ប្រជាប្រិយភាព កែវ រំចង់ ចាប់ផ្ដើម​​​ធ្លាក់ចុះ អ្នកលេង​​​ទើប​ល្បី​ ឈ្មោះ​​​សុំ​សាក​ថ្វីដៃ

 
 

ភ្នំពេញៈ អ្នកប្រដាល់អាងកម្លាំង​បាយ កែវ រំចង់ សិស្សគុនក្លឹបកងពល​​តូចអន្ដរាគមន៍​​លេខ៨ ភ្នំទ្រព្យនៅថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០១៤ចុង​សប្ដាហ៍នេះ ត្រូវបានគេរៀបចំ​ឲ្យប្រកួត ជាមួយ​សិស្សប្អូន ម៉ឺន សុភា អ្នកលេងវ័យ​ក្មេងមកពីក្លឹប ក្រសួងការពារ​ជាតិនៅ លើសង្វៀនបាយ័ន​បឹងស្នោរ ។
ការផ្គូរផ្គងខាងលើនេះ ត្រូវបានគេ​សន្និដ្ឋានថា កេរ្ដិ៍ឈ្មោះ និងប្រជាប្រិយភាព​កីឡាករ កែវ រំចង់ ចាប់ផ្ដើម​ធ្លាក់ចុះជា បណ្ដើរៗហើយដែលត្រូវធ្លាក់ ខ្លួនមកប្រកួតជាមួយកីឡាករ មានបទពិសោធន៍ក្មេង ខ្ចីដូចជា ម៉ឺន សុភា បែបនេះ ប៉ុន្ដែ​មាន ទស្សនៈមួយចំនួន បានលើក​ឡើងថា “ការដែលគេរៀបចំឲ្យ កែវ រំចង់ ប្រកួតជាមួយកីឡាករ ក្មេងៗស្រករ​ក្រោយ​នោះ ប្រហែលជាគេចង់​​​​​​​ឲ្យកេរ្ដិ៍ឈ្មោះ កែវ រំចង់ ល្បីឡើងហើយមើលទៅ ព្រោះមួយរយៈពេល​មកនេះ ក្រោយ​ពី រំចង់ សន្លប់ក្រោមថ្វីដៃ​កីឡាករ វង្ស ណយ ទាំងប្រជា​ប្រិយភាព និងកេរ្ដិ៍របស់​គេហាក់ មិនសូវល្បីដូច​មុនឡើយ” ។
កែវ រំចង់ ត្រូវបានគេស្គាល់ថាជា កីឡាករ​​​​កម្លាំងយក្ស វាយមិនដកថយ ដែលតែង​តែប្រើកម្លាំង វាយសម្រុក​បំបាក់​ស្មារតី គូប្រកួតឲ្យចុះញ៉ម ប៉ុន្ដែបើ​គូប្រកួត របស់ខ្លួនរឹងមាំនោះ រំចង់ ច្បាស់ជា​ពិបាកមិនខាន ។ ចំពោះការ​ជួបសិស្ស​ប្អូន ម៉ឺន សុភា ចុងសប្ដាហ៍នេះវិញ កែវ រំចង់ ក៏មិនទាន់ច្បាស់​ខ្លួនឯងថា អាចយក​ឈ្នះបាន ១០០%នោះដែរ បើ​ទោះបីមានបទ ពិសោធន៍ច្រើន ជាងដាច់​ក៏ដោយ ។
ប៉ុន្ដែបើតាមការរិះគន់ របស់អ្នក​តាមដាន និងប្រិយមិត្តគាំទ្រ​វិស័យ កីឡាប្រដាល់​កន្លងមក ជំនួបលើក​ដំបូងរវាង កែវ រំចង់ និង ម៉ឺន សុភា នៅលើសង្វៀន​បាយ័ននេះ គេអាចទស្សន៍ទាយ ដឹងមុនទៅ​ហើយថា កែវ រំចង់ ប្រាកដជាឈ្នះ​មិនខាន ព្រោះទស្សនិកជនបាន​អះអាងថា “សម្រាប់ការប្រកួត​សង្វៀនបាយ័ន ទោះបី រំចង់ ចាញ់ប្រៀប​បន្ដិចបន្ទួច ឬស្មើពិន្ទុ ក៏ដោយ ក៏គេឲ្យ រំចង់ ឈ្នះដែរ” ។ ជាក់ស្ដែងកាលពីចុង ខែមិថុនា​កន្លងទៅថ្មីៗ នេះការសម្រេចឲ្យ កែវ រំចង់ ឈ្នះពិន្ទុ កីឡាករ ព្រំ សំណាង ក្នុងកម្មវិធីប្រដាល់​ដណ្ដើមប្រាក់ ១.០០០ដុល្លាប្រចាំខែ របស់​សង្វៀនបាយ័ន ត្រូវបានគេរិះ គន់យ៉ាងចាស់ដៃ ដោយសារទស្សនិក​មើលឃើញពី ភាពមិនប្រក្រតីនៅ ពេលប្រកាស​លទ្ធផលនោះ ។
ដូច្នេះបច្ចុប្បន្នរាល់ការឡើង​ប្រកួតលើសង្វៀន​របស់កីឡាករ កែវ រំចង់ គឺមិនសូវទទួល​បានការគាំទ្រដូច​មុនទៀត​នោះ​ទេ ជាពិសេសការ​ផ្គូរផ្គងឲ្យជួបអ្នកប្រដាល់​ក្មេងខ្ចីដូចជា ម៉ឺន សុភា ប្រហែលជា​មិនមានអ្វីគួរឲ្យភ្ញាក់​ផ្អើលសម្រាប់​ទស្សនិក ឡើយ ។ ប៉ុន្ដែទោះជាយ៉ាងណា ម៉ឺន សុភា អាចចាញ់ប្រៀប កែវ រំចង់ ត្រង់កម្លាំង និងមិនសូវមាន​ចិត្តក្លា​ហាន តែបើ និយាយពីសាច់​ស្នៀតវិញ មិនលើសខ្វះគ្នា​ប៉ុន្មានឡើយ ៕
(ប្រភព៖ដើមអម្ពិល)

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម