រថយន្ត ក្រុង​ក្រុមហ៊ុន ថោ​ង ស៊ី​ន បុក​ម៉ូតូ​ស្លាប់​ម្នាក់ ​នៅ​ផ្លូវជាតិ​លេខ​៦

 
 

ខេត្តសៀមរាប ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ ​បាន​កើតឡើង ​ដោយសារ​រថយន្តក្រុង​របស់​ក្រុមហ៊ុន ថោ​ង ស៊ី​ន ១​គ្រឿង​បាន​បុក​ម៉ូតូ​១​គ្រឿង ម៉ាក​វ៉េវ​អាល់​ហ្វា បើក​ឆ្លងផ្លូវ បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ ដែល​ជិះ​ម្នាក់ឯង​ស្លាប់​ភ្លាម​ៗ​ នៅ​នឹង​កន្លែង​គួរ​ឱ្យ​រន្ធត់​ធ្វើ​ឱ្យ​កកស្ទះ​ចរាចរ​ មួយសន្ទុះ​ធំ ទើប​សមត្ថកិច្ច ​ចរាចរណ៍​ទៅ​ដល់ ។

ហេតុការណ៍​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៥ នៅ​តាម​បណ្តោយ​ ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​កកោះ ឃុំ​គោ​គ​ធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប ។

លោក​អនុសេនីយ៍ឯក គង់ អឿ​ន នាយ​ផ្នែក​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ ស្រុក​ជីក្រែង បាន​ប្រាប់​«​កោះសន្តិភាព​»​ នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែសីហា​នេះ​ថា ជន​រង​គ្រោះ​មានឈ្មោះ ពេញ ហឿ​ន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ ភូមិ​កំពង់​ម្កាក់ ឃុំ​គោ​គ​ធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​បើកបរ​ម៉ូតូ ​ម៉ាក​វ៉េវ​អាល់​ហ្វា ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ដឹកស្រូវ​មួយ​ការុង​ចេញពីផ្ទះ​ កូន​ប្រសារ​ឆ្លងកាត់​ ថ្នល់ជាតិ​លេខ​៦ ពី​ជើង​មក​ត្បូង ត្រូវ​បាន​រថយន្តក្រុង​របស់​ក្រុមហ៊ុន ថោ​ង ស៊ី​ន មាន​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ ល្បឿន​លឿន​ បុក​ចំ​ពីក្រោយ បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ ​នឹង​កន្លែង​កើតហេតុ ។

លោក​បន្ត​ថា ចំណែក​អ្នកបើកបរ​រថយន្ត ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​3A-4388 បាន​ឈប់​រថយន្ត រួច​បើកទ្វារ​ចុះ​រត់​បាត់​ស្រមោល ។

លោក​បន្ថែម​ថា ចំពោះ​សាកសព​ ត្រូវ​សមត្ថកិច្ច​ជំនាញ​បាន​ប្រគល់​ជូន​ ទៅ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​រថយន្ត និង​ម៉ូតូ សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​ នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល ​ស្រុក​ជីក្រែង​ដើម្បី រង់ចាំ​ការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម