សុះ ម៉ាច មិនសប្បាយចិត្ត អ្នកយក បទចម្រៀង «ខាន់ស្លាឥតន័យ» របស់ឪពុក ទៅកែ ទំនុកច្រៀងថ្មី
រាជធានីភ្នំពេញ ៖ តារាចម្រៀងលោក សុះ ម៉ាច មានប្រតិកម្ម ចំពោះផលិតកម្មក្នុងស្រុកមួយ ដែលយកបទចម្រៀង ឪពុករបស់លោក គឺបទ «ខាន់ស្លាឥតន័យ» ទៅកែទំនុកច្រៀងថ្មី ។
ជាមួយនឹងការបញ្ចេញ ប្រតិកម្មដនោះលោកសុះ ម៉ាច បានអំពាវនាវដល់ បណ្តាស្ថាប័នពាក់ព័ន្ធ និងបណ្តាផលិតកម្ម នៅក្នុងស្រុកនានា សូមឈប់យកបទចម្រៀង ពីដើមប្តូរទំនុកច្រៀង និងកែបទភ្លេងជាដើម ។
ប្រតិកម្មរបស់លោកសុះ ម៉ាច ដែលជាឈាមជ័រតែមួយគត់ បន្តអាជីពចម្រៀងពីឪពុក របស់ខ្លួនគឺលោកសុះ ម៉ាត់ ធ្វើឡើងបន្ទាប់ពី បទចម្រៀងមួយបទ មានចំណងជើងថា «លើលោកនេះ មានអ្នកណាចង់ក្រ » បកស្រាយដោយតារាចម្រៀងលោកខេម នៅក្នុងផលិតកម្មថោន យកលំនាំតាមបទ «ខាន់ស្លាឥតន័យ» ច្រៀងដោយ លោកសុះ ម៉ាត់ តែកែទំនុកច្រៀងថ្មី និងបទភ្លេងចាស់ ។
លោកសុះ ម៉ាច បានចាត់ទុកបទចម្រៀង ដែលច្រៀងដោយលោក ខេម គឺជាការខុសឆ្គងមួយ ដោយយកបទចម្រៀងរបស់ឪពុកលោក មានចំណងជើងថា «ខាន់ស្លាឥតន័យ» កែទំនុកច្រៀងថ្មី បន្ទាប់ពីលោក បានសំណូមពរជា រឿយៗកុំឲ្យធ្វើដូច្នេះ ។
លោកសុះ ម៉ាច បានសរសេរសារប្រតិកម្មចំពោះរឿងនោះ បង្ហោះលើទំព័រហ្វេសប៊ុកដែល មានខ្លឹមសារថា «ខ្ញុំសូមសំណូមពរ និងសំពះអង្វរដោយ គោរពចំពោះក្រសួងវប្បធម៌ ផលិតកម្ម អ្នកនិពន្ធទំនុកច្រៀង ព្រមទាំងអ្នកនិពន្ធបទភ្លេងមួយចំនួនដែល និយមយកបទចម្រៀងពីសង្គមចាស់ ជាពិសេសបទចម្រៀង របស់លោកឪពុកខ្ញុំមកប្តូរទំនុកច្រៀង កែបទភ្លេង សូមមេត្តាផ្អាក និងបញ្ឈប់ជាបន្ទាន់ ។
បើលោកអ្នកមិនជួយ អភិរក្សថែរក្សាទេ សូមមេត្តាកុំជួយបំផ្លាញ ។ ខ្ញុំបាទមិនយកបទចម្រៀង ទាំងអស់របស់លោកឪពុកខ្ញុំទៅ បញ្ចូលក្នុងកម្មសិទ្ធិបញ្ញាទេ ដោយទុកជាសម្បត្តិ សាធារណៈទៅចុះ ព្រោះបទចម្រៀងរបស់ឪពុកខ្ញុំនៅសល់តិចណាស់ តែក៏មិនមែនមានន័យថា ទុកឱ្យអស់លោកយកបទទាំងនោះ ទៅកែប្តូរទំនុកច្រៀងស្រេចតែនឹងចិត្តនោះទេ ។
កាលពីអំឡុងទសវត្សទី៨០ និងទី៩០ អ្នកចម្រៀងមួយចំនួន ដូចជាលោកកែវ សារ៉ាត់, លោកអោម គឹមហ៊ែល, លោកធឹង សុន និងអ្នកចម្រៀងដទៃទៀតយក បទចម្រៀងរបស់ឪពុកខ្ញុំទៅកែ និងប្តូរទំនុកច្រៀងដូចជា បទ «ផ្ញើកងចងដៃ» និងបទ «ខាន់ស្លាឥតន័យ» ជាដើម ។
ខ្ញុំបាននិយាយ សំណូមពរជា រឿយៗថា មេត្តាកុំយកបទចម្រៀងរបស់ឪពុកខ្ញុំទៅកែ និងប្តូរទំនុកទៀតអី តែហាក់មិនទទួលយកសំណូមពរ របស់ខ្ញុំទាល់តែសោះ ។ ថ្មីៗនេះមានផលិតកម្មមួយ (សូមមិនបញ្ចេញឈ្មោះ) បានយកបទចម្រៀង «ខាន់ស្លាឥតន័យ» (ពីមុនលោកធឹង សុន យកទៅប្តូរទំនុកច្រៀងជាបទ «ដឹកប្រពន្ធទៅរាំ» ) ទៅកែប្តូរទំនុកច្រៀង គឺបទ «ក្នុងលោកនេះ មានអ្នកណាចង់ក្រ» ដែលរូបខ្ញុំផ្ទាល់ជាកូន មិនហ៊ានយកបទរបស់ ឪពុកខ្ញុំទៅកែឡើយ ។
ការធ្វើបែបនេះនាំឱ្យ មានការភ័ន្តច្រឡំ ដល់មនុស្សជំនាន់ក្រោយថា ជាបទរបស់អ្នកផ្សេង មិនមែនជាបទរបស់ឪពុកខ្ញុំទៅវិញ ។ តើវិស័យសិល្បៈចម្រៀង យើងសព្វថ្ងៃនេះមុជមិនជ្រៅ ទៅមិនឆ្ងាយឬ បានជានាំគ្នាយកតែបទចាស់ៗ និងបទបរទេសមកកែ និងចម្លងធ្វើឱ្យអាប់អោន ដល់វិស័យសិល្បៈជាតិដូច្នេះ ម្តេចមិនខំសាង ស្នាដៃដោយខ្លួនឯងឱ្យបានច្រើន ដើម្បីយុគសម័យរបស់ខ្លួនទៅ ! ឯណាទៅគុណភាពសិល្បៈ ចម្រៀងយើងសព្វថ្ងៃ ?
ខ្ញុំក៏សូមគោរពកោតសរសើរ ដោយស្មោះអស់ពីដួងចិត្តចំពោះអ្នកនិពន្ធមួយចំនួន ដែលលោកបានខំ បង្កើតស្នាដៃ ដោយខ្លួនឯង ពិតៗ។ ឈប់ផ្តេកផ្តួលទៅតាម ពាក្យដែលនិយមថា ប្រទេសយើងទើបតែ ងើបពីសង្គ្រាម យើងខ្វះធនធានមនុស្ស តទៅទៀតទៅ ។ ពីឆ្នាំ១៩៧៩មកដល់ ឥឡូវ៣៦ឆ្នាំហើយ យើងមិនមែនកូនក្មេងទៀតទេ ! គួរធ្វើអ្វីជាស្នាដៃរបស់ខ្លួន ឱ្យបានច្រើនទៅ ដើម្បីទុកជាប្រវត្តិសាស្ត្រ និងជាកេរដំណែល ដល់អ្នកជំនាន់ក្រោយ ។
គួរមើលគំរូដល់វរកវីនិពន្ធ ជំនាន់មុនខ្លះផង ។ ខ្ញុំមិនជឿថាកូនខ្មែរជំនាន់នេះ ខួរក្បាលក្រិននោះទេ ! (បើមិនជួយអភិរក្សថែរក្សាទេ សូមមេត្តាកុំជួយបំផ្លាញ) ។ គួរគិត និងអាណិតដល់ ម្ចាស់ស្នាដៃដើមផង តែបើបានហូបផ្លែឈើគេហើយកុំភ្លេចអរគុណ ដល់ម្ចាស់ចម្ការផង » ។
ជាការកត់សម្គាល់នេះមិនមែនជាលើកទីមួយទេ ដែលផលិតកម្មថោនបានលើកយកបទចម្រៀង ពីដើមមកកែទំនុកច្រៀងថ្មី ឲ្យលោក ខេម ច្រៀង ដោយកន្លងមកបទចម្រៀង ដែលមានចំណងជើងថា «ជីវិតក្មេងពាល» ក៏បានយកលំនាំ បទភ្លេងចាស់ដែរ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!