កម្លាំងអាវុធហត្ថ ចុះបង្ក្រាប ក្រុមក្មេងស្ទាវ សម្ងំជក់គ្រឿងញៀន នៅផ្ទះសំណាក់ «មហាលាភ» ឃាត់ខ្លួន៤នាក់ និងវត្ថុតាងមួយចំនួន

 
 

កណ្តាល ៖ កម្លាំងអាវុធហត្ថ ខេត្តកណ្តាល ដឹកនាំដោយ ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ត បានឆ្មក់ចូលទៅបង្ក្រាប ករណីប្រើប្រាស់ និងជក់ថ្នាំញៀន នៅផ្ទះសំណាក់ «មហាលាភ» នៅក្នុង ភូមិ-សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ដោយឃាត់ខ្លួន ក្រុមក្មេងស្ទាវចំនួន៤នាក់ (ស្រីម្នាក់) និងរកឃើញ ឧបករណ៍សម្រាប់ជក់ មួយចំនួនផងដែរ ។

លោក ទូច អ៊ីណាន មេបញ្ជាការរង អាវុធហត្ថ ខេត្តកណ្តាល បានបញ្ជាក់ នៅរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ នេះថា ជនសង្ស័យទាំង៤នាក់ បាននាំគ្នាចូលទៅសម្ងំជក់គ្រឿងញៀន នៅក្នុងផ្ទះសំណាក់ ខាងលើ យ៉ាងអាណាធិបតេយ្យ ហើយក្រោយការចាប់ខ្លួន និងធ្វើតេស្តទឹកនោម គឺពួកគេមាន សារធាតុញៀនទាំងអស់។

តែយ៉ាងណាក៏ដោយ ក្រោយចាប់ខ្លួន និងសួរនាំរួចមក ពួកគេ ទាំង៤នាក់ ត្រូវបានព្រះរាជអាជ្ញា អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ដោយមានការធានាពី ឪពុកម្តាយ និងអាជ្ញាធរភូមិ-ឃុំ ។

លោក ទូច អ៊ីណាន បានបញ្ជាក់ថា ក្រោមការដឹកនាំ បញ្ជាផ្ទាល់ពី សំណាក់ មេបញ្ជាការ អាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ សំ តុលា កម្លាំង របស់លោកបាន និងកំពុងធ្វើការស្រាវជ្រាវ និងអនុវត្តការងារ បង្ក្រាបគ្រឿងញៀន ដូចភ្លៀង រលឹមនៅតាម មូលដ្ឋាន ដែលជាមេរោគបំផ្លាញសង្គម និងធនធានមនុស្ស យ៉ាងធ្ងន់ធ្ងរ ជាទីបំផុត ។

មួយរយៈចុងក្រោយនេះ លោកឧត្តមសេនីយ៍ សំ តុលា បានដឹកនាំកម្លាំង អាវុធហត្ថខេត្ត ក្រោមការ បញ្ជាផ្ទាល់ពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ អាវុធហត្ថលើ ផ្ទៃប្រទេស និងលោក ម៉ៅ ភិរុណ ប្រធានគណៈបញ្ជាការ ឯកភាពខេត្ត បានចុះបង្ក្រាបករណី គ្រឿងញៀន និងបទល្មើសជាច្រើន ជាបន្តបន្ទាប់ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ តាមមូលដ្ឋាន ជូនប្រជាពលរដ្ឋ សម្រាប់ការរស់នៅ និងរកស៊ីរបស់ពួកគាត់ ។

ជាពិសេសប្រតិបត្តិការ បង្ក្រាបករណី គ្រឿងញៀន ដែលធ្វើឡើងស្ទើរ ជារៀងរាល់ថ្ងៃនេះ ត្រូវបាន ប្រជាពលរដ្ឋ បង្ហាញការ សាទរយ៉ាងខ្លាំង ពីព្រោះនៅតាមភូមិខ្លះ ឥឡូវនេះមាន សកម្មភាពជក់ និងប្រើប្រាស់គ្រឿងញៀន ចូលទៅដល់ទីនោះ ដែលបង្កើតការបញ្ហា ដល់ប្រជាពលរដ្ឋ យ៉ាងខ្លាំង ជាពិសេសសុវត្ថិភាព នៃការរស់នៅរបស់ពូកគាត់តែម្តង៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម