តុលាការកោះហៅ ប៉ែន ចំរ៉ុង ឲ្យចូល​បំភ្លឺ​តាម​បណ្តឹង លោក អ៊ិន សុភិន ទាំងគ្មាន​ដីកា​អ្វី​ទាំងអស់

 
 

ភ្នំពេញ៖ សំណុំរឿងដ៏ចម្រូងចម្រាស់ ពាក់ព័ន្ធទៅនឹងការបាត់ខ្លួន របស់តារាសម្តែង ភិន សុដាលិស ដែលឪពុករបស់នាងបានចោទប្រកាន់ ទៅលើតារាសម្តែង លោក ប៉ែន ចំរ៉ុង ថាបានជាប់ពាក់ព័ន្ធក្នុងរឿងនេះ គឺឈានទៅដល់ ដំណាក់កាល តុលាការកោះហៅ លោក ប៉ែន ចំរ៉ុង ទៅសាកសួរតាមបណ្តឹងរបស់ លោក អ៊ិន សុភិន ប៉ុន្តែអ្វីដែលខុសប្លែក និងគួរឲ្យចាប់អារម្មណ៍នោះ គឺការកោះហៅនេះ ពុំមានដីកាត្រឹមត្រូវ តាមនិតិវិធីច្បាប់ ដែលតុលាការធ្លាប់អនុវត្តនា ពេលកន្លងមកនោះទេ ពោលគឺមន្ត្រីតុលាការ បានខលទូរស័ព្ទ ទៅកាន់ភាគី លោក ប៉ែន ចំរ៉ុង ឲ្យចូលបំភ្លឺឆៅៗតែម្តង។

ជាការពិតរឿងរ៉ាវផ្ទុះឡើងដ៏រសើប ជុំវិញការទំនាក់ទំនង ដែលលោក អ៊ិន សុភិន ឪពុករបស់ ភិន សុដាលីស បានចោទប្រកាន់ថា ជាទំនាក់ទំនង ក្នុងផ្លូវមិនល្អ រវាង ដាលីស និង លោក ប៉ែន ចំរ៉ុង បានក្លាយទៅជាសំណុំរឿងមួយ ចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជន ហើយគេក៏កំពុងតែ រង់ចាំមើលថា តើដំណោះស្រាយ ក្នុងរឿងដ៏ប្រទាញប្រទង់គ្នានេះ នឹងរកច្រកចេញ ដោយរបៀបណា ខណៈដែលថ្មីៗកន្លងមក កញ្ញា ភិន សុដាលីស បានចេញមុខបកស្រាយ តាមរយៈវីដេអូឃ្លីប ប្រមាណជាង១០នាទី ដើម្បីទទូចឲ្យឪពុករបស់ខ្លួន ឈប់ប្រព្រឹត្តិទង្វើ ប៉ះពាល់ដល់អ្នកដទៃ ព្រោះអ្វីដែលនាងសម្រេចចិត្ត ចាកចេញពីផ្ទះ គឺពុំមានពាក់ព័ន្ធជាមួយនឹងអ្នកណាម្នាក់ នោះឡើយ។

ប៉ុន្តែទោះបីជា កញ្ញា ភិន សុដាលីស បានទទូចដល់ឪពុករបស់ខ្លួន ឲ្យគោរពតាមការ សម្រេចចិត្តរបស់នាងក្តី ប៉ុន្តែពាក្យបណ្តឹងហាក់បានទៅដល់មន្ត្រីតុលាការ រួចទៅហើយ ដែលបានប្តឹងលោក ប៉ែន ចំរ៉ុង ជុំវិញការបាត់ខ្លួនពីផ្ទះរបស់ ដាលីស ហើយមន្ត្រីតុលាការថែមទាំង បានកោះហៅ ទាំងគ្មានដីកា ឲ្យ ចំរ៉ុង ចូលទៅបំភ្លឺនៅ ថ្ងៃទី២ខែកញ្ញា នេះទៀតផង។

លោក ប៉ែន រស់ ដែលត្រូវជាបងប្រុសបង្កើត របស់ ប៉ែន ចំរ៉ុង បានថ្លែងប្រាប់ឲ្យដឹងថា លោកពិតជាទទួលបានដំណឹង ពីការកោះហៅរបស់មន្រ្តីតុលាការ ឲ្យ ប៉ែន ចំរ៉ុង ចូលបំភ្លឺ ជុំវិញបណ្តឹងរបស់ លោក អ៊ិន សុភិន ក្នុងរយៈពេលពីរថ្ងៃនេះពិតមែន ប៉ុន្តែអ្វីដែលលោកមិនអាចឲ្យប៉ែន ចំរ៉ុង ចូលបំភ្លឺបាន ព្រោះតែ ការកោះហៅនោះ គ្រាន់តែខលតាមរយៈទូរស័ព្ទ ពុំបានឃើញដីកា ត្រឹមត្រូវតាមផ្លូវច្បាប់ណាមួយ ដែលលោកនិង ប៉ែន ចំរ៉ុង អាចទទួលយកបាននោះឡើយ។ ម្យ៉ាងទៀតលោក គិតថា រឿងនេះហាក់បីដូចជាលឿនហួសពេល គឺមិនបានធ្វើ ទៅតាមនិតិវិធីច្បាប់ ដែលតុលាការ ធ្លាប់អនុវត្តកន្លងមកនោះឡើយ។

លោក ប៉ែន រស់ បាននិយាយថា «កាលពីម្សិលមិញ ខ្ញុំបានទទួលទូរស័ព្ទ ពីខាងតុលាការ ឲ្យ ប៉ែន ចំរ៉ុង ប្អូនខ្ញុំ ចូលទៅបំភ្លឺ ទាក់ទងនឹងបណ្តឹង របស់លោក អ៊ិន សុភិន រឿងបាត់កូនស្រីរបស់គាត់ តែខ្ញុំប្រាប់វិញថា ខ្ញុំពុំមានពេលគ្រប់គ្រាន់ ដើម្បីឲ្យប្អូនប្រុស ទៅបំភ្លឺទេ ព្រោះការងារសិល្បៈ រវស់ច្រើន ជាប់ថតរាល់ថ្ងៃ។ មួយវិញទៀត ខ្ញុំក៏ឆ្ងល់ដែរថា បើកោះហៅប្អូនខ្ញុំ តាមបណ្តឹងមែន គឺប្រាកដជា មានដីកាមកដល់ដៃខ្ញុំហើយ ប៉ុន្តែនេះគ្មានសោះ ហើយហាក់បីដូចជាលឿនពេក។ ខ្ញុំចង់ឲ្យធ្វើអ្វី តាមច្បាប់ចុះ បើប្អូនខ្ញុំខុសមែន ប្អូនខ្ញុំមិនគេចវេសទេ តែខ្ញុំចង់សួរថា តើការធ្វើបែបនេះ ត្រឹមត្រូវទេ ចំពោះប្អូនប្រុសខ្ញុំ?»។

ទោះបីជាយ៉ាងណា លោក ប៉ែន រស់ បានស្នើឲ្យលោក អ៊ិន សុភិន មុននឹងធ្វើអ្វីមួយ មេត្តាគិតពិចារណា ឲ្យបានវែងឆ្ងាយ កុំធ្វើតាមកំហឹង ព្រោះកូនស្រីរបស់លោក ក៏បានចេញមុខអះអាងហើយថា ពុំមានការពាក់ព័ន្ធ ជាមួយនរណាទាំងអស់ ចំពោះរឿងនាងចេញពីផ្ទះ រយៈពេលប៉ុន្មានថ្ងៃមកនេះ។ លោក ប៉ែន រស់ ដាក់ការសង្ស័យ ទៅលើចំណាត់ការរបស់តុលាការ មកលើប្អូន ប្រុសលោកថា អាចមានអ្វីមិនប្រក្រតី នៅពីក្រោយខ្នង ហើយសំណូមពរឲ្យអ្នកពាក់ព័ន្ធ គ្រប់ជាន់ថ្នាក់ មេត្តាពិនិត្យ ឲ្យបានច្បាស់ឡើងវិញ មុននឹងមានវិធានការណ៍ តាមផ្លូវច្បាប់ ចំពោះប្អូនប្រុសរបស់លោក ព្រោះលោកគិតថា រឿងនេះពុំមានកំហុសឆ្គងអ្វីធ្ងន់ធ្ងរ ដល់ថ្នាក់មានការកោះហៅ ឲ្យចូលខ្លួនដល់តុលាការ នោះឡើយ៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម