ម៉ារី ណែត តួឯក ២ រឿង ក្នុង​ពេល​តែមួយ

 
 

តារា​សម្ដែង កញ្ញា ម៉ារី ណែត បាន​បង្ហើប​ប្រាប់ថា បច្ចុប្បន្ន​នាង​កំពុង​តែ​គ្រប់គ្រង​​តំណែង​តួឯក ២ រឿង ក្នុង​ពេល​តែ​មួយ ដោយ​សាច់​រឿង​ពីរ​នេះ កំពុង​តែ​ដំណើរ​ការ​ថត​ព្រមគ្នា​តែ​ម្ដង។

ម៉ារី ណែត បាន​និយាយ​ថា រឿង​ទាំង​ពីរ​ ដែល​នាង​កំពុង​តែ ថត​នោះ ​រឿង​មួយ​ជា​ប្រភេទ​រឿង​ខ្នាត​ធំ និង ​រឿង​មួយ​ទៀត​ជា​ប្រភេទ​រឿង​​ភាគ។ រឿង​ខ្នាត​ធំ​ដែល​កំពុង​តែ ថត មាន​ឈ្មោះ​​ថា រឿង “ឆ្នាំ​វក ឬ The year of Monkey”  ចំណែក​រឿង ភាគ​មាន​ឈ្មោះ​ថា “Smart girl ឬ ស្ត្រី​ឆ្លាត” ដោយ​ទាំង​ពីរ​រឿង​នេះ នាង​​បាន​គ្រង​តំណែង​ជា​តួឯក។

ម៉ារី ណែត បញ្ជាក់​ថា រឿង “ឆ្នាំ​វក ឬ The year of Monkey” គឺ​ជា​ខ្សែភាពយន្ត​មួយ​ដែល​និយាយ​ពី​ការ​សង​សឹក បាញ់​បោះ ក្នុង​នោះ​ក៏​មាន​បញ្ចូល​ក្បាច់​គុន​​ខ្មែរ ល្បុកក្តតោ ​ផង​ដែរ។នាង​បន្ត​ថា រឿង​មួយ​នេះ គឺ​ជា​ខ្សែភាពយន្ត ដែល​ថត​ដោយ​​ជន​បរទេស​ឈ្មោះ លោក Jimmy Henderson ហើយ​មាន​ការ​សហការ​ជា​មួយ​ក្រុមហ៊ុន​ផលិត​កុន​ល្បី​ឈ្មោះ​មួយ​លើ​ពិភព​លោក។


តារា​ស្រី​សម្បុរ​ស្រអែម​នេះ បាន​ប្រាប់​ទៀត​ថា រឿង “ឆ្នាំ​វក ឬ The year of Monkey” ​នេះ បាន​ចេញ​ថត កាលថ្ងៃទី ១៩ ខែ មេសា កន្លង​ទៅ​ថ្មីៗ​នេះ ដោយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី ១១ ខែ ឧសភា ឆ្នាំ ២០១៤ ខាង​មុខ​។

រីឯ​ការ​ចាក់​បញ្ចាំង​វិញ គ្រោង​​​​ធ្វើ​នៅ​ចុង ខែ កញ្ញា ឬ ដើម​ខែ តុលា ឆ្នាំ​២០១៤ តាម​រោង​ភាពយន្ត​ទាំង​អស់​ក្នុង​រាជធានី​ភ្នំពេញ  និង តាម​បណ្ដាខេត្ត។ ទន្ទឹម​នឹង​គ្នា​នេះដែរ ខ្សែភាពយន្ត​មួយ​នេះ ក៏​គ្រោង​យក​ទៅ​ចាក់​បញ្ចាំង​នៅ​បទេស​ថែម​ទៀត​ផង។

ចំពោះ​រឿង​ភាគ “Smart girl ឬ ស្ត្រី​ឆ្លាត” ដែល​នាង​បាន​គ្រង​តំណែង​តួឯក​ដែរ​នោះ  ម៉ារី ណែត ប្រាប់​ថា គឺជា​វណ្ណកម្ម​របស់​ផលិតកម្ម​ខ្មែរ​មេ​គង្គ។ សាច់​រឿង​មួយ​នេះ មាន​ចំនួន ២៧ ភាគ ដោយ​បច្ចុប្បន្ន​ទើប​តែ​ថត​បាន​ប្រហែល​​ពីរ​ភាគ​ប៉ុណ្ណោះ ហើយ​គ្រោង​បញ្ចប់​នៅ​ខែ សីហា ឆ្នាំ​ ២០១៤ ខាង​មុខ​នេះ។

ម៉ារី ណែត មិន​បាន​ពន្យល់​លំអិត​ពី​​សាច់​រឿង​ទាំង​អស់​បាន​ឡើយ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ផលិតកម្ម  ដោយ​នាង​ស្នើ​ឲ្យ​ទស្សនិកជន​​តាម​​ដាន​វិញ​ចុះ ។ នាង​ថា រឿង “Smart girl ឬ ស្ត្រី​ឆ្លាត “ គ្រោង​ចាក់​បញ្ចាំង​នៅ ស្ថានីយ​ទូរទស្សន៍ CTN។

ទោះ​បី​ជា សាច់​រឿង​ទាំង​ពីរ​ចេញ​ថត​ដំណាល​គ្នា​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ពេលវេលា​ នៃ​ការ​ចេញ​ថត មិន​ជាន់​គ្នា​ឡើយ ព្រោះ​នាង​បាន​រៀប​ចំ​ពេល​វេលា​ច្បាស់​លាស់​ណាស់ មុន​និង​ចុះ​កុងត្រា។

បើ​រាប់​បញ្ចូល​រឿង​​ទាំង ២ ខាង​លើ គឺ​ជា​រឿង​ទី ៦ ​ហើយ ​ដែល​តារា​ស្រី​ម្នាក់​នេះ​បាន​ថត។ ៤ រឿង​ផ្សេង​ទៀត​ដែល​ កញ្ញា ម៉ារី ណែត បាន​ថត​មាន​ដូច​ជា រឿង “រលក​សំលេង” របស់​ផលិតកម្ម​ខ្មែរ​មេគង្គ កាល​ពី​ឆ្នាំ ២០១០ ។ រឿង”សេដ្ឋី​វ័យ​ក្មេង” របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្រិ៍លេខ ៥ កាល​ពី​ឆ្នាំ ២០១១។ រឿង “ក្រមុំ​ស្រុក​ស្រែ” របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន កាល​ពី​ឆ្នាំ ២០១៣។ រឿង The Last Reel របស់​ផលិតកម្ម​ហូលីវូត កាល​ពី​ឆ្នាំ២០១៣ ។ ទាំង៦រឿង​ដែល​នាង​បាន​ថត​នោះ កញ្ញា ម៉ារី ណែត បាន​គ្រង​ដំណែង​តួឯក​ស្ទើរ​តែ​ទាំង​អស់។ តារា​ស្រី​ម្នាក់​នេះ ក្រៅ​ពី​អាជីព​ជា​តារា​សម្ដែង នាង​ក៏​ជា តារា​ម៉ូដែល​ក្នុង​ក្រុម Sun Super Model ផងដែរ៕

ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម