ជំហាន​ឈាន​ឡើង ឌុច លីដា ចាប់​គូ​ជាមួយ​តារា​ប្រុស​សិង្ហបុរី

 
 

តារា​សម្ដែង​ស្រី​មាន​ប្រជាប្រិយ​ភាព​របស់​កម្ពុជា​កញ្ញា ឌុច លីដា ត្រូវ​បាន​ចាប់​គូ​ឲ្យ​ជួប​ជាមួយ​តារា​សម្ដែង​ប្រុស​របស់​ប្រទេស​សិង្ហបុរី​ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​ទាំង​នៅ​ប្រទេស​ដើម​របស់​លោក និង​នៅ​កម្ពុជា គឺ​លោក Elvin NG។

ពួក​គេ​ទាំង​ពីរ​នេះ បាន​ជួប​គ្នា​ជា​លើក​ដំបូង​ក្នុង​ភាពយន្ត​ភាគ​ខ្នាត​ខ្លី​រឿង “ដំរី​មរកត” ដែល​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​សំខាន់​ៗ​៣ គឺ​ស្ថានីយ​ទូរទស្សន៍ CTN ផលិតកម្ម​ខ្មែរ​មេគង្គ(KMF) និង​ក្រុម​ហ៊ុន MEDIACORP របស់​ប្រទេស​សិង្ហ​បុរី។ រឿង​នេះ ត្រូវ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ម្សិលមិញ​នេះ នៅ​ស្ថានីយ​ទូរទស្សន៍ CTN ផ្ទាល់​តែ​ម្ដង។

លោក Ieng Kimsreng  អគ្គ​នាយក​រង​របស់ CBS បាន​មាន​ប្រសាសន៍​ថា លោក​មាន​សេចក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង ដែល​បាន​បោះ​ជំហាន​ទៅ​សហការ​ផលិត​ខ្សែ​ភាពយន្ត​នេះ ដែល​បាន​ធ្វើ​ឲ្យ​តារា​ភាពយន្ត​ក្នុង​ស្រុក​មាន​ឱកាស​ចាប់​គូ​សម្ដែង​ជាមួយ​តារា​សម្ដែង​បរទេស​ជា​លើក​ទី​១។ លោក បន្ថែម​ថា មួយ​ផ្នែក​គឺ​ CTN ចង់​ផ្តល់​ឲ្យ​ទស្សនិកជន​នូវ​អ្វី​ប្លែក ថ្មី ហើយ​មួយ​ផ្នែក​ទៀត គឺ​បើក​ឱកាស​ឈាន​ទៅ​ផ្លាស់​ប្តូរ​ផលិតផល​ភាពយន្ត​នៃ​ប្រទេស​ទាំង​ពីរ​ផង។

អគ្គនាយក CBS(Cambodia Broadcasting Service) លោក Bernard  Anthony ក៏​បាន​បន្ថែម​ថា នា​ពេល​បច្ចុប្បន្ន​ទូរទស្សន៍​ក្នុង​ស្រុក​ក៏​មាន​ច្រើន ដូច្នេះ​ការ​ប្រកួត​ប្រជែង​ក៏​ច្រើន​ដែរ អីចឹង​ហើយ​ស្ថាប័ន​របស់​លោក តែង​តែ​ធ្វើ​អ្វី​ៗ​ថ្មី និង​តម្រូវ​ទៅ​តាម​ទីផ្សារ។ លោក ថា “ដំរី​មរកត” គឺ​របស់​ថ្មី​មួយ ខណៈ​តារា​សម្ដែង​ល្បី​ឈ្មោះ​របស់​កម្ពុជា កញ្ញា ឌុច លីដា និង​លោក Elvin NG សុទ្ធ​តែ​ជា​តារា​កំពុង​ទទួល​បាន​ការ​គាំទ្រ ដូច្នេះ​ហើយ ការ​ចាប់​គូ​ឲ្យ​ពួក​គេ​ជួប​សម្ដែង​ជាមួយ​គ្នា គឺ​ជា​រឿង​ចាំ​បាច់។

វិល​មក​លោក Mathaw Robinson ចាងហ្វាង​ផលិតកម្ម ខ្មែរ​មេគង្គ​វិញ បាន​អះអាង​ថា “ដំរី​មរកត” គឺ​កើត​ចេញ​ពី​គំនិត​ច្នៃ​ប្រឌិត​ដើម​ទាំង​ស្រុង ដោយ​មិន​មាន​ចំណែក​ណា​មួយ​ត្រូវ​ត្រាប់​តាម​រឿង “Tomb Raider” ទេ ហើយ​វា​បង្ហាញ​ឲ្យ​ឃើញ​ពី​ជំនាញ​ពិត​ប្រាកដ​របស់​តួ​សម្ដែង​ខ្មែរ និង​សិង្ហ​បុរី និង​ក្រុម​ជំនាញ​បច្ចេកទេស​របស់​កម្ពុជា។

យ៉ាង​ណា​លោក សុំ​មិន​អធិប្បាយ​ពី​ខ្លឹមសារ​នៃ​សាច់​រឿង​នោះ​ទេ ដោយ​លោក​ស្នើ​ឲ្យ​រង់ចាំ​ទស្សនា​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ។

មិន​ត្រឹម​តែ​ជា​លើក​ដំបូង​ក្នុង​វិស័យ​ភាពយន្ត​របស់​ខ្មែរ​ដែល​តារា​សម្ដែង​ក្នុង​ស្រុក បាន​ជួប​សម្ដែង​ជាមួយ​តារា​ប្រុស​មក​ពី​ប្រទេស​សិង្ហ​បុរី ប៉ុន្តែ​សូម្បី​សាមី​តួ​សម្ដែង​ក៏​លើក​ដំបូង​ដូច​គ្នា​ដែរ​ក្នុង​ការ​សម្ដែង​ជាមួយ​ដៃគូ​បរទេស។

កញ្ញា ឌុច លីដា ដែល​សម្ដែង​ជា​តួ​នាង “ម៉ាលី” បាន​បញ្ចេញ​ឲ្យ​ដឹង​ថា កញ្ញា រីករាយ​មែន​ទែន​ចំពោះ​ឱកាស​លើក​នេះ ក្នុង​នោះ​កន្លង​មក ធ្លាប់​តែ​ឃើញ​លោក Elvin NG ក្នុង​ខ្សែ​ភាពយន្ត ប៉ុន្តែ​ពេល​នេះ កញ្ញា មាន​ឱកាស​បាន​សម្ដែង​ភាពយន្ត​ជាមួយ គឺ​កញ្ញា​រីករាយ​មែន​ទែន។


តួ​ប្រុស​រូប​សង្ហា​លោក Elvin NG ក៏​ដូច​គ្នា លោក​បញ្ជាក់​ថា លោក​រីករាយ​ចំពោះ​ឱកាស​សម្ដែង​រឿង​ជាមួយ​តារា​កម្ពុជា​លើក​ទី​១​នេះ។ ឆ្លើយ​តប​នឹង​អ្នក​សារព័ត៌មាន លោក Elvin ថ្លែង​ថា កញ្ញា ឌុច លីដា ស្អាត ជា​តារា​សម្ដែង​មាន​ទេពកោសល្យ​ម្នាក់។

“ដំរី​មរកត” បាន និង​កំពុង​ដំណើរ​ការ​ថត តាម​គ្រោង​អាច​នឹង​ចប់​ក្នុង​រង្វង់​ខែ​កក្កដា​ខាង​មុខ។ រឿង​នេះ នឹង​ត្រូវ​នៅ​ខេត្ត​សៀមរាប ខេត្ត​កំពង់​ធំ​របស់​កម្ពុជា និង​ឆ្ពោះ​ទៅ​ថត​នៅ​ប្រទេស​សិង្ហបុរី​ទៀត។ លោក Ieng Kimsreng បញ្ជាក់​ថា បន្ទាប់​ពី​ថត​ចប់ “ដំរី​មរកត” នឹង​ដាក់​បញ្ចាំង​នៅ​កម្ពុជា​ផង និង​នៅ​សិង្ហបុរី​ផង៕

ប្រភព  Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម