ប្តឹង​ជនល្មើស ​ជា​កូន​អ្នកធំ និង​មាន​លុយ​ម្នាក់ ដែល​វាយ ​នគរបាល​ចរាចរណ៍នារី

 
 

សៀមរាប៖ យោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៥ ឲ្យដឹងថា ឧ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប បានចេញ​បញ្ជា​ឲ្យ​មន្ត្រីនគរបាល​រៀបចំ​ឯកសារ​ប្តឹងទៅ​តុលាការ ហើយ​នៅពេលនេះ ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកម្រិត​ស្រាល​ កំពុង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ​ករណី​ជនសង្ស័យ​ម្នាក់​ បាន​វាយ​នគរបាល​ចរាចរណ៍នារី​ម្នាក់ កំពុង​បំពេញភារកិច្ច ​ក្នុងការ​អនុវត្ត​ច្បាប់​ចរាចរណ៍។

ប្រភពដដែលឲ្យដឹងថា មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ឌុប​ប្រពន្ធ​ដោយ​ពុំមាន​ពាក់មួក​ការពារ​សុវត្ថិភាព​ និង​ម៉ូតូ​គ្មាន​ស្លាក​លេខ ឃើញ​ដូច​នោះ​ជនរងគ្រោះ ​ក៏បាន​កាន់ដំបង​បញ្ជា​ចរាចរ ​ចេញទៅ​ឃាត់ឲ្យ​ឈប់​ម៉ូតូ ស្រាប់តែ​បុរស​ម្នាក់​នោះ ​អត់​ឈប់​ហើយ​ជិះ​ម៉ូតូតម្រង់​មករក​បុក​នាង ព្រមទាំង​យកដៃ​ក្រវាស​ដំបង​ចរាចរណ៍​នាង​ចេញ ​ពេលនោះ​នាង​ក៏​តាម​កាក់​ម៉ូតូ​នោះ ​រហូតដល់​ឈប់។ ប្រភពបន្តទៀតថា ​ក្រោយមកទៀត ​បុរស​ម្នា​ក់នោះ បាន​ចុះ​ពីលើ​ម៉ូតូ​ រួច​វាយ​នាង​មួយ​ដៃ ត្រូវ​ដើមដៃ​ខាងស្តាំ ហើយ​រត់ឡើង​ម៉ូតូ​ប្រុង​បើក​រត់គេច ​តែ​នាងរ​ត់ទៅ​ចាប់​ម៉ូតូ ​កុំឲ្យបើក​រត់គេច តែ​បុរស​នោះ បាន​វាយ​នាង​មួយ​ដៃ​ទៀត ​ត្រង់ចំណុច​ដដែល បណ្តាលឲ្យដៃ​​របស់​នាង​ឡើង​ជាំ​ហើយ​ស្លុត​ដៃ​ខាងស្តាំ។ នេះបើតាមការបំភ្លឺរបស់មន្ត្រីនគរបាល ដែលជាជនរងគ្រោះ។

នៅពេល​បន្ទាប់មក​លោក​អនុសេនីយ៍ឯក សាយ ឌី​ណា បាន​រត់​មកជួយ ហើយ​លោក​ពលបាលឯក សាត ពឿ​ន រត់​មកជួយ​ទៀត ​ទើប​ឃាត់​បុរស​ម្នាក់​នោះ​ជាប់ ​ហើយ​រាយការណ៍​ទៅ​ថ្នាក់លើ​ ។ ដោយ​តាម​បញ្ជាថ្នាក់លើ​ ក៏​ឲ្យ​ដកយក​ម៉ូតូ​នោះ​ ទៅ​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្តសៀមរាប​តែម្តង ហើយ​បុរស​នោះ​ក៏​គេចខ្លួនបាត់។​ លុះ​កន្លះ​ម៉ោង​ក្រោយមក​បុរស​នោះ ​ក៏​ត្រលប់​មកវិញ​ម្តងទៀត​ បើករថយន្ត​ម៉ាក​កា​ម៉ា​រី​ហាយ​ប្រ៊ី​ត ​ពណ៌​ស​ មកដល់​កន្លែង​នាង​ឈ​ជើង ​ហើយ​ចុច​កញ្ចក់​ឡាន​ចុះ ហើយ​ស្រែកជេ​រយ៉ាង​កម្រោល​មកលើ​នាង​ថា​៖ « បើ​ង៉ែ​ង​មិន​សុំទោស​អញ​ទេ​! ថ្ងៃ​ណាមួយ​នឹង​ងាប់​នៅ​ឡាន​អញ​ជាមិនខាន​!» ។​

សមត្ថកិច្ច​បានឲ្យដឹង​ថា ​ជនបង្ករ​ហេតុ​នោះ​មានឈ្មោះ លឹម ស្នេហ៍​គំនិត ហៅ ធូ រស់នៅ​ម្តុំ​អាង​ក្រពើ​ ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ។​ បច្ចុប្បន្ននេះ​សមត្ថកិច្ច​ កំពុង​ចាត់​ចំណាត់ការ ​យ៉ាង​ក្តៅគគុក​ក្នុងករណីនេះ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ដោយ សី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម