ស្ទាវទមិឡ ឥតសាសនា ជិត ១០នាក់ លើកគ្នាទៅ វាយព្រះសង្ឃ ដល់ក្នុងកុដិស្ទើរ សុគត

 
 

តាកែវ៖ ក្រុមស្ទាវទមិឡ ឥតសាសនាប្រចាំភូមិជិត ១០នាក់ លើកគ្នាទៅវាយព្រះសង្ឃ ដល់ក្នុងកុដិ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរស្ទើរតែសុគត សង្ស័យផ្តើមចេញពីគំនុំចាស់ ដែលកើតឡើងពេលមិនទាន់សាងផ្នួស។ ព្រះសង្ឃរងគ្រោះដង្ហោយឲ្យតុលាការផ្តល់យុត្តិធម៌ ដោយផ្តន្ទាទោសជនល្មើសទៅតាមច្បាប់។
អធិការនគរបាលស្រុកត្រាំកក់ លោក យ៉ន់ វណ្ណធី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ នេះថា អំពើហិង្សាឧបាសកស្ទាវចំណុះជើងវត្ត វាយព្រះសង្ឃគង់ក្នុងវត្តបន្ទាយជុំ ក្នុងភូមិត្រពាំងខ្ចៅ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ បានកើតឡើងកាលពីម៉ោងជិត ១០យប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥កន្លងទៅនេះ។

លោក យ៉ន់ វណ្ណធី បានឲ្យដឹងថា អំពើហិង្សានេះ បណ្តាលឲ្យព្រះសង្ឃព្រះនាម នន ផល្លី ព្រះជន្ម ២៥ព្រះវស្សា រងរបួសបែកព្រះកេស បាក់ទន្តា (ធ្មេញ) ពីរដើម និងរងរបួសពេញព្រះកាយទាំងអស់។ បច្ចុប្បន្នកំពុងសឹងព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្រុកត្រាំកក់។
ព្រះតេជគុណ នន ផល្លី បានមានសង្ឃដីកាថា នៅយប់ថ្ងៃកើតហេតុ ពេលព្រះតេជគុណទើបចុះពីទេសនា ចូលទៅសឹងក្នុងកុដិនោះ ស្រាប់តែក្រុមក្មេងស្ទាវស្ថិតនៅក្នុងភូមិប្រមាណជា ១០នាក់ ប៉ុន្តែមានតែ ៦នាក់ប៉ុណ្ណោះ បានចូលទៅវាយព្រះអង្គតែម្តង។
ពាក់ព័ន្ធនិងការវាយនេះ ព្រះតេជគុណ នន ផល្លី ដែលទើបនិងសាងផ្នួសបានប្រមាណ ៥ខែ មិនបានបញ្ជាក់ពីមូលហេតុនោះទេ តែព្រះតេជគុណបានអះអាងថា ក្រុមក្មេងស្ទាវ និង ព្រះអង្គ ធ្លាប់បានប៉ះពារសម្តី និង វាយតប់គ្នា កាលពីព្រះអង្គមិនទាន់សាងផ្នួស។

ព្រះតេជគុណ នន ផល្លី មិនបានស្គាល់អត្តសញ្ញាណក្រុមក្មេងស្ទាវ ដែលចូលវាយព្រះតេជគុណទាំងអស់នោះទេ គឺស្គាល់តែ ៤នាក់ប៉ុណ្ណោះ រួមមាន៖ សីហា, វែង, ភក្តិ និងម្នាក់ទៀតឈ្មោះ ប្រាក់ សំរឹទ្ធ ជាមន្រ្តីយោធា។

អធិការស្រុកត្រាំកក់ លោក យ៉ន់ វណ្ណធី បានបញ្ជាក់ថា ក្រោយពេលកើតហេតុរូបលោក បានចុះទៅចាប់ក្រុមជនដៃដល់ បាន៣នាក់ តែក្រោយការសាកសួរសម្រេចបញ្ជូនទៅកាន់តុលាការ២នាក់ (ឈ្មោះ លឹម សីហា និង ប្រេស សំរិត)។ ដោយឡែកឈ្មោះ ប្រាក់ សំរឹទ្ធ ដែលជាមន្រ្តីយោធាត្រូវបានដោះលែងទៅវិញ ព្រោះមិនជាប់ពាក់ព័ន្ធនោះឡើយ។

ព្រះតេជគុណ នន ផល្លី និងក្រុមគ្រួសាររបស់ព្រះអង្គ បានប្រតិកម្មយ៉ាងខ្លាំងចំពោះការដោះលែងមន្រ្តីយោធានេះ ដោយព្រះបានបញ្ជាក់ថា មន្រ្តីយោធាននេះ ក៏ជាជនដៃដល់ ដែលបានវាយព្រះអង្គផងដែរ។ ព្រះអង្គ បានហៅការ ដោះលែងនេះ ប្រហែលជាមានការត្រូវរ៉ូវគ្នារវាងសមត្ថកិច្ច និងជនបង្កអំពើហិង្សា។
ព្រះសង្ឃរងគ្រោះ បានអំពាវនាវឲ្យសមត្ថកិច្ច និងតុលាការខេត្តតាកែវ ផ្តល់យុត្តិធម៌ដល់ព្រះអង្គ ដោយផ្តន្ទាទោសជនដៃដល់ទាំងអស់ទៅតាមច្បាប់៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម