{Update} អ្នកដំណើរ លើយន្តហោះ របស់ឥណ្ឌូនេស៊ី គឺបានស្លាប់ បាត់បង់ជីវិត ទាំងអស់

 
 

ឥណ្ឌូនេស៊ី៖ ទីបំផុតវាសនារបស់មនុស្ស ដែលស្ថិតនៅលើ យន្តហោះប្រភេទ ATR42-300 របស់ក្រុមហ៊ុន អាកាសចរណ៍ នៃប្រទេសឥណ្ឌូនេស៊ី ដែលបានបាត់ខ្លួន កាលពី២ថ្ងៃមុននោះ ត្រូវបានក្រុមអាជ្ញាធរ ប្រកាសថា បានស្លាប់បាត់បង់ជីវិត ទាំងអស់ហើយ។

យោងតាមប្រភពព័ត៌មាន ដែលបានដកស្រង់សម្តី របស់លោក Bambang Soelistyo ប្រធានក្រុមភ្នាក់ងារ រុករក និងជួយសង្រ្គោះ របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា មកទល់នឹងពេលនេះ ក្រុមអាជ្ញាធរ បានរកឃើញ សាកសពមនុស្ស ចំនួន៥៣នាក់ នៅឯទីកន្លែង ដែលយន្តហោះ ប្រភេទ ATR42-300 របស់ក្រុមហ៊ុន អាកាសចរណ៍ Trigina បានធ្លាក់ នៅក្នុងតំបន់ដាច់ស្រយាលមួយ ដែលស្ថិតនៅ ភាគខាងកើត នៃកោះ Papua របស់ប្រទេស ឥណ្ឌូនេស៊ី។


រូបភាពដែលថតបាន នៅត្រង់ចំណុចដែលយន្តហោះ ATR42-300 បានធ្លាក់

ក្រុមអាជ្ញាធរ ក៏បានបញ្ជាក់ទៀតថា មានសាកសពមនុស្ស តែ ៥៣នាក់ប៉ុណ្ណោះ នៅក្នុងចំណោម មនុស្ស ៥៤នាក់ ដែលស្ថិតនៅលើយន្តហោះ ត្រូវបានគេរកឃើញ។ យ៉ាងណាមិញ នៅសល់ទារកម្នាក់ ដែលមិនទាន់ត្រូវបាន គេប្រទះឃើញនៅឡើយ តែគេជឿថា ទារកម្នាក់នោះ ក៏បានស្លាប់ទៅហើយដែរ។

បន្ថែមពីនេះទៀត លោក Bambang Soelistyo ក៏បានបញ្ជាក់ថា “យន្តហោះត្រូវបាន ខូចខាតទាំងស្រុង រីឯសាកសព ជនរងគ្រោះ ត្រូវបានឆេះខ្លោចខ្ទេច ជាហេតុនាំឲ្យ មានការពិបាក ក្នុងការកំណត់នូវ អត្តសញ្ញាណនៃសព ទាំងនោះ”។

គួររំលឹកផងដែរថា យន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុន អាកាសចរណ៍ Trigana Air flight របស់ប្រទេសឥណ្ឌូនេស៊ី បានបាត់ការទាក់ទង កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង ២ និង ៥៥នាទីរសៀល (ម៉ោងក្នុងស្រុក) ក្នុងគោលដៅ ចេញពីព្រលាន Jayapura ទៅកាន់ព្រលាន Oksibil។

បើផ្អែកលើរបាយការណ៍ចុងក្រោយ បានឲ្យដឹងថា បញ្ហាអាកាសធាតុអាក្រក់ គឺជាមូលហេតុដ៏ចំបង ដែលនាំឲ្យ មានករណីមួយនេះ កើតឡើង ហើយក្រុមអ្នកជំនាញ ក៏បានសន្មត់ថា យន្តហោះ ATR42-300 អាចនឹងហោះបុកភ្នំ មុនពេលដែលវាធ្លាក់ ជាហេតុនាំឲ្យ គ្មានមនុស្សណាម្នាក់ អាចគេចផុត ពីសេចក្តីស្លាប់បាន។

គួរបញ្ជាក់ផងដែរថា ជុំវិញករណីនេះ មនុស្សជាច្រើន បាននាំគ្នា សម្តែងនូវការសោកស្តាយ ជាពន់ពេក និងបានចូលរួម រំលែកទុក្ខ ដល់ក្រុមគ្រួសារ ក៏ដូចជាសាច់ញាតិ នៃជនរងគ្រោះ ដែលបានស្លាប់ បាត់បង់ជីវិត ដោយសារហេតុការណ៍ ដ៏អាក្រក់មួយនេះ៕

ទិដ្ឋភាពជារួម ពាក់ព័ន្ធនឹងហេតុការណ៍ ធ្លាក់យន្តហោះរបស់ ឥណ្ឌូនេស៊ីមួយនេះ៖











ប្រភព៖ ដេលីម៉េល | Ibtimes

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម