បើអ្នកដឹង ពីរឿងរ៉ាវនៅពីក្រោយ របស់តារាហ្វេសប៊ុកល្បី ២ដួងនេះ ប្រាកដជាភ្ញាក់ផ្អើល មិនខាន (មានវីដេអូ)

 
 

ភ្នំពេញ៖ ប្រហែលជាប្រិយមិត្ត ធ្លាប់បានស្គាល់ហើយ ពីតារាហ្វេសប៊ុក ២ដួង ដែលកំពុងតែ​ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់យុវវ័យក្នុងបណ្តាញសង្គម ព្រោះតែឃ្លីបវីដេអូខ្លីៗ បែបកំប្លែងរបស់ពួកគេ។

ថ្ងៃនេះខ្មែរឡូត នឹងបង្ហាញឲ្យប្រិយមិត្ត បានជួបនឹង តារាហ្វេសប៊ុកទាំងពីរនាក់ គឺប្អូនប្រុស ស៊យ សេងហួរ និងប្អូនប្រុស យឹម សុភក្រ័ ដែលពួកគេនឹងបកស្រាយ ពីរឿងរ៉ាវ និងទេពកោសល្យមួយចំនួន ដែលអ្នកមិនធ្លាប់បានដឹង។

ជួបជាមួយ ប្អូនប្រុស ស៊យ សេងហួរ អាយុ២២ឆ្នាំ ទីលំនៅបច្ចុប្បន្ន រស់នៅខេត្ត តាកែវ តែពេលមានកិច្ចការ រឺក៏មានធុរៈសំខាន់ ទើបឡើងមកភ្នំពេញ។ ហើយរូបគេ ក៏ជាតារាហ្វេសប៊ុកមួយរូប ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង លើបណ្តាញសង្គមហ្វេសប៊ុក​ផងដែរ ដែលមានអ្នកចុចចូល មើលវីដេអូនីមួយៗ រាប់ម៉ឺនដងឯណោះ។

សេង ហ៊ួរ បានឲ្យដឹងថា រូបគេបានលេងបណ្តាញសង្គមហ្វេសប៊ុក យូរណាស់មកហើយ ដែលភាគច្រើនចូលចិត្តបង្ហោះរូបថត និងវីដេអូជាធម្មតា ប៉ុន្តែមិនដែលរំពឹងថា វីដេអូរបស់ខ្លួន ក្នុងរយៈប៉ុន្មានខែចុងក្រោយនេះ ទទួលបានការ​គាំទ្រយ៉ាងខ្លាំងបែបនេះទេ។

តារាហ្វេសប៊ុកវ័យក្មេងរូបនេះ បាននិយាយទាំងសើចលេងថា "ខ្ញុំពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ ពេលឃើញកំណើននៃការចុចចូលមើលវីដេអូរបស់ខ្ញុំ ទៅដល់រាប់ម៉ឺនដងបែបនេះ។ បើនិយាយពីឃ្លីបខ្លីៗរបស់ខ្ញុំវិញ គឺហាក់ដូចជាខុសប្លែក នឹងឃ្លីបរបស់អ្នកដទៃ ត្រង់ថា អ្វីគ្រប់យ៉ាង គឺកើតចេញ​ពីអត្តចរិករបស់ខ្លួនខ្ញុំផ្ទាល់ ដោយមិនចាំបាច់ ខំប្រឹងសម្តែង និងព្យាយាមកាច់តុង​និយាយអ្វីនោះដែរ។ ហើយវីដេអូរបស់ខ្ញុំ ភាគច្រើនចូលចិត្តធ្វើស្ទាយនិយាយស្តី របស់យុវវ័យសង្គម​សម័យឥឡូវ ហើយចូលចិត្តបង្កើតរឿងដោយខ្លួនឯងបែបកំប្លែង។ បើខាង រឿងនយោបាយ រឺក៏ច្បាប់នានាវិញ គឺខ្ញុំមិនធ្វើតែម្តង ខ្លាចប៉ះពាល់អារម្មណ៍បងប្អូន។ ជាពិសេស ក្នុងមួយរយៈចុងក្រោយនេះ ខ្ញុំក៏ត្រូវបានអ្នកគាំទ្រ បានហៅខ្ញុំថា នារីស្វាន​​( ជាឧបករណ៍មួយ) ព្រោះថារាល់វីដេអូរបស់ខ្ញុំប្រមាណ៤ ទៅ៥ចុងក្រោយនេះ មានស្វានហ្នឹងជាប់នឹងដៃខ្ញុំជានិច្ច"

មិនតែប៉ុណ្ណោះ មានមួយចំនុចទៀត​  ដែលមនុស្សភាគច្រើន បានឆ្ងល់ថា សេង ហ៊ួរ និយាយភាសាអង់គ្លេសបានល្អណាស់ ប្រហែលជារៀនអង់គ្លេស ច្រើនសាលាហើយមើលទៅ។ ប៉ុន្តែតាមការពិតទៅ តារាហ្វេសប៊ុករូបនេះ បានប្រាប់ថា រូបគេមិនបាន ទៅរៀនសាលាភាសាអង់គ្លេសអ្វីនោះទេ ព្រោះថារាល់ថ្ងៃមានការងាររវល់ ដូច្នេះអ្វីគ្រប់យ៉ាងកើតចេញពីការព្យាយាមនិយាយតែប៉ុណ្ណោះ។ ប្អូនប្រុស សេង ហ៊ួរ បានទម្លាយពីអាថ៌កំបាំង ក្នុងការប្រើភាសាអង់គ្លេសបានល្អផងដែរថា តាមពិតខ្លួនឯងពីមុន ក៏មិនចេះនិយាយភាសាអង់គ្លេសអ្វីច្រើនដែរ តែដោយសារមានមិត្តភក្តិជាជនបរទេស ដូច្នេះក៏បានរៀនហាត់និយាយ ជាមួយមិត្តភក្តិទាំងរដិបរដុបជារៀងរាល់ថ្ងៃ។ តែទោះជាយ៉ាងណា សេង ហ៊ួរ នៅតែព្យាយាម និងខំប្រឹងនិយាយ។ រហូតបានរយៈពេល២ឆ្នាំ ទើបរូបគេ បានក្លាយជាមនុស្សម្នាក់ អាចនិយាយភាសាអង់គ្លេសបានល្អ ដូចអ្នកដទៃបែបនេះ។ វីដេអូភាគច្រើន រូបគេតែងនិយាយជាភាសាខ្មែរ លាយលំនឹងភាសាអង់គ្លេស ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីអ្នកលេងបណ្តាញសង្គមផងដែរ។

ជាពិសេស ប្រិយមិត្តប្រាកដជាធ្លាប់ចាប់អារម្មណ៍ហើយថា ហេតុអ្វីបានជា សេង ហ៊ួរ ចូលចិត្តមានឈ្មោះតួអង្គក្នុងវីដេអូប្លែកៗ ដូចជា សេសលាស់ តិចសេស( Texcé) សេសកាប់ បែបនេះ?  ហើយក៏មានមនុស្សមួយចំនួន បានគិតថា រូបគាត់ហាក់ដូចជា ប្រើពាក្យមិនគួរគប្បីសោះ ហើយអសុរោះខ្លាំងទៀត។ ប៉ុន្តែ សេង ហ៊ួរ បានបកស្រាយថា "ឈ្មោះតួអង្គដែលបងប្អូនបានលឺ ក្នុងវីដេអូរបស់ខ្ញុំ បែបពាក្យសេ(cé) តាមពិតទៅ ខ្ញុំស្រឡាញ់តារាចម្រៀងស្រី Beyonce ដែលវាជាមូលហេតុ ធ្វើឲ្យខ្ញុំ សម្រេចចិត្តដាក់ឈ្មោះតួអង្គក្នុងវីដេអូ គឺពាក្យសេ(cé)ខាងចុង តាមឈ្មោះរបស់នាងតែម្តងទៅ គឺមិនមែនមានន័យអាក្រក់ ដូចគ្រប់គ្នាបានគិតនោះទេ"

ក្នុងនោះដែរ សេង ហ៊ួរ បន្ថែមថា "ចាប់តាំងពីខ្ញុំ ធ្វើវីដេអូកំប្លែង រហូតដល់ពេលនេះមក គឺត្រូវបានមនុស្សជាច្រើនស្គាល់រូបខ្ញុំ និងតែងហៅពេលពួកគេឃើញខ្ញុំម្តងៗ។ ពួកគេពិតជា ធ្វើឲ្យខ្ញុំសប្បាយរីករាយយ៉ាងខ្លាំង ដែលមិនអាចបរិយាយអារម្មណ៍មួយនេះបាន ហើយវាក៏ជាកម្លាំងចិត្តមួយយ៉ាងធំធេង សម្រាប់ខ្ញុំ ក្នុងការបង្កើតវីដេអូកំប្លែងៗបន្តទៀតផងដែរ"។  ចុងក្រោយ សេង ហ៊ួរ ក៏បានពោលពាក្យថា រូបគេមានតែពាក្យថ្លែងអំណរគុណតែប៉ុណ្ណោះ ទៅកាន់អ្នកគាំទ្រ ដែលតែងស្រឡាញ់រាប់អាន និងតែងតាមដានវីដេអូគ្រប់យ៉ាងរបស់គាត់។



វីដេអូខ្លីៗបែបកំប្លែង របស់សេង ហ៊ួរ៖

ងាកទៅរក តារាហ្វេសប៊ុកម្នាក់ទៀត​វិញម្តង គឺ ប្អូនប្រុស យឹម សុភក្រ័ ហៅ Bank វ័យ២០ឆ្នាំ​ សព្វថ្ងៃ រស់នៅរាជធានីភ្នំពេញ។ ហើយរូបគេជានិស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ផ្នែកទំនាក់ទំនងអន្តរជាតិ។

ចំពោះមូលហេតុនៃការបង្កើតវីដេអូបែបកំប្លែង គឺសុភក្រ័បាននិយាយថា "សម្រាប់ខ្ញុំ ក៏មិនមានពាក្យពេចន៍អ្វីខុសគ្នា នឹង សេង ហ៊ួរ ប៉ុន្មានទេ​ គឺគ្រាន់តែបង្កើនភាពសប្បាយរីករាយ ដល់បងប្អូន ដើម្បីបំបាត់ភាពតប់ប្រមល់ជាមួយការសិក្សា និងការងារតែប៉ុណ្ណោះ។ ប៉ុន្តែអ្វីគ្រប់យ៉ាង ដែលទទួលបានពីបងប្អូន គឺលើសពីការរំពឹងទុក ដែលមានអ្នកចុច Like និង Share ក្នុងវីដេអូរបស់ខ្ញុំ យ៉ាងច្រើនសន្ធឹកសន្ធាប់។ ហើយវីដេអូរបស់ខ្ញុំភាគច្រើន ចូលចិត្តធ្វើតាមបែបទិដ្ឋភាពពិតៗ របស់យុវវ័យ ឬការនិយាយគ្នា រវាងមិត្តភក្តិ។ តែខ្ញុំកម្រធ្វើវីដេអូណា ដែលពាក់ព័ន្ធនឹងហេតុការណ៍ ដែលកំពុងតែល្បីលើហ្វេសប៊ុកណាស់ ព្រោះថាគ្រប់គ្នាបានដឹងលឺអស់ហើយ បើយើងធ្វើទៀត គឺពួកគេនឹងយល់ថា វាគួរឲ្យស៉ាំ និងធុញទ្រាន់។ ហើយចំពោះវិធីកាត់តវីដេអូ របស់ខ្ញុំវិញ ដូចបងប្អូនបានឃើញស្រាប់ហើយ ​ថាមានតួអង្គជាច្រើននាក់ចូលគ្នា ហើយពេលខ្លះ មនុស្សភាគច្រើនយល់ថា ប្រហែលជាខ្ញុំពិបាកណាស់ហើយ ទម្រាំបានវីដេអូមួយៗ។ តាមការពិតទៅ វាប្រើរយៈពេលខ្លីនោះទេ ក្នុងការកាត់វីដេអូ តែអ្វីដែលពិបាកគឺយើងព្យាយាមរកគំនិតថ្មីៗ ដើម្បីបង្កើតបានជាវីដេអូទៅវិញទេ"



បើនិយាយរឿងភាសាវិញ អ្នកគាំទ្រភាគច្រើន ក៏បានសរសើរលើការនិយាយស្តី របស់សុភក្រ័ផងដែរ ដែលរូបគេអាចប្រើប្រាស់ភាសាច្រើន ក្នុងពេលតែមួយ ហើយថែមទាំងអាចនិយាយបានលឿនផងដែរ។ ក្នុងនោះ សុភក្រ័ បានប្រាប់ខ្មែរឡូតថា "ខ្ញុំអាចនិយាយភាសា៤បាន គឺមានដូចជា ភាសាជាតិយើង ភាសាអង់គ្លេស ភាសាថៃ និងភាសាបារាំង។ ហើយចំពោះភាសាថៃ គឺខ្ញុំមិនបានរៀននោះទេ គឺខ្ញុំព្យាយាមអនុវត្ត និងហាត់ពត់និយាយ រហូតដល់សព្វថ្ងៃនេះ ខ្ញុំអាចនិយាយបាន។ ហើយក៏មានវីដេអូមួយ ខ្ញុំក៏ធ្លាប់និយាយភាសា៣ ក្នុងពេលតែមួយផងដែរ"

មិនត្រឹមតែ សុភ័ក្រ ជាតារាហ្វេសប៊ុក ដែលទទួលបានភាពល្បីល្បាញប៉ុណ្ណោះទេ រូបគេក៏ជាអ្នកច្នៃម៉ូត ជាតារាម៉ូដែលនៅប្រទេសថៃ និងជាអ្នកលក់ផលិតផលផ្សេងៗទៀតផង។ សុភ័ក្របាននិយាយថា"ពេលខ្លះ រវល់ការងារសាលា ការងារផ្សេងៗ សឹងតែរកពេលថតវីដេអូមិនបានផង តែទោះជាយ៉ាងណា ខ្ញុំនៅតែព្យាយាមធ្វើវីដេអូថ្មីៗ ដើម្បីចែកជូនបងប្អូន ទុកជាការសើចសប្បាយ"។ ហើយពេលខ្លះ គ្រប់គ្នាប្រហែលបានលឺហើយ នូវឈ្មោះតួអង្គ ដែលខ្ញុំ តែងដាក់ដូចជា មីក្តឿន កន្លាត មីកាធឿន ជាដើម ដោយសារខ្ញុំ គិតថា វាប្លែកមិនសូវលឺមានអ្នកនិយាយពាក្យនេះប៉ុន្មានទេ  ហើយបែបកំប្លែង ក៏ខ្ញុំសម្រចចិត្តដាក់ឈ្មោះទាំងនេះក្នុងវីដេអូតែម្តងទៅ"។ 

តារាហ្វេសប៊ុក វ័យក្មេងរូបនេះបានបន្តថា "ក្រោយវីដេអូរបស់ខ្ញុំ ទទួលបានការគាំទ្ររួចមក ខ្ញុំក៏មានការងារបន្ថែមផងដែរដូចជា បណ្តាក្រុមហ៊ុនមួយចំនួន បានហៅខ្ញុំទៅចូលរួមកម្មវិធី ព្រឹត្តិការណ៍នានា រឺក៏មានម៉ាកផលិតផលផ្សេងៗ ជួយឲ្យខ្ញុំផ្សព្វផ្សាយពីពួកគេផងដែរ​"។ 

ជាចុងក្រោយ សុភ័ក្រ បានថ្លែងអំណរគុណ ដល់បងប្អូនដែលតែងផ្តល់កម្លាំងចិត្ត និងតែងគាំទ្រនូវវីដេអូជាច្រើន ដែលរូបគាត់បានធ្វើកន្លងមក។ ហើយគាត់នឹង ខិតខំរិះរកគំនិតប្លែកៗ បែបកំប្លែង ដើម្បីចែកជូនដល់មហាជនបន្តបន្ទាប់ទៀត៕




វីដេអូខ្លីៗបែបកំប្លែង របស់សុភ័ក្រ៖ 





ខាងក្រោមជាកិច្ចសម្ភាសន៍ រវាងតារាហ្វេសប៊ុក ទាំង២ដួង៖ 

ដោយ៖ កា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម