រថភ្លើងដឹកអ្នកដំណើរ នៅឥណ្ឌា រអិលធ្លាក់ផ្លូវ សម្លាប់ជីវិតមនុស្ស យ៉ាងតិច២៤នាក់ កាលពីយប់មិញ!

 
 

ឥណ្ឌា៖ គ្រោះថ្នាក់អាក្រក់ៗជាច្រើន ចេះតែកើតឡើង ជាបន្តបន្ទាប់ សម្រាប់ប្រទេសឥណ្ឌា ហើយកាលពី យប់មិញនេះ ទៀតសោត មានមនុស្ស យ៉ាងហោចណាស់ ២៤នាក់ ត្រូវបានស្លាប់ បាត់បង់ជីវិត នៅក្នុងឧបត្តិហេតុ រថភ្លើង២គ្រឿង រអិលធ្លាក់ចេញពីផ្លូវ។

ផ្អែកលើប្រភពព័ត៌មាន បានឲ្យដឹងថា រថភ្លើង២គ្រឿង បានជួបឧបត្តិហេតុ រអិលធ្លាក់ពីផ្លូវដែក នៅឯតំបន់មួយ ក្បែរ ទីក្រុង Harda របស់ប្រទេសឥណ្ឌា កាលពីយប់មិញនេះ ដោយមានតួខ្លះ នៃរថភ្លើង បានធ្លាក់ ចូលទៅក្នុង ទឹកទន្លេ ទៀតផង។

យ៉ាងណាមិញ ក្រុមអាជ្ញាធរក៏បាន ចេញប្រតិបត្តិការ សង្រ្គោះបន្ទាន់ តាំងពីយប់ រហូតមកដល់ ព្រឹកព្រលឹម ថ្ងៃនេះផងដែរ ដោយក្នុងនោះ ជាជំហានដំបូង ពួកគេបានជួយសង្រ្គោះ មនុស្សដែលជា អ្នកដំណើរ នៅលើរថភ្លើង ទាំង២ នោះ ជាង៣០០នាក់ហើយ តែទន្ទឹមនឹងនេះ ក៏មានមនុស្ស យ៉ាងហោចណាស់ ២៤នាក់ ត្រូវបានស្លាប់ ហើយ ២៥នាក់ ផ្សេងទៀត ទទួលរងរបួស។

គួរបញ្ជាក់ផងដែរថា រថភ្លើងរបស់ ក្រុមហ៊ុនដឹកជញ្ជូន Kamayani Express ដែលធ្វើដំណើរ ពីទីក្រុង Varanasi ទៅកាន់ទីក្រុង Mumbai បានរអិលធ្លាក់ចេញពីផ្លូវមុន ខណៈពេលដែល រថភ្លើងរបស់ ក្រុមហ៊ុនដឹកជញ្ជូន Janata Express ដែលបើកបរ ក្នុងទិសដៅបញ្ច្រាសទិសគ្នា បានរអិលធ្លាក់ចេញពីផ្លូវ ក្រោយបន្តិច នៅត្រង់ចំណុច លើស្ពាន នៃទន្លេ Machak។

ផ្អែកលើការដកស្រង់សម្តី របស់ក្រុមអាជ្ញាធរ បានបញ្ជាក់ថា​ មូលហេតុដែលនាំឲ្យ មានរថភ្លើង បើករអិល ធ្លាក់ចេញពីផ្លូវ បែបនេះ ក៏ដោយសារតែ មានភ្លៀងធំ បង្កឲ្យមានទឹកដក់ នៅតាមផ្លូវដែក ទើបធ្វើឲ្យ មានការរអិល នៅពេលដែលរថភ្លើង ធ្វើដំណើរឆ្លងកាត់។

ទោះយ៉ាងណាក៏ដោយ ពេលនេះក្រុមសង្រ្គោះ បានប្រឹងប្រែង យ៉ាងខ្លាំង ក្នុងការជួយសង្រ្គោះ ជនរងគ្រោះ ក៏ប៉ុន្តែនៅមានការ ព្រួយបារម្ភថា អាចនឹងមានចំនួន អ្នកស្លាប់កើនឡើង នៅក្នុងឧបត្តិហេតុ ដ៏អាក្រក់មួយនេះ៕

ប្រភព៖ BBC

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម