សោកនាដកម្មដ៏រន្ធត់! ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស ក្នុងហេតុការណ៍ឆេះអគារដ៏សន្ធោសន្ធៅមួយ នៅទីក្រុងឡុងដ៏ ត្រូវបានគេប្រៀបប្រដូចទៅនឹងព្រឹត្តការណ៍ 9/11 (មានវីដេអូ)

 
 

អង់គ្លេស៖  សោកនាដកម្មដ៏គួរឲ្យរន្ធត់ នៃការឆាបឆេះអគារខ្ពស់មួយកន្លែង ក្នុងទីក្រុងឡុងដ៏ បានបណ្តាលឲ្យមនុស្សជាច្រើនបានស្លាប់និងរងរបួស រហូតត្រូវបានគេប្រៀបប្រដូចទៅនឹងព្រឹត្តការណ៍ 9/11 នៅអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយ។

អគារ Grenfell Tower កម្ពស់២៤ជាន់ ស្ថិតនៅតំបន់ White City ក្នុងទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស  ត្រូវបានអគ្គិភ័យលេបត្របាក់ស្ទើរតែទាំងស្រុង កាលពីវេលាម៉ោង១រំលងអាធ្រាត ឈានចូលថ្ងៃពុធ ទី១៤មិថុនា ឆ្នាំ២០១៧  ខណៈមានមនុស្សជាច្រើនសិបនាក់ ត្រូវបានគេរាយការណ៍ថារងរបួសធ្ងន់ស្រាល និងជាច្រើននាក់ផ្សេងទៀតបានស្លាប់ និងបាត់ខ្លួន។

រូបភាព នៃការឆាបឆេះ
រូបភាព នៃការឆាបឆេះ

តាមរយៈរូបភាពជាច្រើនសន្លឹក ដែលត្រូវបានគេបង្ហោះចែកចាយនៅលើបណ្តាញសង្គម  គេឃើញអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ស្ទើរតែទាំងស្រុងនៃតួអគារ និងមានផ្សែងខ្មៅខ្មួលខ្មាញ់ ត្រត្បាញជះទៅលើអាកាសគួរឲ្យស្លុតចិត្តយ៉ាងខ្លាំង។ ខណៈមានក្រុមអ្នកពន្លត់អគ្គិភ័យជាច្រើនរយនាក់  និងក្រុមភ្នាក់ងារជួយសង្គ្រោះជាច្រើន   ខិតខំយ៉ាងសស្រាក់សស្រាំ ក្នុងការជួយអន្តរាគមន៍ពន្លត់។

បើយោងតាមសេចក្តីរាយការណ៍ ដែលទទួលបានចុងក្រោយ  បានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្សចំនួន ១២នាក់ហើយ ដែលបានស្លាប់ក្នុងហេតុការណ៍នេះ ខណៈចំនួននេះនឹងអាចនៅបន្តកើនឡើង  និងមានជនរងគ្រោះចំនួន ៧៤នាក់  កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៦កន្លែង នៅទូទាំងទីក្រុងឡុងដ៏  ដោយក្នុងចំណោមនោះ មានជនរងគ្រោះ២០នាក់ គឺកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ។

ប្រភពដដែលបានឲ្យដឹងថា អគារបានឆាបឆេះចេញពីជាន់ទី២ ជះឡើងទៅលើ ខណៈមនុស្សប្រមាណ ៦០០នាក់ ត្រូវជាប់គាំងនៅខាងក្នុង និងមួយចំនួនបានព្យាយាមរត់គេចខ្លួនចេញពីទីនោះ។ សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បាននិយាយថា ពួកគេបានឮសូរសម្លេងក្មេងចាស់ប្រុសស្រី ស្រែកទ្រហោយំ និងរកជំនួយ និងខ្លះទៀតបានបោះកូនចៅរបស់ពួកគេ តាមកញ្ចក់បង្អួចនៃអគារ ដើម្បីគេចពីការឆេះស្លាប់។

​រថយន្តពន្លត់អគ្គិភ័យចំនួន៤០គ្រឿង និងកងកម្លាំងពន្លត់ជាង ២០០នាក់ ត្រូវបានបញ្ជូនមកដល់កន្លែងកើតហេតុភ្លាមៗ  ដើម្បីជួយធ្វើអន្តរាគមន៍ ដោយចំណាយពេលអស់ជាច្រើនម៉ោងក្នុងប្រតិបត្តិការពន្លត់ និងជួយរំដោះជនរងគ្រោះដែលជាប់គាំងក្នុងអគារ។

ស្នងការពន្លត់អគ្គិភ័យ  Dany Cotton បានថ្លែងថា ចាប់តាំងពីគាត់ក្លាយខ្លួនជាអ្នកពន្លត់អគ្គិភ័យ រហូតដល់វ័យ២៩ឆ្នាំនេះ នាងពិតជាមិនដែលធ្លាប់បានជួបប្រទះ និងឃើញហេតុការណ៍ផ្ទាល់ភ្នែក ដ៏គួរឲ្យរន្ធត់បែបនេះឡើយ។

ទន្ទឹមនឹងនេះផងដែរ សោកនាដកម្មដ៏គួរឲ្យរន្ធត់នេះ ត្រូវបានមហាជនជាច្រើន ចាត់ទុកថាប្រៀបបីដូចហេតុការណ៍ 9/11 ដែលក្រុមភេវរកម្ម បានបើកយន្តហោះបំបុកអគារពាណិជ្ជកម្មភ្លោះ កាលពីថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ នៅទីក្រុង New York សហរដ្ឋអាមេរិក ដោយបានសម្លាប់មនុស្សអស់ជាច្រើនពាន់នាក់។

គួរឲ្យដឹងថា សម្រាប់ហេតុការណ៍នៃការឆាបឆេះអគារ Grenfell Tower ដ៏សន្ធោសន្ធៅ នៅតំបន់ White City ក្នុងទីក្រុងឡុងដ៏នេះដែរ បច្ចុប្បន្នកំពុងតែស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ពីសំណាក់មន្រ្តីជំនាញ ក្នុងការមូលហេតុដែលបានកើតឡើង។ ខណៈអ្នកវិភាគបានវាយតម្លៃថា ការឆាបឆេះនេះបានខាតបង់ទឹកប្រាក់ អស់ជាច្រើនលានដុល្លារផងដែរ ៕

ទស្សនាកម្រងរូបភាព និងវីដេអូខាងក្រោម៖  

ទស្សនាទិដ្ឋភាពទាំងស្រុង

ប្រភព : បរទេស


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម