ក្រោយ​​បាន​តំណែង​តួឯក នីកូ​ រំពឹង​ប្រជាប្រិយភាព​ឡើង​ខ្ពស់​វិញ!

 
 

ក្រោយ​​បាន​តំណែង​តួឯក​ក្នុង​​​រឿង “សង្សារ​ខ្មោច” ក្នុង​ផលិតកម្ម​សាន់ដេ​ ដោយ​សម្ដែង​រួម​គ្នា​នឹង​កញ្ញា សុខ ពិសី​លោក នីកូ​​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ ហើយ​រំពឹង​ខ្ពស់​ថា​ប្រជាប្រិយភាព​ខ្លួន​នឹង​ងើប​​ខ្លាំង​ឡើង​វិញ។ មាន​ចំណុច​សំខាន់ៗ​​អ្វី​ខ្លះ​ធ្វើ​ឱ្យ​លោក នីកូ លើក​ឡើង​ដូច្នេះ?

ខាង​ក្រោម​នេះ​គឺ​ជា​បទ​សម្ភាសន៍​រវាង​ Sabay និង​ លោក នីកូ​ ជុំ​វិញ​ការ​​ក្លាយ​ជា​តួឯក​​លើក​ដំបូង​នៅ​ Sunday ក៏​ដូច​ជា​ការ​រំពឹង​សំឡេង​គាំទ្រ​ពី​ទស្សនិកជន​ចំពោះ​ខ្សែ​ភាពយន្ត​ខាង​លើ។

នីកូ និង​ សុខ ពិសី ក្នុង​ពិធី​ក្រុង​ពាលី​រឿង”សង្សារ​ខ្មោច” កាល​ពី​សប្ដាហ៍​មុន

Sabay៖ តើ​ នីកូ​រំពឹង​​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​បែប​ណា​ ពី​ការ​សម្ដែង​តួឯក​រួម​នឹង​កញ្ញា សុខ ពិសី?

នីកូ៖ តាម​រយៈ​ការ​រៀប​ចំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​​អ្នក​គ្រប់គ្រង​​ និង​ អ្នក​ដឹក​នាំ​ទាំង​អស់​នៅ​ក្នុង​ផលិតកម្ម សាន់ដេ​ខ្ញុំ​គិត​ថា​​ខ្សែ​ភាពយន្ត “សង្សារ​ខ្មោច” នេះ​ នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​​ប្រិយមិត្ត និង​មិត្តៗ​យុវវ័យ​ពេល​ដាក់​បញ្ចាំង។

ម្យ៉ាង​ទៀត​អ្វី​ធ្វើ​ឱ្យ​ខ្ញុំ​រំពឹង​កាន់​តែ​ខ្លាំង​គឺ​ការ​ចូល​រួម​សម្ដែង​គ្រប់​តារា​ទាំង​អស់​គ្នា​ផលិតកម្ម លើកលែង​តែ​លោក ខេមរៈ សិរីមន្ត និង​លោក ឆាយ វីរៈយុទ្ធ។ ទាំង​ខ្ញុំ ក៏​ដូច​ជា​កញ្ញា សុខ ពិសី នឹង​ប្រឹង​សម្ដែង​ឱ្យ​អស់​ពី​សមត្ថភាព​​ទោះ​ជា​មាន​ការ​លំបាក​បែប​ណា​ក៏​ដោយ​ដើម្បី​ឱ្យ​ខ្សែ​ភាពយន្ត​ដំបូង​របស់​ខ្ញុំ​ចេញ​ទៅ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ប្រិយមិត្ត។

Sabay៖ តើ​ នីកូ​គិត​ថា​ចំណុច​ត្រង់​ណា​ខ្លះ​ធ្វើ​ឱ្យ​ផលិតកម្ម​សាន់ដេ ជ្រើសរើស​លោក​ឱ្យ​សម្ដែង​ជា​តួឯក​ក្នុង​ខ្សែ​ភាពយន្ត​នេះ?

នីកូ៖ តាម​ពិត​ខ្សែ​ភាពយន្ត​នេះ ខាង​ផលិតកម្ម​សាន់ដេ​បាន​ទាក់ទង​ខ្ញុំ តាំង​​ពី​ខ្ញុំ​ចូល​មក​លើក​ដំបូង​ម្ល៉េះ។ នេះ​ជា​ការ​ផ្ដល់​ឱកាស​សម្រាប់​ខ្ញុំ​ ទោះ​ជា​ការ​សម្ដែង​នៅ​មាន​កម្រិត​ក្ដី​តែ​ខ្ញុំ​នឹង​ធ្វើ​វា​ឱ្យ​បាប​ល្អ​។ ខ្ញុំ​មិន​សូវ​ដឹង​ច្បាស់​ទេ​ចំពោះ​ការ​ជ្រើសរើស​ខ្ញុំ​​រួម​នឹង​កញ្ញា សុខ ពិសី​ឱ្យ​សម្ដែង​ជា​តួ​ឯក​នេះ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ប្រហែល​ជា​ម្ចាស់​ផលិតកម្ម ក៏​ដូច​ជា​អ្នក​ដឹក​នាំ​មើល​ឃើញ​ពី​ចំណុច​ល្អ​អ្វី​មួយ​របស់​ខ្ញុំ ទើប​គាត់​ជ្រើសរើស​ខ្ញុំ​ឱ្យ​សម្ដែង​ជា​តួឯក​ក្នុង​រឿង”សង្សារ​ខ្មោច”។

Sabay៖ នីកូ​ ធ្លាប់​ជា​អ្នក​ផលិត​ និង​ដឹក​នាំ​កម្មវិធី​មួយ​រូប​​ដែរ​នា​ពេល​កន្លង​មក តើ​សមិទ្ធផល​សាច់​រឿង​នេះ​​មាន​ការ​ចូល​រួម​ពី​លោក​ដែរ​ឬ​យ៉ាង​ណា?

នីកូ៖ ទាំង​ការ​ដឹង​នាំ​សម្ដែង រួម​ទាំង​ការ​និពន្ធ​ក្រុមហ៊ុន​ជា​អ្នក​រៀប​ចំ​ទាំង​អស់ ក៏​ប៉ុន្តែ​យើង​មាន​ការ​ពិភាក្សា​គ្នា​ច្រើន​មុន​នឹង​ខ្សែ​ភាពយន្ត​នេះ​លេចចេញ​ជា​រូបរាង​ឡើង។ ប្រការ​​ធ្វើ​បែប​នេះ​ដើម្បី​ឱ្យ​សាច់​រឿង​ទាំង​មូល​ចេញ​ទៅ​ទទួល​ការ​ចាប់​អារម្មណ៍​ពី​មហាជន។

Sabay៖ តើ​អ្វី​ជា​ឧបសគ្គ​ចម្បង​របស់ នីកូ​ក្នុង​ការ​សម្ដែង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​លើក​ដំបូង​នេះ?

នីកូ៖ ខ្ញុំ​​បាន​អាន​សាច់​រឿង​ទាំង​អស់​រួច​ហើយ ឃើញ​ថា​មិន​មាន​អ្វី​ជា​​ឧបសគ្គ​ខ្លាំង​ចំពោះ​ខ្ញុំ​ទេ ព្រោះ​អី​ខ្ញុំ​ធ្លាប់​សម្ដែង​ខារ៉ាអូខេ​ជា​ហូរហែ​មក​ហើយ ជា​ពិសេស​​ឈុត​កម្សត់​តែ​ម្ដង គឺ​ជា​ជំនាញ​របស់​ខ្ញុំ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ការ​លំបាក​របស់​ខ្ញុំ​មួយ​នឹង​កើត​កើត​ឡើង ដោយសារ​តែ​ខ្សែ​ភាពយន្ត​នេះ​តម្រូវ​ឱ្យ​ថត​ពេល​យប់ ក្នុង​ព្រៃ​ជ្រៅ​ជា​ដើម។ ទាំង​នេះ​ខ្ញុំ​គិត​ថា​ជា​កត្តា​តូច​មួយ​ប៉ុណ្ណោះ​ ខ្ញុំ​នឹង​ប្រើ​បទ​ពិសោធន៍​ធ្លាប់​មាន​កន្លង​មក​ដើម្បី​ឱ្យ​ការ​សម្ដែង​ជា​ទី​ចាប់​អារម្មណ៍​ពី​ប្រិយមិត្ត។

Sabay៖ តើ​ពី​មុន​មក​ នីកូ​ធ្លាប់​សម្ដែង​រួម​គ្នា​នឹង​កញ្ញា សុខ ពិសី​ដែរ​ឬ​ទេ ហើយ​ថា​ តើ​ការ​សម្ដែង​រួម​នឹង​នេះ​នឹង​សង្ឃឹម​ទទួល​បាន​​សំឡេង​គាំទ្រ​ពី​ទស្សនិកជន​ប៉ុន្មាន​ភាគរយ​ដែរ?

​នីកូ៖ តាំង​ពី​ចូល​ផលិតកម្ម​សាន់ដេ​មក​ ខ្ញុំ​ធ្លាប់​សម្ដែង​ខារ៉ាអូខេ​ច្រើន​បទ​មក​ហើយ​​ជា​មួយ​កញ្ញា សុខ ពិសី ប៉ុន្តែ​ការ​សម្ដែង​រឿង​ទើប​លើក​ដំបូង​នេះ​ទេ។ តាម​រយៈ​បទ​ពិសោធន៍​សម្ដែង​រួម​គ្នា​កន្លង​មក​ខ្ញុំ​គិត​ថា​ការ​សម្ដែង​របស់​ពួក​យើង​នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​សំណាក់​មិត្តៗ​យុវវ័យ។

Sabay៖ តើ​ នីកូ​គិត​ថា​ការ​ក្លាយ​ជា​តួឯក​នេះ​នឹង​ធ្វើ​ឱ្យ​តារា​ផ្សេង​ទៀត​អាក់អន់ស្រពន់ចិត្ត​ទេ​ឬ ខណៈ​លោក​ទើបតែ​បោះ​ជំហាន​ចូល​មួយ​រយៈ​ខ្លី​ទទួល​តំណែង​តួឯក​ភ្លាម ដោយ​ឡែក​តារា​ផ្សេង​ទៀត​ចូល​យូរ​ហើយ​តែ​មិន​មាន​ឱកាស​ក្លាយ​ជា​តួឯក?

នីកូ៖ រឿង​ហ្នឹង​ទាល់តែ​បង​ទៅ​សួរ​ខាង​ផលិតកម្ម​បាន​ច្បាស់ ខ្ញុំ​មិន​ដឹង​ទេ ព្រោះ​អី​ផលិតកម្ម​កាត់​រៀប​ចំ​ឱ្យ​ខ្ញុំ​សម្ដែង ខ្ញុំ​ដឹង​តែ​សម្ដែង។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​​មុន​នឹង​ផ្ដល់​តំណែង​ដល់​តារា​ណា​ម្នាក់​ឱ្យ​ធ្វើ​ជា​ឯក​គេ​សិក្សា​មើល​ច្បាស់លាស់​ណាស់ ព្រោះ​គេ​ខ្លាច​រឿង​របស់​គេ​ចេញ​ទៅ​មិន​មាន​អ្នក​គាំទ្រ។

ការ​រំពឹង​ថា​នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន​ពី​សំណាក់​តារា​ចម្រៀង​វ័យ​ក្មេង​លោក នីកូ​ ក្នុង​ការ​ទទួល​តំណែង​តួឯក​លើក​ដំបូង​នៅ​សាន់ដេ គឺ​កើត​ឡើង​បន្ទាប់​ពី​តារា​ចម្រៀង​រូប​នេះ​មិន​ទាន់​មាន​បទ​ចម្រៀង​មួយ​ណា​ធ្វើ​ឱ្យ​មិត្ត​យុវវ័យ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ឡើយ​ទេ​ចាប់​តាំង​ពី​ឈាន​ជើង​ចូល​ផលិតកម្ម​នេះ។ យ៉ាង​ណា​ក៏​ដោយ​តារា​សម្ដែង​ទាំង​អស់​ក្នុង​ខ្សែ​ភាពយន្ត​ខាង​លើ រួម​ទាំង​ម្ចាស់​ផលិតកម្ម​ផង​សុទ្ធតែ​រំពឹង​ខ្ពស់​ថា​នឹង​ជោគជ័យ​ពេល​​រឿង”សង្សារ​ខ្មោច” ដាក់​បញ្ចាំង​តាម​រោង​ភាពយន្ត។

នៅ​ក្នុង​ខ្សែ​ភាពយន្ត “សង្សារ​ខ្មោច” លោក នីកូ​សម្ដែង​ជា​តួអង្គ​និស្សិត​កាច់កុង​ជា​មួយ​នឹង​កញ្ញា សុខ ពិសី ដែល​ជា​តួឯក​ស្រី។ ខ្សែ​ភាពយន្ត​ខ្នាត​ធំ​ទី៥​របស់​ផលិតកម្ម​សាន់ដេ​នេះ​នឹង​ដាក់​បញ្ចាំង​ជូន​ទស្សនិកជន​ទស្សនា​នា​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាង​មុខ៕

ប្រភព   Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម