ព្រោះតែម្ដាយឈឺយកខ្សែកទៅបញ្ចាំ លើសកំណត់៣ថ្ងៃគេមិនឲ្យ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានទៅកាន់ ប៉ុស្ដិ៍នគរបាលចោមចៅ ដើម្បីដាក់ពាក្យបណ្ដឹងសុំឲ្យ នគរបាលជួយអន្តរាគមន៍ បន្ទាប់ពីម្ដាយរបស់នាង អត់លុយមើលជំងឺ ហើយបានយកខ្សែកប្លាទីន១ខ្សែ តម្លៃ២៦០ដុល្លារ ទៅដាក់បញ្ចាំនៅកន្លែងលក់មាសប្ដូរប្រាក់មួយកន្លែងលេខ១៧៣ នៅក្នុងផ្សារកាណាឌីយ៉ា ក្នុងតម្លៃត្រឹម៥០ដុល្លារតែប៉ុណ្ណោះ ដោយកំណត់រយៈពេល ១ខែត្រូវលោះយកវិញ បើមិនដូច្នេះទេនឹងត្រូវដាច់។
ប៉ុន្តែបានរយៈពេលត្រឹមតែ កន្លះខែប៉ុណ្ណោះ កូនស្រីបានយកលុយទៅលោះយកខ្សែកមកវិញតែពេលទៅដល់ តូបដែលដាក់បញ្ចាំនោះ ត្រូវបានអ្នកទទួលបញ្ចាំប្រាប់ថា អត់បានយកខ្សែនោះមកទេគឺនៅផ្ទះ ហើយកូនស្រីម្ចាស់ខ្សែក ក៏បានត្រឡប់ទៅផ្ទះវិញ រហូតក្រោយមក ទើបទៅម្ដងទៀត លោះមិនបានដដែលដោយសារតែ លើសកំណត់រយៈពេល៣ថ្ងៃ គឺអ្នកទទួលបញ្ចាំមិនព្រមឲ្យ និងបានជម្រុញឲ្យជនរងគ្រោះទៅប្ដឹងដល់ណាក៏ប្ដឹងទៅ ដោយសំអាងទៅលើការ លើសកំណត់រយៈពេលនៅក្នុងកិច្ចសន្យាបញ្ចាំ។
ក្រោយពេលមិនព្រម ប្រគល់ខ្សែកឲ្យវិញ ហើយជំរុញឲ្យប្ដឹង ថែមទៀតនោះ ទើបកូនស្រីម្ចាស់ខ្សែក បានទៅប្ដឹងនគរបាលប៉ុស្ដិ៍ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ឲ្យជួយអន្តរាគមន៍ កាលពីវេលាម៉ោង ៥និង៣០នាទី ល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦។ ស្ត្រីដែលទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលនោះឈ្មោះ ធឿន ចាន់ធី អាយុ៣៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ចំណែកម្ដាយរបស់នាង ដែលយកខ្សែកទៅដាក់បញ្ចាំនោះឈ្មោះ អ៊ុន ណាត អាយុ៥៧ឆ្នាំ ជាកម្មការិនីផ្នែកអនាម័យ នៅក្នុងរោងចក្រកាត់ដេរ អ្នកទាំងពីរនាក់ មានទីលំនៅក្នុងភូមិរកាកោង ឃុំព្រែកព្នៅ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ដោយឡែកខ្សែក ដែលគាត់យកទៅដាក់បញ្ចាំនោះ មានតម្លៃ២៦០ដុល្លារអាមេរិក។ ស្ត្រីឈ្មោះ ធឿន ចាន់ធី ដែលជាកូនបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ម្ដាយរបស់នាងបានយកខ្សែក ១ខ្សែនោះទៅដាក់ បញ្ចាំនៅតូបលក់មាសប្ដូរប្រាក់លេខ១៧៣ ក្នុងផ្សារកាណាឌីយ៉ា ក្នុងតម្លៃត្រឹមតែ៥០ដុល្លារតែប៉ុណ្ណោះ ហើយអ្នកទទួលបញ្ចាំបាន ទារការប្រាក់ចំនួន ១០ដុល្លារ ក្នុងកាលកំណត់រយៈពេល១ខែ។ ដោយគិតចាប់ថ្ងៃដាក់បញ្ចាំ គឺថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦។ នាងមានការភ័យ ខ្លាចបាត់បង់ខ្សែកណាស់ ព្រោះនាងមានតែប៉ុណ្ណឹង ហើយដោយ សារតែខ្វះខាតលុយទិញថ្នាំឲ្យម្ដាយ ទើបសម្រេចចិត្តឲ្យម្ដាយយកវាទៅបញ្ចាំ។
លុះបានរយៈពេលកន្លះខែ នាងបានយកលុយចំនួន ៥០ដុល្លារទៅលោះយកខ្សែកមកវិញ ប៉ុន្តែពេលទៅដល់ត្រូវបានម្ចាស់តូបនោះ ប្រាប់ថាអត់បានយកខ្សែកមកទេ ទើបនាងត្រឡប់ទៅផ្ទះវិញ ហើយដោយរវល់មើលម្ដាយឈឺ ទើបភ្លេចរឿងខ្សែក លុះដល់ថ្ងៃទី២៤ ខែសីហា នាងបានទៅលោះយកម្ដងទៀត ប៉ុន្តែម្ចាស់តូបដែលជាអ្នកទទួលបញ្ចាំនោះ មិនព្រមប្រគល់ឲ្យឡើយ ដោយសំអាងថា ហួសកំណត់រយៈពេល៣ថ្ងៃហើយ ដោយជននោះមិនបាន គិតពីកាលដែលនាងទៅលោះ កាលពីកន្លះខែមុនមិនយកឲ្យនាងឡើយ មិនតែប៉ុណ្ណោះបានជម្រុញឲ្យនាង ទៅប្ដឹងដល់ណាក៏ប្ដឹងទៅ ទើបពេលនេះនាងរត់រកនគរបាល ឲ្យជួយព្រោះគ្មានជម្រើស ក្រៅពីនេះឡើយ។
ក្រោយពេលទៅដល់ ប៉ុស្ដិ៍ចោមចៅ នគរបាលមិនបានទទួលពាក្យបណ្ដឹងនោះទេ ដោយឲ្យនាង ត្រឡប់ទៅផ្ទះវិញសិនរង់ចាំថ្ងៃទី២៧ ខែសីហា នគរបាលនឹងទៅកាន់តូបទទួលបញ្ចាំនោះជាមួយនាង និងជួយនិយាយដោះស្រាយឲ្យ គឺជូននាងដោយផ្ទាល់នៅទីនោះតែម្ដង។
ទោះបីជាបែបនេះក្តី ម្ចាស់តូបខាងលើនោះ ហាក់ដូចជាចង់បាន របស់គេខ្លាំងណាស់ កាលើសកំណត់ រយៈពេលគឺលើសហើយ ចុះកាលពេលទើបបញ្ចាំ បានរយៈពេលកន្លះខែនាងទៅលោះវិញ មិនព្រមឲ្យនោះម៉េចមិនគិតផង ដល់គេលើសត្រឹម៣ថ្ងៃសោះ មិនព្រមឲ្យវិញ គួរណាស់តែគិត ការប្រាក់តាមនឹងទៅទើបល្អ និងគ្មានបញ្ហាកើតឡើង៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!