ស៊ន ដា​វី​ន ក្លាយជា​ កីឡាការិនី​គំរូ​ មិន​ក្រាញ​តំណែង​ ជម្រើសជាតិ

 
 

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​កីឡាការិនី ស៊ន ដា​វី​ន មាន​ស្នាដៃ​រាប់​មិន​អស់​ ក្នុង​ការ​ប្រកួត​តេ​ក្វា​ន់​ដូ​ កន្លង​មក ក៏​អ្វី​ដែល​នាង​ទទួល​បាន​មិន ​ស្ថិត​ក្នុង​ការ​ចាប់អារម្មណ៍ ​របស់​មហាជន​នោះ​ទេ ចាប់តាំងពី ស៊ន សៀវ​ម៉ី ប្អូនស្រី​របស់​នាង​បាន​តំណែង ​ជា​បុគ្គល​ឆ្នើម​ថ្នាក់​ជាតិ តាម​រយៈ​ការ​ឈ្នះ​មេដាយមាស​ ពី​កីឡា​ទ្វីបអាស៊ី​កាលពី​ចុងឆ្នាំ​២០១៤ ។

ទោះបី​យ៉ាងណា ស្នាដៃ​ទាំងនេះ​បន្ទាប់​ពី​ លាតត្រដាង​សា​ជា​ថ្មី ព្រម​ជាមួយនឹង​លិខិត​ សុំ​លាឈប់​ពី​ក្រុម​ជម្រើស ជាតិ​របស់​នាង កំពុង​ក្លាយជា​ចំណុច​ទាក់ទាញ និង​មានការ​កោតសរសើរ​ ពាសពេញ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក ។

អ្នកលេង​ហ្វេ​ស​ប៊ុ​ក ​លើក​ឡើង​ពី​ស្នាដៃ​ជា​ច្រើន​ដែល​ស៊ន ដា​វី​ន សម្រេច​បាន​ចាប់តាំង ពី​នាង​ក្លាយ​ខ្លួន​ជា​កីឡាការិនី​ជម្រើសជាតិ​នៅ​ក្នុង​ សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​កម្ពុជា​។ នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ ដោយសារ​ជីវប្រវត្តិ​របស់​នាង​ត្រូវ​គេ​ លើកយក​មក​សរសើរ និង​បង្ហាញ​ពី​ស្នាដៃ​ច្រើន​ដង​មក​ហើយ ដោយ​គ្រាន់តែ​ការ​លាតត្រដាង​ហាក់​មិន​ត្រូវ​បរិបទ ​ដែល​ធ្វើ​ឱ្យ​មហាជន​យកចិត្តទុកដាក់​។

ការ​លាតត្រដាង​ស្នាដៃ​របស់​នាង​ ក្នុង​រង្វង់​ពីរ​បី​ថ្ងៃនេះ ត្រូវ​គេ​មើលឃើញ​ថា​ខុស​ប្លែក ​ពី​ពេល​មុន​ៗ បន្ទាប់​ពី​នាង​ដាក់​ជំហរ​មិន​អាច​បន្ត​អាជីព​ ជា​កីឡាការិនី​ជម្រើសជាតិ​បន្ត​ទៀត ដោយសារ​តែ​ហេតុផល​មួយ​ចំនួន ។ លិខិត​សុំ​លាឈប់​របស់​នាង បាន​ក្លាយជា​ប្រធានបទ ​ដ៏​រសើប​មួយ​នៅស​ប្ដា​ហ៍​នេះ ក្នុង​ពេល​ដែល ស៊ន ដា​វី​ន ត្រូវ​គេ​កត់​សម្គាល់ថា​មិន​មាន​ស្នាដៃ បើ​ទោះជា​បាន​ចេញ​ប្រកួត​ជាមួយ​ ប្អូនស្រី​ច្រើន​ដង​ក្នុង​ប៉ុន្មាន​ លើក​ចុង​ក្រោយ ។

នាង​បាន​ដាក់​លិខិត ​លាឈប់​កាលពី​ថ្ងៃ​ទី​១ សីហា ដោយ​អះអាង​ថា​លែង​ មាន​ពេលទំនេរ​គ្រប់គ្រាន់​ ដើម្បី​ទៅ​ធ្វើការ​ហ្វឹកហាត់​ ឱ្យ​បាន​ជាប់លាប់​ដូច​មុន ។ ការ​សុំ​លាឈប់​នេះ ធ្វើ​ឡើង​បន្តបន្ទាប់​គ្នា​ នឹង​ប្រតិកម្ម​ទៅ​កាន់​គណៈ កម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ដែល​មិន​បាន​រាប់​ឈ្មោះ ​បងប្រុស​របស់​នាង​គឺ ស៊ន អេ​លី​ត ថា បាន​ដណ្ដើម​មេដាយ មាស​ពី​ការ​ប្រកួត​វ៉ូ​វី​ណា​ម ​ពិភពលោក​កាលពី​ឆ្នាំ​២០១១​នៅ ប្រទេស​វៀតណាម​មួយ​រូប​ដែរ​ ក្នុង​ពិធី​ប្រគល់​រង្វាន់​ឱ្យ​សែន រ៉ា​ឌី និង ម៉ាត់ ឆ្វេង ។

ការ​លើក​ឡើង​នេះ ត្រូវ​គេ​ដឹង​ស្របគ្នា​ក្នុង​ពេល​ដែល​នាង ​ក៏​បាន​បង្ហាញ​ភាព​សកម្ម​ ក្នុង​នាម​ជា​គ្រូ​កីឡា​នៅ​ក្នុង​វិទ្យាល័យ​ឫស្សី​កែវ និង​ទើប​បោះទុន​ជាមួយ​ប្អូនស្រី​ សង់រោង​បង្កើត​ក្លិប​តេ​ក្វា​ន់​ដូ​ ដើម្បី​បង្ហាត់​សិស្ស​រក​ចំណូល​ជំនួស​។ យ៉ាងណា​ក៏​ដោយ​ គេ​មើលឃើញ​ថា លិខិត​សុំ​លាឈប់​របស់​នាង​ គឺជា​គំរូ​ដែល​កីឡាករ​ជម្រើសជាតិ​ ទូទៅ​ពិបាកធ្វើ​ដូច ក្នុង​ពេល​អ្នកខ្លះ​មាន​ កិច្ច​ការងារ​រាប់​មិន​អស់​ នៅ​ក្រៅ​សហព័ន្ធ ប៉ុន្តែ​នៅ​ក្រាញ​ តំណែង​ជម្រើស ជាតិ​ដើម្បី​បាន​ចេញ​ប្រកួត​យកមុខយកមាត់ ដោយ​សូ​ម្បី​តែ​ខ្លួនឯង​ផ្ទាល់​មិន​មាន​ពេល​គ្រប់គ្រាន់​ទៅ​ហ្វឹកហាត់​តិច​ពេល​ជាង ស៊ន ដា​វី​ន នា​ពេល​ចុង​ក្រោយ​នោះ​ផង ។

ការ​សុំ​លាឈប់​របស់​នាង​ ជា​ការ​បង្ហាញ​នូវ​ការ​លះបង់​មួយ​ខ្ពស់ បន្ទាប់​ពី​នាង​ចេញ​ទៅ​ប្រកួត ​ប៉ុន្មាន​លើក​ចុង​ក្រោយ ​មិន​ទទួល​បាន​ជោគជ័យ ហើយ​បាន​ដាក់បន្ទុក​ថា នោះ​មក​ពី​ខ្លួនឯង​រវល់​ច្រើន​ មិន​ដូច​មុន និង​មិន​មាន​ពេល​ក្នុង​ការ ​បំប៉ន​ទាំង​កម្លាំង និង​សមត្ថភាព​ដើម្បី​ យក​មេដាយ​ជូន​ជាតិ ។ ការ​យល់​ឃើញ​ទាំងនេះ បាន​ជួយ​ឱ្យ​ការ​សុំ​លាឈប់​របស់ ស៊ន ដា​វី​ន លេចធ្លោ​ហើយ​ក៏​ជួយ​ឱ្យ​ស្នាដៃ​ របស់​នាង​ត្រូវ​មហាជន​ទូទៅ​ ចាប់អារម្មណ៍​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ ជា​ពិសេស​នៅ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក ​ចាប់តាំងពី​ពាក្យសុំ​ឈប់​ របស់​នាង​បែកធ្លាយ ។

ស្នាដៃ​ដែល​គេ​ចាប់អារម្មណ៍ គឺ​នាង​ធ្លាប់​បាន​មេដាយមាស​ កាលពី​ឆ្នាំ​២០០៧​ក្នុង​ព្រឹត្តិការណ៍ KOREAN OPEN នៅ​ទីក្រុង​សេ​អ៊ូ​ល ។ បាន​មេដាយ​ប្រាក់​ក្នុង​ព្រឹត្តិការណ៍ ​ដដែល​ក្នុង​ឆ្នាំ​២០០៨ ។ បាន​មេដាយ​សំរឹទ្ធិ​ក្នុង​ ឆ្នាំ​២០០៩​ពី​ការ​ប្រកួត ASEAN CHAMPIONSHIPS VIETNAM ។ បាន​មេដាយមាស​១ និង​ប្រាក់​១ កាលពី​ឆ្នាំ​២០១០ ពី​ព្រឹត្តិការណ៍ KOREAN OPEN ។ បាន​មេដាយមាស​ពី​ ការ​ប្រកួត​ASEAN CHAMPIONSHIPS​ក្នុង​ឆ្នាំ​២០១១​។

បាន​មេដាយ​ប្រាក់​មួយ ​ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម (SEA Games) នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី កាលពី​ឆ្នាំ​២០១១​ដដែល ។ បាន​ចំណាត់ថ្នាក់​លេខ​៤ ពី​ការ​ប្រកួត​ជម្រុះ​អូ​ឡាំ​ពិ​ក​ នៅ​ប្រទេស​ថៃ ដើម្បី​ទទួល​សិទ្ធិ​បាន​ចេញ​ទៅ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ លើក​ទី​៣០​នៅ​ទីក្រុង​ឡុ​ង ​ប្រទេស​អង់គ្លេស និង​បាន​ទទួល​មេដាយមាស​ ចុង​ក្រោយ​កាលពី​ឆ្នាំ ២០១៣ ពី​កីឡា​ស៊ី​ហ្គេ​ម (SEA Games) នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​។ ស្នាដៃ​ទាំងនេះ​ធ្វើ​ឱ្យ​ គេ​ភ្ញាក់​ព្រឺ​ត​នៅ​ពេល​ដែល​នាង​ទើប​ខកខាន​ បាន​មេដាយ​មិន​ដល់​២​ឆ្នាំ​ផង ក៏​សម្រេចចិត្ត​លាឈប់ ​ដើម្បី​ឱ្យ​អ្នក​ក្រោយ​ដែល​មាន​សមត្ថភាព ​បន្ត​ទៅ​ប្រកួត​យក​ មេដាយ​ជំនួស​ខ្លួន ហើយ​មិន​ក្រាញ​តំណែង ។

ធៀប​នឹង​កីឡាករ​ជម្រើស​ដទៃ​ទៀត គេ​ប្រដូច​នាង​ជា​អ្នក​មាន ការ​ទទួលខុសត្រូវ​ម្នាក់​បន្ទាប់​ពី ​នាង​សុខចិត្ត​បោះបង់​កៅអី​ជា​ កីឡាការិនី​ជម្រើសជាតិ ដើម្បី​ឱ្យ​អ្នក​ជំនាន់​ក្រោយ​មានឱកាស ។ នេះ​ជា​ជំហរ​ផ្ទុយ​ស្រឡះ​ពី​កីឡាករ និង​កីឡាការិនី​ជម្រើសជាតិ​ជា​ច្រើន​ទៀត ​ដែល​សុខចិត្ត​ក្រាញ បើ​ទោះជា​ដឹង​ថា​ខ្លួន​ ចេញ​ទៅ​ប្រកួត​លើក​ណា​ក៏​មិន​បាន​មេដាយ និង​ហៅ​ភាសា​ការទូត​ថា ទៅ​ប្រកួត​ដើម្បី​យក​ តែ​បទ​ពិសោធន៍ ហើយ​មិន​ឈ្នះ​គ្រប់​លើក ។

អ្នក​កោតសរសើរ ស៊ន ដា​វី​ន បាន​លើក​ឡើង​ថា នាង​ទើបតែ​ចាញ់​ការ​ប្រកួត​ ក្នុង​មួយ​រយៈ​ចុង​ក្រោយ​ សោះ​បាន​សម្រេចចិត្ត​លាឈប់ ចុះ​ហេតុ​អ្វី​កីឡាករ​កីឡាការិនី​ ជម្រើសជាតិ​ផ្សេង​ទៀត ដែល​អ្នកខ្លះ​មួយ​ជីវិត ​សឹង​មិន​មាន​មេដាយ​មក​ពី​ក្រៅ​មួយ​ផង ហេតុ​អ្វី​គ្មាន​ការ​ទទួលខុសត្រូវ​។ វា​ជា​ការ​ខាតបង់​មួយ​ដ៏​ធំ ​ដែល​មន្ត្រី​ថ្នាក់លើ ​មិន​មាន​វិធានការ​ដោះ​ដូរ ឬ​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ ខ្លួនឯង​មិន​មាន​ស្មារតី​ដោយ​ មិន​សុខចិត្ត​សុំ​ឈប់​ដូចដែល ស៊ន ដា​វី​ន កំពុង​ធ្វើ​ជា​គំរូ​។

ក្រុម​អ្នកលេង​ហ្វេ​ស​ប៊ុ​ក បាន​សរសើរ​ពី​ការ​ទទួលខុសត្រូវ ​របស់​បងស្រី ស៊ន សៀវ​ម៉ី រូប​នេះ និង​បាន​ចំអក​ដល់​ជម្រើសជាតិ​ផ្សេង​ទៀត​ដែល​គ្មាន​ការ​ ទទួលខុសត្រូវ ហើយ​សុខចិត្ត​នៅ​ក្រាញ​មិន​ បោះបង់​កៅអី​ឱ្យ​អ្នក​ជំនាន់​ក្រោយ ដោយ​មាន ​មន្ត្រី​សហព័ន្ធ​បិទ​ភ្នែក​បិទ​ច្រមុះ ។

ទោះជា​មន្ត្រី​សហព័ន្ធ​ ខំប្រឹង​ការពារ​ថា ហេតុផល​នៃ​ការ​ដាក់​កីឡាករ ​ដដែល​ៗ​ឱ្យ​ចេញ​ប្រកួត ក៏​ព្រោះតែ​ធនធាន​កីឡាករ​នៅ​កម្ពុជា​មាន​កម្រិត និង​មិន​មាន​បេក្ខភាព​ម្នាក់​ណា​ ធ្វើ​បាន​ល្អ​ជាង​ហ្នឹង ក៏​មហាជន​ភាគច្រើន​ នៅ​តែ​ចង់​ឃើញ​ពី​ការ​ផ្លាស់​ប្ដូរ​បេក្ខភាព​ អ្នក​ដែល​គ្មាន​ស្នាដៃ​រាល់ ពេល​ចេញ​ប្រកួត​ក្រៅប្រទេស ដើម្បី​ជំរុញ​ឱ្យ​អ្នកតំណាង​ជាតិ​បង្កើន​សមត្ថភាព​ខ្លួនឯង ហើយ​មិន​ប្រើ​ថវិកាជាតិ​ ទៅ​ប្រកួត​ដើម្បី​យក​តែ​បទ​ពិសោធន៍​។

វិធានការ​ដោះ​ដូរ​កីឡាករ​ជម្រើសជាតិ ​ត្រូវ​គេ​ឃើញ​សហព័ន្ធ​មួយ​ចំនួន ​ដែល​មិន​ធ្លាប់​ទទួល​បាន​ មេដាយ​ឈាន​ឡើង​គួរ​ឱ្យ​កត់សម្គាល់ លើកលែងតែ​សហព័ន្ធ​កីឡា​ណា​ ដែល​មាន​អ្នក​ក្រាញ​តំណែង​ទាំង​ថ្នាក់ដឹកនាំ និង​ទាំង​សមាសភាព​ជម្រើសជាតិ ទើប​គេ​ឃើញ​ទៅ​ប្រកួត​លើក​ណា​ ក៏​បាន​ត្រឡប់​មក​វិញ ​តែ​បទ​ពិសោធន៍ ដោយ​មិន​មាន​អ្វី​ប្រែប្រួល ។

ស្ថានភាព​នេះ កំពុង​ធ្វើ​ឱ្យ​ដុះ​ស្លែ​នូវ​មន្ត្រី និង​កីឡាករ​អសមត្ថភាព និង​បង្ក​ឱ្យ​កីឡាករ​ចំណូល​ថ្មី ​ដែល​មាន​សមត្ថ​ភាពល្អ​បាក់ទឹកចិត្ត ​មិន​ចង់​ប្រឹងប្រែង ដោយ​មាន​អ្នកខ្លះ​បាន ​ទាំង​បង្ហើរពាក្យ​ថា បើ​ខ្លាំង​ហើយ​អត់​ខ្សែ ​គឺ​នៅ​តែ​មិន​បាន​តំណាង​ជាតិ​ចេញ ​ទៅ​ប្រកួត​នៅ​ក្រៅ​ស្រុក​ដដែល ។ ព័ត៌មាន​បែកធ្លាយ​ចេញ ពី​សហព័ន្ធ​ដែល​ពោរពេញ​ដោយ​កីឡាករ និង​មន្ត្រី​គ្មាន​មេដាយ​ពី ​ការ​ប្រកួត​អន្តរជាតិ បាន​ទាំង​បង្ហើប​ថា គេ​មាន​របៀប​ធ្វើតេស្ដ ​ជម្រុះ​យក​បក្សពួក​ឯង​ដែល ​ជា​កីឡាករ​ជម្រើសជាតិ​ដដែល​ៗ ឱ្យ​បាន​ចេញ​ទៅ​តំណាង​ជាតិ ​ដោយ​មាន​លក្ខណៈ​ស្របច្បាប់​ទៀត​ផង ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម