សមត្ថកិច្ចប្រើពេលជាង៣ម៉ោង ​មុជរកស្លាកលេខរថយន្ត និងម៉ូតូ ដែលជនល្មើសបោះចោលនៅក្នុងទឹកស្រះ, ពលរដ្ឋណាធ្លាប់បាត់រថយន្ត និងម៉ូតូ ​សូមដាក់ពាក្យប្តឹងនៅស្នងការខេត្តកណ្តាល

 
 

(កំពង់ស្ពឺ-កណ្តាល)៖ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើ​ន បានប្រាប់បណ្តាញសារព័ត៌មាន Fresh News ថា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានប្រើពេលជាង៣ម៉ោង មុជរាករកស្លាកលេខរថយន្ត និងម៉ូតូ នៅក្នុងទឹកស្រះ ដែលជនល្មើសជាអ្នកទទួលផលចោរកម្ម បានបោះចោល។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជាលទ្ធផលក្រោយមុជរាវរកនោះ កម្លាំងនគរបាល រួមជាមួយអ្នកជំនាញខាងមុជទឹក បានរកឃើញស្លាកលេខរថយន្ត និងម៉ូតូប្រមាណ២០០បន្ទះ ព្រមទំាងដុំសោកម៉ូតូផងដែរ។

លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើង នៅចំណុចក្នុងទឹកស្រះដែលមាន ទំហំ ៣០ម x ៥០ម និងជម្រៅ០៣ម៉ែត្រ ស្ថិតមុខផ្ទះជនសង្ស័យឈ្មោះ ហេង ភក្តី នៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ដោយប្រើប្រាស់រយៈពេលជាង៣ម៉ោង ហើយរកឃើញដុំសោរកម៉ូតូចំនួន០៦, ស្លាកលេខរថយន្តចំនួន២គូរ និងស្លាកលេខចំនួន១៩៨បន្ទះ មានដូចជា៖ ភ្នំពេញ១៣៨ បន្ទះ, កណ្ដាល១០បន្ទះ, កំពង់ស្ពឺ០៧បន្ទះ, ព្រៃវែង០៣បន្ទះ, កំពត០៤បន្ទះ, ស្វាយរៀង០២បន្ទះ, តាកែវ០៣បន្ទះ, បន្ទាយមានជ័យ០៥បន្ទះ, ឧត្តមានជ័យ០១បន្ទះ, កំពង់ចាម០៤បន្ទះ, ត្បូងឃ្មុំ០២បន្ទះ, ក្រចេះ០២បន្ទះ, កោះកុង០២បន្ទះ, ព្រះសីហនុ០១បន្ទះ, ស្ទឹងត្រែង០១បន្ទះ, កំពង់ឆ្នាំង០២បន្ទះ, បាត់ដំបង០៣បន្ទះ, ពោធិ៍សាត់០២បន្ទះ, (ខ.ម)០១បន្ទះ, ONG ០១បន្ទះ និងស្លាកលេខចាស់ៗ០៤បន្ទះ។

សម្រាប់ស្លាកលេខទាំងនេះ ស្នងការនគរបាលខេត្តកណ្តាល សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងឡាយដែលបានធ្លាប់បាត់ម៉ូតូ និងរថយន្ត ហើយបានឃើញស្លាកលេខរបស់ខ្លួនទាំងនេះ សូមអញ្ជើញដាក់ ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីឲ្យសមត្ថកិច្ចជួយចាត់ការតាមនីតិបន្តទៀត។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ម្សិលមិញ តុលាការខេត្តកណ្តាល បានចេញដីកាសម្រេចឃុំខ្លួនក្រុមចោរប្លន់ កាច់ក លួចម៉ូតូ និងទទួលផលចោរកម្មទាំង១២នាក់ ដាក់ពន្ធនាគារ បន្ទាប់ត្រូវបានបង្ក្រាបជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង​ និងចុងក្រោយនៅខេត្តកំពង់ស្ពឺ៕

សមត្ថកិច្ច ​មុជរកស្លាកលេខរថយន្ត
ស្លាកលេខរថយន្ត និង ម៉ូតូ
ស្លាកលេខរថយន្ត និង ម៉ូតូ
ក្រុមចោរប្លន់ កាច់ក លួចម៉ូតូ
ក្រុមចោរប្លន់ កាច់ក លួចម៉ូតូ

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម