បុរសខ្មែរកម្សត់ កំពុងចាក់ដោតបេះដូងមហាជន សុខចិត្តរែកផ្កាខាត់ណា ដើរលក់រាប់គីឡូដី ក៏មិនលើកដៃសុំទានគេដែរ (មានវីដេអូ)

 
 

រាជធានីភ្នំពេញ៖ សង្គមបច្ចុប្បន្ននេះ មនុស្សមានការយល់ដឹងកាន់តែទូលំទូលាយ និងមានការរីកចម្រើនខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ទៅតាមបច្ចេកវិទ្យាសម័យទំនើប។

ក្នុងនោះផងដែរ មនុស្សក៏កាន់តែមានគំនិតច្នៃប្រឌិតខ្ពស់ឡើងក្នុងការប្រកបមុខរបររកស៊ី ដើម្បីចិញ្ចឹមជីវិតខ្លួន ព្រមទាំងក្រុមគ្រួសារជាប្រចាំថ្ងៃផងដែរ។

ជាក់ស្តែងជួបជាមួយនឹងលោកពូម្នាក់ឈ្មោះ ថៃ អាយុ ៥៨ ឆ្នាំ ដែលមានស្រុកកំណើតមកពីខេត្តកណ្តាល និងមានមុខរបរសព្វថ្ងៃជាអ្នកដើររែកបន្លែលក់ធម្មតាម្នាក់ គាត់កំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ ក៏ដូចជាបណ្តាអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ជាច្រើននាក់ផងដែរ។

នេះក៏ដោយសារតែលោកពូជាមនុស្សម្នាក់ ដែលមានគំនិតច្នៃប្រឌិតយ៉ាងខ្ពស់ នៅក្នុងការកែចៃ្នរែកផ្កាខាត់ណាលក់ដោយថ្មើជើង ដែលកម្រនឹងឃើញមានអ្នកលក់ណា មានគំនិតច្នៃប្រណិតយ៉ាងដូច្នេះណាស់ពីមុនមក។

ពូថៃ រែកផ្កាខាត់ណាលក់

ពូ ថៃ បានប្រាប់ថាមូលហេតុដែលគាត់សម្រេចចិត្តកែចៃ្នបន្លែផ្កាខាត់ណា ដោយមានការដាក់ដោតជាជួរៗរំលេចនូវភាពស្រស់ស្អាត និងមានរបៀបរៀបរយ ប្លែកទាក់ភ្នែក ទាក់អារម្មណ៍យ៉ាងដូច្នេះ គឺដោយសារតែគាត់គិតថា បន្លែផ្កាខាត់ណានេះ គឺជាប្រភេទបន្លែមួយបែប ដែលងាយនឹងជាំខូច ពេលយើងដាក់វាជាន់នៅលើគ្នាជាច្រើនដុំ។

ដូច្នេះលោកពូ ក៏សម្រេចជួលជាងឱ្យគេធ្វើដែកស្រួចៗជារង្វង់ និងអាចដាក់ដោតផ្កាខាត់ណាបាននៅជុំវិញនេះបានយ៉ាងស្រស់ស្អាត និងមើលទៅមានរបៀបរៀបរយខុសប្លែកពីធម្មតាបែបនេះ ដើម្បីទុកលក់បានយូរជាងការច្រកស្បោងលក់ធម្មតាដូចកាលពីមុន។

ស្របជាមួយគ្នានេះលោកពូ ក៏ធ្លាប់លក់ផ្លែឈើដទៃទៀតដែរដូចជា ផ្លែប៉ោម និងមានជាដើម។ ដោយផ្កាខាត់ណានេះ បានយកពីប្រជាពលរដ្ឋកសិករ ដែលជាអ្នកដាំនៅតាខ្មៅ ឬយកមកពីខេត្តស្វាយរៀងជាដើម ដោយមានម៉ូយដឹកយកមកឱ្យដល់កន្លែងដែលគាត់ប្រាប់គេ ដូចជានៅទីតាំងតាមផ្សារតូចធំនានានៅក្នុងរាជធានីភ្នំពេញជាដើម ដែលលោកពូបានកំណត់។ 

ពូថៃ រែកផ្កាខាត់ណាលក់

ជួបជាមួយក្រុមការងារខ្មែរឡូតលោកពូ ថៃ បានរៀបរាប់ប្រាប់យើងដូច្នេះថា លោកពូប្រកបមុខរបរ រែកបន្លែនេះលក់ អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ដើម្បីរកប្រាក់បន្តិចបន្តួច យកមកផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារនាពេលបច្ចុប្បន្ននេះ ជាពិសេសនោះគឺគាត់ក៏បានប្រកាន់ជំហរឹងមាំដាច់ខាតថា ទោះបីជាមានជីវភាពក្រីក្រយ៉ាងណាក៏មិនលើកដៃសុំទានគេដែរ។ 

ពូថៃ រែកផ្កាខាត់ណាលក់

សព្វថ្ងៃនេះមានគាត់បានដើរលក់ផ្កាខាត់ណានៅជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ មានដូចជាម្តុំផ្សារច្បារអំពៅ បឹងកេងកង ទួលទំពូង និងធ្លាយទៅដល់ពោធិ៍ចិនតុងរង្វង់មូលចោមចៅទៀត ដោយគាត់ថារែកដើរលក់ឡើងសឹកស្បែកកែងជើង របកចេញនៅសល់តែឃើញស្បែកខ្ចីក្រហមៗផងដែរ ព្រោះត្រូវដើរលក់ក្នុង១មួយ ២០ គីឡូដី គិតជាមធ្យម។

គាត់ថាគាត់ដើរលក់រាល់ថ្ងៃមិនដែលខានមួយថ្ងៃណាមួយឡើយ ហើយលក់ដល់ពេលយប់ទៀតផង ទម្រាំអស់ផ្កាខាត់ណាពីអំរែកលើស្មា។

ពូថៃ រែកផ្កាខាត់ណាលក់

ទន្ទឹមនឹងនេះ គាត់ក៏ធ្លាប់ដាក់កង់បណ្តើរលក់ដែរ តែមិនមានអ្នកទិញដូចពេលរែកដើរលក់ទេ ព្រោះពេលដែលគាត់ដើរលក់បែបនេះ មានអ្នកអាណិតអាសូរជួយទិញគាត់ច្រើនជាង។

ដោយពេលលក់ដាច់អស់ គាត់អាចចំណេញបានប្រាក់ចំនួន ២ ទៅ ៣ ម៉ឺនរៀលប៉ុណ្ណោះ សម្រាប់យកទៅឱ្យប្រពន្ធ ១០០០០ រៀល និងទុកខ្លះចំណាយទិញបាយទឹកហូបចុក សម្រាប់ខ្លួនឯងពេលដើរលក់ជារៀងរាល់ថ្ងៃ។ ហើយពេលខ្លះគាត់ក៏ឆ្លៀតយកលុយនេះទៅឱ្យចៅៗ ខ្លះ ម្នាក់ ១០០០ រៀលជាដើមផងដែរ ដែលចៅគាត់ទាំងអស់គឺមានសរុបចំនួនដល់ទៅ ១០ នាក់។

ពូថៃ រែកផ្កាខាត់ណាលក់

គាត់បន្ថែមថា កាលពីមុនគាត់លក់បាន ៤០ គីឡូ ក្នុង១ថ្ងៃ ប៉ុន្តែពេលនេះបន្ថយមកសល់នៅត្រឹមតែចំនួនពី ២០ ទៅ ៣០ គ.ក ប៉ុណ្ណោះ ព្រោះលក់មិនសូវដាច់។

ជាក់ស្តែង ផ្កាខាត់ណាដែលលោកពូ ទិញមកក្នុង១គីឡូក្រាម គឺមានតម្លៃពី ៣៥០០ ឬទៅ ៤០០០ រៀល និងលក់ទៅវិញក្នុងតម្លៃ ៦០០០ ទៅ ៧០០០ រៀល ចំណែកឯនៅសល់ចុងក្រោយលោកពូក៏លក់បន្ថយតម្លៃ ឬស្មើនឹងតម្លៃដើម ៤០០០ រៀល ដែលគាត់យកមក ដើម្បីឱ្យលក់ដាច់អស់។ 

ផ្កាខាត់ណា ពូថៃ

ក្រៅពីប្រកបរបរដើររែកផ្កាខាត់ណាលក់ពូ ថៃ ក៏ចេះលេងហ្គីតាតិចតួច ដោយធ្លាប់ដើរលេងតាមពិធីកម្សាន្តមួយចំនួនម្តងម្កាលផងដែរ។ ហើយទៅថ្ងៃអនាគតគាត់ក៏នៅតែស្រលាញ់របរត្រឹមត្រូវមួយនេះ និងមានការប្តេជ្ញាចិត្តជាដាច់ខាតថា មិនលើកដៃសុំទានគេជាដាច់ខាត ទោះមានជីវភាពក្រីក្រយ៉ាងណា ក៏សុខចិត្តរែកបន្លែផ្លែឈើដើរលក់តាមកម្លាំង។ 

មានពេលខ្លះទៀត គាត់ថាទោះបីជាគេឱ្យលុយលើសចំនួននៃបន្លែរបស់គាត់ ក៏គាត់មិនចង់ទទួលដែរ គឺសុំត្រឹមតែតម្លៃនៃផ្កាខាត់ណាដែលគាត់លក់ឱ្យប៉ុណ្ណោះ។

ពូថៃ រែកផ្កាខាត់ណាលក់
ផ្កាខាត់ណាពូ ថៃ

គួរឱ្យដឹងផងដែរថា លោកពូ ថៃ បច្ចុប្បន្នមានទីលំនៅស្នាក់នៅផ្ទះជួបចាក់អង្រែក្រោម រស់នៅជាមួយប្រពន្ធក្រោយ (ប្រពន្ធមុនស្លាប់) ជាមួយនឹងកូនតូចម្នាក់។ ចំណែកឯកូនប្រពន្ធមុនរបស់គាត់វិញ គឺមានកូនចំនួន ៦ នាក់ជាមួយគ្នា ដោយពួកគេក៏បានរៀបការមានគ្រួសារចេញទៅរស់នៅរៀងៗខ្លួនបែកពីគ្នាអស់ហើយ និងម្នាក់ៗក៏បានប្រកបរបររកស៊ីចិញ្ចឹមគ្រួសារដូចជាធ្វើកម្មករសំណង់ និងលក់ដូរតិចតួចនៅតាមរទេះ និងនៅតាមផ្ទះជួលកន្លែងដែលពួកគេស្នាក់នៅ ក្នុងមួយបន្ទប់មានតម្លៃ ២០ ដុល្លារក្នុងមួយខែៗ។

ដូច្នបើអ្នកដែលមានបំណងចង់ជួយទិញផ្កាខាត់ណារបស់ពូ ថៃ អាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០១៥ ៩២០ ២៥៥ ដែលជាលេខលោកពូផ្ទាល់ផងដែរ៕

ទស្សនាវីដេអូខាងក្រោម ដែលក្រុមការងារខ្មែរឡូតយើង បានចុះទៅសម្ភាសន៍ផ្ទាល់៖ 


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម