ដឹង​ថា​ ក្រុម​កំប្លែង​មួយ​ណា​មាន​ក្រម​សីលធម៌​វិជ្ជាជីវៈ​ល្អ​​ជាង​គេ​​ពេល​សម្ដែង​លើ​ឆាក?

 
 

មាន​ក្រុម​កំប្លែង​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​ក្រុម​កំប្លែង​ខ្លះ​ទទួល​បាន​ការ​កោត​សរសើរ​ពី​មហាជន​ថា​គោរព​វិជ្ជាជីវៈ​បាន​ល្អ​ពេល​សម្ដែង​លើ​ឆាក ហើយ​ក៏​មាន​ក្រុម​កំប្លែង​ខ្លះ​ទៀត​ទទួល​រង​ការ​រិះគន់​​ពី​ទស្សនិកជន​ផង​ដែរ​ថា​និយាយ​ស្ដី​មិន​សមរម្យ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម​ជា​ដើម។ ចុះ​ប្រិយមិត្ត​វិញ​គិត​ថា​ក្រុម​កំប្លែង​មួយ​ណា​មាន​ក្រម​សីលធម៌​ជាង​គេ​ពេល​សម្ដែង​លើ​ឆាក​ម្ដងៗ?

ថ្ងៃ​នេះ​ Sabay សូម​លើក​យក​ក្រុម​កំប្លែង​ចំនួន​ ៥ ​មក​ឱ្យ​ទស្សនិកជន​ផ្ដល់​ពិន្ទុ​ជុំ​វិញ​ការ​គោរព​វិជ្ជាជីវៈ​បាន​ល្អ​ពេល​សម្ដែង​ជូន​មហាជន​លើ​កញ្ចក់​ទូរទស្សន៍ ក៏​ដូច​ជា​តាម​បណ្ដា​ខេត្ត​ជា​ដើម។ ក្រុម​កំប្លែង​ទាំង​ ៥​ នោះ ​រួម​មាន​ ក្រុម​កំប្លែង​របស់​ នាយ កុយ ក្រុម​នាយ ក្រឹម ក្រុម​កំប្លែង CTN មាន​នាយ ពែក​មី​ជា​ប្រធាន ក្រុម​កំប្លែង​នាយ វីតាមីនសេ និង​ក្រុម​កំប្លែង​នាយ ខ្ជឹប។


ក្រុម​កំប្លែង​នាយ កុយ ជា​ក្រុម​កំប្លែង​មួយ​ទទួល​បាន​ការ​គាំទ្រ​ពី​មហាជន​ទូទៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ទាប់​ពី​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០០៥។ ដើម​ឡើយ​នាយ កុយ ចាប​ដៃ​នឹង​នាយ ក្រឹម​​ ដើម្បី​បង្កើត​ក្រុម​កំប្លែង​មួយ​ដោយ​មាន​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​ពី​ទស្សនិកជន ប៉ុន្តែ​ក្រោយ​មក​ពួកគេ​ក៏​បែក​បាក់​គ្នា​វិញ ហើយ​ទៅ​បង្កើត​ក្រុម​រៀងៗ​ខ្លួន។

បច្ចុប្បន្ន​ក្រុម ​នាយ កុយ សម្ដែង​នៅ​តាម​បណ្ដា​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​ដូច​ជា​ ទូរទស្សន៍​អាស៊ីអាគ្នេយ៍ បាយ័ន ហង្ស​មាស​ ជា​ដើម។ សមាជិក​ក្នុង​ក្រុម​កំប្លែង​នេះ​មាន​ដូច​ជា​​នាយ កុយ ជា​ប្រធាន​ក្រុម នាយ​សានម៉ៅ អ្នក​នាង​គ្រត នាយ ហុង​ដា តាចេក នាយ​ឃ្លោក អ្នក​នាង​ប្រិមប្រិយ នាយ​ក្រិន យាយ​ខ្លី កា​តុប​អើត។


ងាក​ទៅ​រក​ក្រុម​កំប្លែង​នាយ​ ក្រឹម វិញ​ បន្ទាប់​ពី​បែក​បាក់​ពី​នាយ កុយ​លោក​ក៏​បាន​បង្កើត​ក្រុម​កំប្លែង​ថ្មី​មួយ​ផង​ដែរ​ក្រោម​ការ​ដឹក​នាំ​របស់​ខ្លួន។ ក្រុម​កំប្លែង​នាយ ក្រឹម​ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​ផង​ដែរ​ទាក់ទង​ទៅ​នឹង​សិល្បៈ​នៃ​ការ​សម្ដែង។ បច្ចុប្បន្ន​ក្រុម​កំប្លែង​មួយ​នេះ​កំពុង​សម្ដែង​នៅ​ស្ថានីយ​ទូរទស្សន៍ បាយ័ន ហង្ស​មាស និង​ទូរទស្សន៍​មួយ​ចំនួន​ទៀត។ សមាជិក​ក្នុង​ក្រុម​មាន​ដូច​ជា នាយ​ក្រឹម ជា​ប្រធាន នាយ​ក្ដឹប យាយ​យ៉យ យាយ​ អឿន នាង​ព្រលិត នាយ​ឆ្លាំង អា​ចយ នាង លន់ ដាណេ និង​តារា​មួយ​ចំនួន​ទៀត។


ដោយ​ឡែក​ក្រុម​កំប្លែង CTN មាន​លោក សុវណ្ណរិទ្ធី ហៅ​ តាវ៉ិចទ័រ ជា​អ្នក​ដឹក​នាំ​បង្កើត​ឡើង​ដោយ​ស្ថានីយ​ទូរទស្សន៍​នេះ​ផ្ទាល់​​ក្នុង​ឆ្នាំ២០០៩ ដើម្បី​បម្រើ​ដល់​អារម្មណ៍​ប្រិយមិត្ត​អ្នក​ស្ដាប់។ ក្រុម​កំប្លែង​ដែល​មាន​នាយ ពែកមី​ជា​ប្រធាន​កំពុង​តែ​ទទួល​បាន​ការ​​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​ទស្សនិកជន។ ក្រុម​កំប្លែង​នេះ​មិន​សម្ដែង​នៅ​ស្ថានីយ​ទូរទស្សន៍​ផ្សេង​ទេ​គឺ​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​ CTN។ សមាជិក​ក្នុង​ក្រុម​កំប្លែង​នេះ​រួម​មាន​នាយ ពែក​មី​ជា​ប្រធាន នាង​ខ្ញុង នាយ​គ្រឿន នាយ​ក្រូច នាយ​ តាក់​ស៊ី នាយប៊ូម នាង​អ៊ិត នាង​ភីម នាយចើម កញ្ញា នីឡា តា​ស្លេក និង​យាយ តយ។

ចំណែក​ឯ​ក្រុម​កំប្លែង​នាយ វីតាមីនសេ វិញ​ដើម​ឡើយ​ជ្រក​ក្រោម​ការ​ដឹក​នាំ​របស់​នាយ ក្រឹម ប៉ុន្តែ​ក្រោយ​មក​បាន​បំបែក​ជា​ក្រុម​មួយ​ទៀត​ដែល​មាន​តា វីតាមីនសេ ជា​​ប្រធាន​ក្រុម។ បច្ចុប្បន្ន​ក្រុម​កំប្លែង​មួយ​នេះ​កំពុង​សម្ដែង​តាម​បណ្ដា​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន​ដូច​ជា ទូរទស្សន៍​បាយ័ន និង​​ស្ថានីយ​ទូរទស្សន៍ប៉ុស្ថិ៍កលេខ៥។ សមាជិក​ក្នុង​ក្រុម​នេះ​មាន​ដូច​ជា នាយ វីតាមីនសេ ជា​ប្រធាន ​ នាយ​ស៊ីត្រូ នាយ​​សង់​ ស៊ីស យាយ​ណាង នាយ​សេត នាយ​ស្វិត នាយ​ឆើត នាយ​តឹង នាង​បុទុម និង នាង​ ប៉េងប៉ោង ជា​ដើម។


និយាយ​​ពី​ក្រុម​កំប្លែង​នាយ ខ្ជឹប ឯណោះ​វិញ ក្រុម​នេះ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​​ ២០០៥ ដោយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ផង​ដែរ​ពី​មហាជន​ខ្មែរ។ ក្រុម​កំប្លែង​មាន​នាយ ខ្ជឹប ជា​ប្រធាន​កំពុង​សម្ដែង​នៅ​តាម​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​ដូច​ជា​ ទទក ហង្ស​មាស។ សមាជិក​ក្នុង​ក្រុម​មាន​ដូច​ជា នាយ ខ្ជឹប នាយ គ្រួច នាយ តឹង នាង​ប៉ុម​ពុយ នាយ វ៉េវ ​នាយ ​កា​ត្រប់ និង​តារា​កំប្លែង​មួយ​ចំនួន​ទៀត។

ប្រភព​  Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម