ក្ដៅៗ! អាមេរិក អូស្ដ្រាលី និងថៃ បានរាយការណ៍ ពីករណីស្លាប់ដំបូង នៃវីរុសកូរ៉ូណាប្រភេទថ្មី

 
 

បរទេស៖ អាមេរិកបានរាយការណ៍ ពីករណីស្លាប់ជាលើកដំបូង នៃវីរុសកូរ៉ូណាប្រភេទថ្មី នៅក្នុងរដ្ឋវ៉ាស៊ីនតោន។ ក្រុមមន្ដ្រីបាននិយាយថា អ្នកជំងឺគឺជាបុរសម្នាក់ មានអាយុជាង៥០ឆ្នាំ ដែលមានបញ្ហាសុខភាពជាច្រើនផងដែរ។ នៅថ្ងៃអាទិត្យនេះដែរ ប្រទេសអូស្ដ្រាលីក៏បានរាយការណ៍ ពីករណីស្លាប់ដំបូង ដោយសារជំងឺកូវីដ-១៩នេះ ដែលបានកើតទៅលើ លោកតាអាយុ៧៨ឆ្នាំម្នាក់ ដែលត្រូវបានគេជម្លៀសចេញពីនាវាទេសចរណ៍ Diamond Princess ផងដែរ។ នៅក្នុងប្រទេសថៃ ករណីឆ្លងនៃជំងឺកូវីដ-១៩ មានចំនួន៤២ករណី ហើយករណីស្លាប់ដំបូង ត្រូវបានប្រកាស នៅថ្ងៃអាទិត្យនេះ។ មន្ដ្រីម្នាក់បាននិយាយថា បុរសអាយុ៣៥ឆ្នាំម្នាក់ បានស្លាប់ដោយសារវីរុសថ្មីនេះ និងមានផ្ទុកជំងឺគ្រុនឈាមផងដែរ។

វីរុសកូរ៉ូណាប្រភេទថ្មីបានសម្លាប់មនុស្សជាច្រើន នៅក្រៅប្រទេសចិន ក្នុងរយៈពេលចុងក្រោយនេះ

យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា មានករណីឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ជាង៨៥,០០០ករណី នៅក្នុងប្រទេសចំនួន៥៧ ជុំវិញពិភពលោក និងមានអ្នកស្លាប់ជិត៣,០០០នាក់។ ភាគច្រើននៃការឆ្លងនិងការស្លាប់គឺនៅក្នុងប្រទេសចិន ដែលវីរុសនេះបានលេចចេញ កាលពីចុងឆ្នាំមុន។

ជំងឺកូវីដ-១៩ នៅបន្ដរីករាលដាល ឥតស្រាកស្រាន្ដ

នៅសហរដ្ឋអាមេរិក មន្ដ្រីសុខាភិបាលក្នុងតំបន់បានបញ្ជាក់ កាលពីថ្ងៃសៅរ៍ថា បុរសអាយុ៥០ឆ្នាំបានស្លាប់ នៅតំបន់ King County នៃរដ្ឋវ៉ាស៊ីនតោន។ ពួកគេបាននិយាយថា បុរសម្នាក់នេះមិនបានធ្វើដំណើរ ទៅតំបន់ដែលមានហានិភ័យខ្ពស់នោះទេ។ អភិបាលរដ្ឋវ៉ាស៊ីនតោន លោក Jay Inslee បានប្រកាសអាសន្ន ក្នុងការឆ្លើយតបនឹងករណីថ្មី នៅក្នុងរដ្ឋនេះ។ មន្ដ្រីនៅរដ្ឋវ៉ាស៊ីនតោន កាលពីថ្ងៃសៅរ៍ កំពុងស៊ើបអង្កេត អំពីការផ្ទុះឡើងនៃមេរោគនេះ នៅឯមណ្ឌលថែទាំចាស់ជរាក្នុងតំបន់។

នាវាទេសចរណ៍ Diamond Princess

ចំណែកក្នុងប្រទេសអូស្ដ្រាលី លោកតាដែលបានស្លាប់ ដោយសារជំងឺកូវីដ-១៩ គឺមកពីទីក្រុង Perth។ គាត់គឺជាមនុស្សម្នាក់ ក្នុងចំណោមជនជាតិអូស្ដ្រាលីប្រហែល ១៦០នាក់ ដែលត្រូវបានជម្លៀស ចេញពីនាវាកម្សាន្ដ Diamond Princess កាលពីខែមុន។ ភរិយារបស់លោកតា៧៨ឆ្នាំរូបនេះ ក៏បានឆ្លងជំងឺនេះផងដែរ និងកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ។ អ្នកដំណើរច្រើនជាង ៦០០នាក់ក្នុងចំណោមអ្នកដំណើរ៣,៧០០នាក់ បានឆ្លងវីរុសថ្មីនេះ នៅលើនាវាទេសចរណ៍ Diamond Princess ដែលជាប់គាំងនៅឯកំពង់ផែ Yokohama ប្រទេសជប៉ុន ចាប់តាំងពីដើមខែកុម្ភៈ៕


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម