ៤០ទៅ៥០ ដុល្លារក្នុង១យប់ ។ ចំណែកមគ្គុទេសក៍ទេសចរណ៍ ម្នាក់ ផ្សេងទៀតបានប្រាប់ថា ពិតជាមានការដំឡើង ថ្លៃបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ ក្នុងតំបន់ទេសចរណ៍ សៀមរាបនេះមែន ព្រោះម្ចាស់ សណ្ឋាគារ ដឹងច្បាស់ថា នៅថ្ងៃខាងមុខនេះ នឹងមានការរៀបចំ ពិធីបុណ្យដ៏ធំ មួយនៅក្នុង ខេត្តសៀមរាប ប៉ុន្តែអ្វីដែលគួរឲ្យ កត់ សម្គាល់ នោះ អាជ្ញាធរពាក់ព័ន្ធ មិនបានគ្រប់គ្រង តម្លៃឲ្យបានថេរនោះទេ ពោលគឺម្ចាស់ សណ្ឋាគារ និងផ្ទះសំណាក់ ទាំងនោះ ដំឡើងថ្លៃ ស្រេចតែចិត្ត ។

ទាក់ទិនករណីនេះ លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប និងលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរ ទេសចរណ៍ខេត្ត មិនអាចទាក់ទង សុំ ការ បំភ្លឺករណីខាងលើបានទេ ដោយសារទូរស័ព្ទរបស់លោកហៅចូល តែគ្មានអ្នកលើក ។

ទោះបីយ៉ាងណា ប្រភពព័ត៌មានមួយ បានទម្លាយឲ្យដឹងថា អាជ្ញាធរពាក់ព័ន្ធមួយចំនួន គឺឲ្យតែជិតដល់ រដូវបុណ្យទានម្តងៗ គេតែងឃើញ ទៅសុំលុយពី ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ជាប្រចាំ ដើម្បីរៀបចំកម្មវិធីជប់លៀង អាស្រ័យហេតុនេះហើយ ទើបធ្វើឲ្យម្ចាស់ សណ្ឋាគារ និងផ្ទះសំណាក់ទាំងនោះ ចេះតែហ៊ានដំឡើង ថ្លៃស្រេចតែអំពើចិត្ត ហើយស្ថាប័នពាក់ព័ន្ធ ទាំងនោះ ក៏មិនហ៊ាន ទៅសួរនាំដែរ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម