ត្រីកោណ​ស្នេហា ប្រហារជីវិត​ ភរិយា​ដើម

 
 

ខេត្តបន្ទាយមានជ័យ ៖ មាន​ហេតុការណ៍​មួយ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ ទាំង​យប់ ក៏​ព្រោះតែ​ប្រពន្ធ​ បានឃើញ​ប្តី​បើកឡាន​ដឹក​ស្រី​ស្នេហ៍​ដើរ​លេង មក​ហូប​អាហារ​ នៅ​ផ្សារ​រាត្រី​ ក៏​ជិះម៉ូតូ​តាម​ពីក្រោយ​ទាន់ ក៏​មានការ​វាយ​ប្រតប់​គ្នា​ រវាង​ប្រពន្ធដើម ​និង​ស្រី​សេ្ន​ហ៍ ប្តី​មានការ​ភ័យ​ស្លន់ស្លោ​រ ដាក់​លេខ​ថយក្រោយ ​ជាន់​មួយ​ទំហឹង បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ បុក​កៀប​នឹង​បង្គោល​ស៊ីម៉ង់ត៍ បាក់ឆ្អឹង​ជំនីមួយ​ចំហៀង​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដឹក​មក​សង្គ្រោះ​បន្ទាន់ ​តែ​ជា​អកុសល​ នាង​ត្រូវ​បាន​ស្លាប់ ​យ៉ាង​អាណោចអាធ័ម ពេល​ដឹក​មក​ដល់​មន្ទីរពេទ្យ​បង្អែក ​ក្រុង​សិរី​សោភ័ណ បន្សល់​ទុក​កូនប្រុសស្រី ចំនួន​២​នាក់ ឯ​ឪពុក​ក៏​ប្រឈម​ នឹង​ជាប់​ពន្ធនាគារ​។

​ហេតុការណ៍​បង្ក​ឲ្យ​មាន ការ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង ​នៅ​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ផ្សារ​រាត្រី ស្ថិត​ក្នុងភូមិ​ព្រៃ​ប្ញ​ស្សី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។​ ស្ត្រី​ជា​ប្រពន្ធដើម​ ដែល​ស្លាប់​មានឈ្មោះ មាស  សារី អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ចំណែក​បុរស​ជា​ប្តី​បង្ក​ល្មើស ឈ្មោះ​ សាន ស៊ី​ម​ ហៅ​ ចក់ អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជា​ជាង​ធ្វើ​ចេតិយ​។​

បើ​តាម​សាក្សី​ នៅ​កន្លែង​កើតហេតុ បាន​និយាយ​ថា​ មុន​ពេល​កើតហេតុ​ មាន​រថយន្ត​១​គ្រឿង​ បាន​បើក​មក​ឈប់​មុខ​ ផ្ទះ​របស់​គាត់ នៅ​នឹង​ផ្សារ​រាត្រី ស្ថិត​ក្នុងភូមិ​ព្រៃ​ប្ញ​ស្សី សង្កាត់​ព្រះ​ពន្លា ស្រាប់តែ​ពេល​នោះ ​ក៏​មាន​ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​ តាម​ពីក្រោយ​រថយន្ត ស្រី​ក្នុង​ឡាន​ បាន​ទម្លាក់​កញ្ចក់​ចុះ ស្ត្រី​ជា​ប្រពន្ធ​ បាន​ឡើង​លើ​ឈ្នាន់​ ជាន់​ចូល​ក្នុង​រថយន្ត​ ក៏​បាន​ប្រ​វ៉ា​យ​ប្រតប់​គ្នា ប្តី​ឃើញ​ដូច្នោះ ​ក៏​ថយ​រថយន្ត​យ៉ាង​លឿន​ ទាំង​ប្រពន្ធ​កំពុង​តែ​ ប្រ​វ៉ា​យ​ប្រតប់​គ្នា​ដែល​ប្រពន្ធដើម ​នៅ​ខាងក្រៅ គោលបំណង​ដើម្បី​ ឲ្យ​ប្រពន្ធ​លោត​ចុះ ក៏​បណ្តាល​ឲ្យ​បុក​កៀប​ នឹង​បង្គោល​ស៊ីម៉ង់ត៍​កម្ពស់​១​ម៉ែត្រ និង​បុក​រោង​ដែក​ បណ្តាល​បាក់​ដួល​រលំ​ និង​បែក​ពោង​ ក្មេង​លោត​លេង នេះ​សំណាងល្អ មិន​បង្ក​ឲ្យ​ក្មេង​ៗ​ ជាង​១០​នាក់ ​កំពុង​លោត​លេង​ លើ​ពោង​គ្មាន​គ្រោះថ្នាក់​ តែ​ឪពុក​ម្តាយ​ ព្រលឹង​នៅ​ចុង​សក់​ ផង​ដែរ​។​

បើ​តាម​សំដី​របស់​ឈ្មោះ​ សាន ស៊ី​ម ជា​ប្តី​នោះ​ បាន​និយាយ​ប្រាប់​ថា​ មុន​ពេល​កើតហេតុ ​រូបគេ​បាន​ស៊ី​ការ​ មិត្ត​ភ័ក្ត្រ ចេញពី​ស៊ី​ការ​ បាន​បើករថយន្ត​ម៉ាក​ នី​សាន់​ណា​វ៉ា​រ៉ា ពណ៌​ប្រផេះ ​ពាក់​ស្លាក​លេខ ភ្នំពេញ 2A-6906 ដែល​ខ្លួន​ទើបតែ​ទិញ​ នាំ​ស្រី​ស្នេហ៍​របស់​គេ​ ឈ្មោះ​នាង មុំ ជា​ស្រី​ខា​រ៉ា​អូ​ខេ នៅ​សណ្ឋាគារ​រុងរឿង ដើរ​លេង​ទៅ​ ភូមិ​ត្រពាំង​ថ្ម ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ លុះ​ពេល​ត្រឡប់​មក​វិញ​ វេលា​ម៉ោង​៧​យប់ ថ្ងៃ​ដដែល​ក៏​នាំ​នាង​ទៅ​ហូប​បាយ ​នៅ​ផ្សារ​រាត្រី ស្រាប់តែឃើញ​ប្រពន្ធ​ជិះ​ម៉ូតូ ខ្លួន​ក៏​ឈប់​ ពេល​នោះ​ស្ត្រី​ជា​ប្រពន្ធ បាន​វាយ​ប្រតប់​គ្នា​ជា​ស្រី​ស្នេហ៍ ​របស់​ខ្លួន ប៉ះ​នឹង​ចង្កឹះ​លេខ ខ្លួន​ភ័យ​ផង​នោះ ​ក៏​ច្រឡំ​ជាន់​ហ្គែ​រ​ ថែម​ទៀត​។​

ស្ត្រី​រង​គ្រោះ​ បើ​តាម​ការ​ពិនិត្យ​ ពី​លោកគ្រូ​ពេទ្យ បាន​និយាយ​ថា ​ជន​រង​គ្រោះ​បាន​បាក់​ជំនី​ ទាំងអស់​ ផ្នែក​ខាងឆ្វេង​បណ្តាល​ ឲ្យ​រង​របួសធ្ងន់ ​រហូត​ដល់​ស្លាប់ ដែល​គ្រូពេទ្យ​ មិន​អាច​ជួយ​សង្គ្រោះ​បាន​។

​មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្ត​ បាន​បញ្ជាក់​ថា​ បុរស​ជា​ប្តី​ ត្រូវ​បាន​នាំ​មក​សួរ​ នៅ​ការិយាល័យ​ចរាចរណ៍​ ជើងគោក​ខេត្ត និង​កំពុង​រៀបចំ​សំណុំរឿង​ បញ្ជូន​ខ្លួន​ទៅ ​សាលាដំបូង​ខេត្ត ​ដើម្បី​ចាត់ការ​ តាម​និ​តិ​វិធី​ច្បាប់​៕​






ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម