គួរឲ្យសរសើរ! ប្តីប្រពន្ធមួយគូ ចំណាយពេល ថ្ងៃរៀបការ មកធ្វើអំពើមនុស្សធម៌ ដល់មនុស្សជាង ៤ពាន់នាក់

 
 

ទួរគី៖ ទង្វើដ៏គួរឲ្យសរសើរមួយ របស់ប្តីប្រពន្ធថ្មីថ្មោងមួយគូ ដែលបានចំណាយនូវ ពេលវេលាដ៏មានតម្លៃពេញមួយថ្ងៃ នៅក្នុងពិធីមង្គលការរបស់ពួកគេ ដើម្បីនាំយកចំណីអាហារ មកបរិច្ចាគជូនទៅដល់ ក្រុមជនភៀសខ្លួន របស់ប្រទេសស៊ីរ៊ី ដល់ទៅជាង ៤,០០០នាក់។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Fethullah Uzumcuoglu និងប្រពន្ធរបស់គាត់ អ្នកនាង Esra Polat ត្រូវគេចាត់ទុកជាគូស្នេហ៍គំរូ ដែលបានធ្វើការអញ្ជើញជនភៀសខ្លួនពីសង្គ្រាម របស់ប្រទេសស៊ីរ៊ីចំនួនជាង ៤,០០០នាក់ មកទទួលទានអាហារ ដោយរៀបចំឡើង នៅក្នុងតំបន់មួយ ភាគខាងត្បូង នៃប្រទេសទួរគី និងមានការចូលរួមជួយគាំទ្រ ពីសំណាក់អង្គការសប្បុរសធម៌ ប្រចាំនៅទីនោះផងដែរ។

គំនិតដ៏ល្អប្រពៃមួយនេះ ត្រូវបាននឹកឃើញឡើងដោយលោក Ali Uzumcuoglu ដែលត្រូវជាឪពុក របស់កូនកម្លោះ ក្នុងគោលបំណង ចង់ចែករំលែក​ថ្ងៃដ៏ពិសេស របស់កូនគាត់ជាមួយនឹង បងប្អូនជនជាតិស៊ីរ៊ី។

អ្នកនាង Esra ជាកូនក្រមុំ បាននិយាយបង្ហាញអំពីទឹកចិត្តរបស់នាងថា «ដំបូងឡើយ ខ្ញុំភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឮ Fethullah (ប្តី) ប្រាប់ខ្ញុំអំពីគំនិតនេះ។ ខ្ញុំពិតជាមានអារម្មណ៍រីករាយមែនទែន ក្នុងឱកាស ចែករំលែកអាហារ ថ្ងៃមង្គល ជាមួយមនុស្ស ដែលត្រូវការអាហារជាចាំបាច់។ នេះពិតជាបទពិសោធន៍ អស្ចារ្យមួយក្នុងឆាកជីវិតរបស់ខ្ញុំ»។

កាយវិការសប្បុរសធម៌ របស់ប្តីប្រពន្ធមួយគូនេះ បានធ្វើឲ្យមនុស្សជាច្រើន ស្ញប់ស្ញែង និងគោរពកោតសរសើរ។ គួរបញ្ជាក់ថា អស់រយៈពេលជាង ៤ឆ្នាំមកហើយ ដែលសង្រ្គាមស៊ីវិលនៅក្នុងប្រទេសស៊ីរ៊ី បានផ្ទុះឡើង ដែលបានធ្វើឲ្យប្រជាជនប្រមាណជាង ៤លាននាក់ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសំបែង និងស្រុកកំណើត។ ក្នុងនោះ ពួកគេភាគច្រើន ធ្វើដំណើរមកកាន់ ជំរុំជនភៀសខ្លួន តាមព្រំដែនប្រទេសទួរគី ដើម្បីគេចពីសង្គ្រាម៕

ទិដ្ឋភាពរួមនៃ ថ្ងៃអាពាហ៍ពិពាហ៍របស់ Fethullah និង Esra ដែលមានការចូលរួម ពីជនភៀសខ្លួន ជនជាតិស៊ីរ៊ី ជាង៤,០០០នាក់៖






ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម