ស្ត្រី​ម្នាក់​​ស្លាប់ ចោលកូន​សម្លាញ់​​២នាក់ ដោយ​សារ​ប្តីប្រមឹក កាប់​មួយ​កាំបិតផ្គាក់​ចំ​ក្បាល​

 
 

ខេត្តពោធិ៍សាត់ ​ ៖ ​ស្រី​ម្នាក់​ត្រូវ​ប្ដី​ប្រមឹក​កាប់​មួយ​កាំបិត​ផ្គាក់ ​ចំ​ក្បាល​របួស​​ធ្ងន់​ លុះ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ បាន​១៦​ម៉ោង​ក៍​ស្លាប់​​​ចោល​ កូន​ទាំង​២នាក់​ ​។ ​ចំណែក​ប្ដី​កំណាច​ដែល​ជា​ឃាតករ​នោះ ​ក៍​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ ភ្លាម​ៗ​ដែរ​ ​​កាលពី​​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល ​ថ្ងៃ​ទី​៩ ​ខែមករា ​ឆ្នាំ​២០១៦ នៅ​ក្នុងផ្ទះ​របស់​ជន​រង​គ្រោះ​​ស្ថិត​នៅ​ភូមិ​អា​រ៉ែ​ន ​ឃុំ​ស្នាម​ព្រះ​ ស្រុក​បាកាន​ ​។​

​លោក​វរសេនីយ៍ទោ នាង វុ​ធ អធិការ​នគរបាល​ ស្រុក​បាកាន​ បាន​​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ​ សុទ្ធ លី​ អាយុ​៣៤​ឆ្នាំ​ មានកូន​២​នាក់​ (​កូនស្រី​អាយុ​៨​ឆ្នាំ និង​​កូនប្រុស​អាយុ​​៦​ឆ្នាំ​) ​។ ​ចំណែក​ប្ដី​កំណាច​ឈ្មោះ​ ចែ​ម សុខុម ​អាយុ​៤៩​ឆ្នាំ​ ជា​មនុស្ស​ស្រវឹង​ខួប ​​តែងតែ​បង្ក​អំពើ​ហិ​ង្សា​ ក្នុង​គ្រួសារ​ស្ទើរតែ​រាល់ថ្ងៃ​ ។​ ជាក់ស្ដែង​ នៅ​រសៀល​ថ្ងៃ​កើត​ហេតុ​នោះ ​ប្ដី​ស្រវឹងស្រា​ជោក​ជាំ​ ហើយ​ពេល​ចូល​ផ្ទះ​វិញ​ បាន​រករឿង​ប្រពន្ធ​កូន​ ឈ្លោះប្រកែក​គ្នា​ផ្អើល​ពេញ​ភូមិ ​រហូត​ឈាន​ដល់​កាប់​ ក្បាល​ប្រពន្ធ​មួយ​កាំបិត​របួស​​ធ្ងន់ធ្ងរ លុះ​​នៅ​ថ្ងៃទី​១០ មករា ២០១៦ ក៏​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ ។​ ចំណែក​ប្ដី​ដែល​ជា​ជន​ដៃដល់​ ត្រូវ​​សមត្ថកិច្ច​​​ចាប់​​ខ្លួន​ភ្លាម​ៗ​នៅ​ថ្ងៃ​នោះ​ដែរ ​។

​ស្ត្រី​ឈ្មោះ ឈុំ ផា​ន់ ត្រូវជា​ម្ដាយ​ជន​រង​គ្រោះ​ បាន​បញ្ជាក់​ថា​ ចាប់តាំងពី​កូនស្រី​របស់​គាត់​​​រួម​រស់​ជា​មួយ​​​ជន​ដៃ​ដល់​ឈ្មោះ​ ចែ​ម សុខុម​ ​មក ​កូនប្រសារ​រូប​នេះ​ តែងតែ​ផឹកស្រា​ស្រវឹង​រករឿង​វាយ​ធ្វើបាប​ប្រពន្ធនិង​​ កូន​ស្ទើ​តែ​រាល់ថ្ងៃ​ ហើយ​ពេល​ខ្លះ​ជេរ​ទាំង​គាត់​ទៀត​ផង​ ។​ ជាក់ស្ដែង​​នៅ​ថ្ងៃ​កើត​ហេតុ​នោះ​ ​ខណៈ​គាត់​កំពុង​អង្គុយ​នៅផ្ទះ​បាយ ​ឯ​កូនស្រី​ដេក​លើ​អង្រឹង​ក្រោមផ្ទះ​ ។​ ពេល​នោះ​ មិនដឹង​កូនប្រសារ​​​ផឹកស្រវឹង​មក​ពី​​ណា​ទេ ​ពេល​​មក​ដល់​ផ្ទះ​​​​ដេញ​ ឲ្យប្រពន្ធ​ទៅ​ដួស​បាយ​ឲ្យ​ស៊ី​ ​ប្រពន្ធ​មិន​ទៅ​ទេ​ ​ដោយ​ប្រាប់​ថា​ ទៅ​ហូប​ខ្លួនឯង​ទៅ​គ្រប​ទុក​រួច​ហើយ​ ។​ ឮ​ដូច្នេះ​ប្ដី​ក៍​ស្រែក​ជេរ ​ដោយ​ប្រើ​ពាក្យ​អសុរោះ​ ហើយ​ប្រពន្ធ​​ទ្រាំ​មិន​បាន​ក៍​ជេរ​តប​វិញ​ដែរ ​​ស្រាប់​តែ​​ប្ដី​ស្ទុះ​ទៅ​​វាយ​មួយ​ដៃ​ ធ្វើ​ឲ្យ​ប្រពន្ធ​ខឹង​ក៍​ស្ទុះ​ទៅ​ ទាញ​កាំបិត​ផ្គាក់​មក​កាន់​នឹង​ដៃ​គំរាម ​។ ​ឃើញ​ដូច្នេះ​ ប្ដី​ក៍​ចូល​ទៅ​ប្រវាយប្រតប់ ​ដណ្ដើម​យក​កាំបិត​បានក៍​កាប់​ប្រពន្ធ​មួយ​កាំបិត ​ចំ​ក្បាល​ហូរ​ឈាម​ជោក​ខ្លួន​ និង​ដួល​ទៅ​ក្បែរ​ពាងទឹក​ ។​ ភ្លាម​ៗ​នោះ​​អ្នក​ភូមិ ​បាន​ទៅ​ប្រាប់​សមត្ថកិច្ច​ ឱ្យ​មក​ចាប់ខ្លួន​ប្ដី​តែម្ដង ​។​ ចំណែក​ប្រពន្ធ​ដែល​រង​គ្រោះ​នោះ​ បាន​លើកដាក់​រឺ​ម៉ក​​ម៉ុតូ​ដឹក​ទៅ​សង្គ្រោះ ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត លុះ​ថ្ងៃ​ទី​១០ មករា ​ក៍​ស្លាប់​​គួរ​ឱ្យ​សង្វេគ​យ៉ាង​ខ្លាំង ។

ជនសង្ស័យ​ត្រូវ​​បាន​​សមត្ថកិច្ច​ បញ្ជូន​ទៅ​សាលាដំបូង​​ ខេត្ត​នា​រសៀល​ថ្ងៃ​ទី​១១ មករា ​នេះ​ ដើម្បី​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ ​។

​ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​​​​អាណិតអាសូរ​បំផុត​នោះ គឺ​​ទាំង​២​នាក់​បង​ប្អូន​​ដែល​នៅ​តូចៗនោះ ​បាន​ក្លាយ​ទៅ​ជា​កូន​​​កំព្រា​​ រស់នៅ​ជាមួយ​ជីដូន ដោយ​សារម្តាយ​បាន​លា​ចាក​លោក​ និង​ឪពុក​ត្រូវ​ជាប់​ពន្ធនាគារ​ ​៕






ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម