កាំភ្លើង៨ប្រភេទ ដែលត្រូវបាន គេចាត់ទុកថា ជាកាំភ្លើងអាក្រក់បំផុត នៅក្នុងពិភពលោក

 
 

បរទេស៖ វាជារឿងជាក់ស្តែងមួយ ដែលប្រិយមិត្តធ្លាប់បានស្គាល់ និងឃើញរួចមកហើយ នូវកាំភ្លើងដែលមានលក្ខណៈ ធុនធ្ងន់ មានកម្លាំងពិសេស រាងស្អាត និងមានច្នៃប្រឌិតល្អជាច្រើន តែប្រហែលជាប្រិយមិត្ត របស់យើងមួយចំនួនធំ នៅមិនទាន់បានស្គាល់ ប្រភេទកាំភ្លើង ដែលអាក្រក់បំផុត នោះឡើយ។

យោងតាមប្រភពព័ត៌មាន ដែលបានដកស្រង់ចេញពី របាយការណ៍ “The World’s Worst Weapons” របស់លោក Martin Dougherty បានធ្វើការបង្ហាញ ឲ្យបានដឹងអំពី រូបរាងក៏ដូចជាឈ្មោះ នៃកាំភ្លើងដែលអាក្រក់ បំផុតជាងគេទាំង៨ នៅក្នុងពិភពលោក ដែលភាគច្រើនយើង គឺមិនធ្លាប់បានដឹង នោះឡើយ។ តោះចង់ដឹងថា តើកាំភ្លើងដែលអាក្រក់បំផុត ទាំងនោះយ៉ាងម៉េចខ្លះ សូមតាមដានទាំងអស់គ្នា៖

៨.កាំភ្លើង Sten gun MK II



Sten gun MK II គឺជាកាំភ្លើងមួយប្រភេទ ដែលភាគច្រើនគឺមាន ដំណើរការមិនត្រឹមត្រូវ។ លើសពីនេះ វាត្រូវបានគេរាយការណ៍ មកថាគ្រាប់កាំភ្លើង នៅពេលបាញ់ទៅ អាចលងត្រឡប់មកវិញទៀតផង។

Sten gun MK II ត្រូវបានផលិតនៅក្នុង ចក្រភពអង់គ្លេស និងត្រូវបានយក មកប្រើប្រាស់នៅក្នុង អំឡុងឆ្នាំ១៩៤០ វាជាប្រភេទកាំភ្លើងយន្ត មានទម្ងន់ស្រាល ហើយបាញ់បានចម្ងាយ ជាង៧០ម៉ែត្រ និង កាំភ្លើងនេះផ្ទុកគ្រាប់ បានដល់ ៣២គ្រាប់។

៧.កាំភ្លើងធំ The Bazooka

បញ្ហាដ៏សំខាន់មួយរបស់ កាំភ្លើងធំប្រភេទ The Bazooka គឺពន្លឺជះឡើងយ៉ាងខ្លាំង នៅពេលដែលវាចាប់ផ្តើម បញ្ចេញគ្រាប់ ដែលវាអាចធ្វើឲ្យសត្រូវ មើលឃើញបានយ៉ាងច្បាស់នូវទីតាំង និងបរិវេណជុំវិញរបស់ទាហានដែល បាញ់គ្រាប់ដោយប្រើប្រាស់កាំភ្លើង The Bazooka។ យ៉ាងណាមិញ វាក៏ត្រូវបានកែច្នៃ ជាបន្តបន្ទាប់មកទៀត ដោយក្នុងនោះគឺ បានបំពាក់នូវរបាំងការពារ សន្ទុះខ្យល់នៅខាងក្រោយ ផងដែរ។ The Bazooka ត្រូវបានផលិតឡើង នៅឯសហរដ្ឋអាមេរិក និងត្រូវបានយកមកប្រើប្រាស់ នៅក្នុងអំឡុងឆ្នាំ១៩៤២ វាជាប្រភេទអាវុធ សម្រាប់បាញ់រថក្រោះ និងមានសមត្ថភាព បាញ់ជាគ្រាប់រ៉ុកកែត ដែលមានរំសេវផ្ទុះ ទម្ងន់ជាង១គីឡូក្រាម។

៦.កាំភ្លើងដៃ LeMat grapeshot

កាំភ្លើងម៉ាករ៉ឹវ៉ុលវែរ LeMat grapeshot គឺជាប្រភេទកាំភ្លើងមួយ​ ដែលត្រូវបានគេច្នៃឡើង យ៉ាងពិសេសសម្រាប់ ទ័ពសេះដើម្បីប្រយុទ្ធ នៅក្នុងសមរភូមិ។ អ្នកប្រើប្រាស់គឺតម្រូវ ឲ្យបង្វិលនូវកន្លាស់គ្រាប់ណាមួយ ដែលខ្លួនចង់បាញ់ចេញ ហើយនេះគឺជា បញ្ហាមួយសម្រាប់ កាំភ្លើងប្រភេទនេះ ព្រោះវាត្រូវចំណាយពេល មុននឹងអាចប្រើប្រាស់បាន។

កាំភ្លើង LeMat grapeshot ត្រូវបានផលិតនៅក្នុង សហរដ្ឋអាមេរិក និងប្រើប្រាស់នៅក្នុង អំឡុងឆ្នាំ១៨៥៦។ វាជាប្រភេទកាំភ្លើងដៃ អាចបាញ់បានចម្ងាយ ជិត៥០ម៉ែត្រ និងមាន៩គ្រាប់ ក្នុង១បង់។

៥.កាំភ្លើង Krummalauf

បើយើងមើលពីរូបរាង របស់កាំភ្លើងប្រភេទនេះវិញ ពិតជាភ្ញាក់ផ្អើល ព្រោះថាវាពិតជាប្លែកមែនទែន។ កាំភ្លើង The Krummalauf គឺប្រើសម្រាប់បាញ់ នៅទីតាំងកាច់ជ្រុង ក៏ព្រោះតែវា មានកាណុងរាងកោង កម្រិត៣០ទៅ ៤៥ដឺក្រេ។ យ៉ាងណាមិញ វាក៏មានបញ្ហាជាច្រើនផងដែរ ដូចជាវាមាន តម្លៃថ្លៃពេក និងមិនសូវជាមាន ប្រសិទ្ធិភាពខ្លាំង។ កាំភ្លើង The krummlauf ត្រូវបានផលិតឡើង នៅក្នុងប្រទេសអាល្លឺម៉ង់ និងយកមកប្រើប្រាស់ ក្នុងអំឡុងឆ្នាំ១៩៤៥ វាជាប្រភេទកាំភ្លើង ដៃប្រភេទវែង ដែលអាចបាញ់បានចម្ងាយ ជិត២០០ម៉ែត្រ និងមាន៣០គ្រាប់ ក្នុង១បង់។

៤.កាំភ្លើង Chauchat

Chauchat ជាប្រភេទកាំភ្លើងយន្ត ទម្ងន់ស្រាលដែលត្រូវបាន ផលិតនិងប្រើប្រាស់ ដោយប្រទេសបារាំង ក្នុងអំឡុងសង្រ្គាម លោកលើកទី១ នាឆ្នាំ១៩១៥។ យ៉ាងណាមិញ បញ្ហារបស់វា គឺស្ថិតនៅត្រង់ថា វាត្រូវបានផលិត ក្នុងគុណភាពដែល មានកម្រិត ជាពិសេសគឺមានផលពិបាក ពេលកំពុងប្រើប្រាស់ តែម្តង។ លើសពីនេះទៀត គ្រឿងយន្តសម្រាប់បាញ់គ្រាប់ ពេលខ្លះគឺកកស្ទះ និងមិនអាចដំណើរការ បានល្អឥតខ្ចោះ នោះឡើយ រីឯបង់ដែល មានត្រឹម២០គ្រាប់ ក៏មិនគ្រប់គ្រាន់ នៅក្នុងសមរភូមិដែរ។ ChauChat អាចបាញ់បានក្នុងចម្ងាយ ជិត១០០០ម៉ែត្រ។

៣.កាំភ្លើង Gyrojet

កាំភ្លើងដៃ Gyrojet គឺជាកាំភ្លើងមួយ ដែលត្រូវបានបង្កើតឡើង ដោយគំនិតច្នៃប្រឌិត ដ៏ល្អប្រសើរមួយ។ តែបញ្ហារបស់វាគឺ ស្ថិតនៅត្រង់ថា បាញ់មិនចំគោលដៅ ពោលគឺមិនត្រឹមត្រូវ សម្រាប់អ្នកប្រើប្រាស់​ តែម្តង។ Gyrojet ត្រូវបានផលិតឡើង នៅក្នុងសហរដ្ឋអាមេរិក និងយកមកប្រើប្រាស់ ក្នុងអំឡុងឆ្នាំ១៩៦៥ វាជាប្រភេទកាំភ្លើងដៃ ដែលអាចបាញ់ បានចម្ងាយ ជាង៥០ម៉ែត្រ និងមាន៦គ្រាប់ ក្នុង១បង់។

២.កាំភ្លើង Mars Pistol

នៅដើមសតវត្សទី២០ ពោលគឺក្នុងអំឡុងឆ្នាំ១៩០០ កាំភ្លើងប្រភេទនេះ ត្រូវបានផលិតឡើង នៅក្នុងចក្រភពអង់គ្លេស។ ដំបូងឡើយ កាំភ្លើងប្រភេទនេះ គឺមានបញ្ហាជាច្រើនដូចជា មានភាពសាំញ៉ាំច្រើន ដើម្បីប្រតិបត្តិការ និងមិនអាចបញ្ចេញ នូវសំបកគ្រាប់កាំភ្លើង ដែលបានប្រើហើយ ចេញមកដោយផ្ទាល់នោះឡើយ។ យ៉ាងណាមិញ ក្រោយពីមានការកែតម្រូវ ក្រោយៗមក វាក៏មានភាពល្អប្រក្រតីឡើងវិញ។ Mars Pistol អាចបាញ់បានចម្ងាយ ជិត៤០ម៉ែត្រ និងមាន៦គ្រាប់ ក្នុង១បង់។

១.កាំភ្លើង Apache Pistol

យើងអាចនឹងភ្ញាក់ផ្អើល ជាមួយនឹងរូបរាងរបស់វា តែកាំភ្លើងប្រភេទ Apache Pistol នេះត្រូវបានផលិតឡើង ដោយគួបផ្សំជាមួយនឹង កាំបិត ស្នប់ដៃ។ យ៉ាងណាមិញ សម្រាប់បញ្ហារបស់វា ដូចជាកាំបិត ហាក់ដូចជាស្តើង និងមិនមានភាពរឹងម៉ាំ នៅលើត្រចៀកនៃកាំភ្លើង ហើយសម្រាប់ការ បញ្ចេញគ្រាប់វិញ ហាក់ដូចជាមានកម្លាំងខ្សោយ និងមិនត្រឹមត្រូវទៀតផង។ កាំភ្លើងប្រភេទនេះ ត្រូវបានផលិតនៅក្នុងសហរដ្ឋអាមេរិក ក្នុងអំឡុងឆ្នាំ១៨៨០ ជាប្រភេទកាំភ្លើង សម្រាប់ការពារខ្លួន និងអាចបាញ់ក្នុង រយៈចម្ងាយជិត។

ទាំងនេះគឺជាការ លើកយកមកបង្ហាញ អំពីកាំភ្លើងដែល អាក្រក់បំផុត នៅក្នុងពិភពលោក ពោលគឺជាកាំភ្លើង ដែលមានបញ្ហាច្រើន នៅពេលប្រើប្រាស់ ហើយភាគច្រើន​នៃ ពួកវាគឺប្រិយមិត្ត មិនធ្លាប់បានឃើញ នោះឡើយ៕

ប្រភព៖ Businessinsider


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម