សំឡេង​ស្មូ​ត​ធម៌​សង្វេគ​លាន់ឮ​ខ្ទរខ្ទា​ពេញ​ ភូមិ​ព្រៃ​ស

 
 

រាជធានី​ភ្នំពេញ ៖ បរិយាកាស​គួរ​ឱ្យ​សង្វេគ​បំផុត​ដែល​កម្រ​នឹង​ កើត​មាន​នោះ គឺ​សំឡេង​ស្មូត ត្រូវ​បាន​បន្លឺ​ឡើង​ទ្រហឹង​ក្នុងភូមិ​ព្រៃ​ស​ ខាងលិច​និង​ខាងកើត ស្ថិត​នៅ​ជាប់​ៗ​គ្នា គ្រួសារ​ខ្លះ​មាន​ សព​តម្កល់​២​នាក់ ខ្លះ​៣​នាក់ នោះ គឺជា​ជន​រង​គ្រោះ​ នៅ​ក្នុង​ឧប្បត្តិហេតុ​ក្រឡាប់​ រថយន្តក្រុង​បើក​ធ្លាក់​ ផ្លូវ​នៅ​ជើងភ្នំ​ដងរែក កាលពី​ថ្ងៃ​ទី​១៣ សីហា ។ គិត​រហូត​មក​ដល់​ ថ្ងៃ​ទី​១៤ សីហា មាន​អ្នក​ស្លាប់​រហូត​ ដល់​ទៅ​ចំនួន​ ១៦​នាក់ និង​អ្នក​រង​របួស​ ទាំងចាស់ទាំងក្មេង​ចំនួន​២២​នាក់​។ នេះ​បើ​តាម​ការ​ ឱ្យ​ដឹង​ពី​សំណាក់​ លោកនាយ​បុ​៉​ស្តិ៍ ​រដ្ឋបាល​ព្រៃ​ស ខណ្ឌដង្កោ ។

លោកនាយ​ប៉ុ​ស្តិ៍​បន្ត​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​១៤​នាក់ និង​របួស​ទាំង​ ២២​នាក់ គឺជា​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ ព្រៃ​ស​តែ​ម្តង ។ ដោយឡែក​អ្នក​ស្លាប់​ ២​នាក់​ទៀត​រស់នៅ​ ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល នឹង​ត្រូវ​បាន​ដឹក​ពី​កន្លែង​ កើតហេតុ​មក​ កាន់​លំនៅ​ឋាន​ តាម​រថយន្ត​យោធា​ ចំនួន​២​គ្រឿង ក្នុង​១​គ្រឿង​ ដឹក​សព​ចំនួន​ ៨​នាក់ និង​បាន​មក​ ដល់​នៅ​វេលា​ម៉ោង​ ២​និង​១៥​នាទី​រំលង​ អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ សីហា ។

លោកនាយ​ប៉ុ​ស្តិ៍​ថា ពេល​ដឹក​មក​ដល់​នោះ​មិន​បាន​ នាំ​ចូល​ផ្ទះ​ភ្លាម​ៗ​ទេ គឺ​បាន​នាំ​ទៅ​ កាន់​វត្ត​ព្រះ​ធម្ម​ត្រ័យ ដោយ​និមន្ត​ព្រះសង្ឃ និង​លោកតា​អាចារ្យ​ ដើម្បី​ធ្វើ​កិច្ច​តាម​ប្រពៃណី​ ព្រះពុទ្ធ​សាសនា​ រួចរាល់​មួយ​ជំហាន បន្ទាប់​មក​ទើប​នាំ​សព​ទៅ​ តាម​ផ្ទះ​រៀប​ចំ​ធ្វើបុណ្យ​ រៀង​ៗ​ខ្លួន ។

លោក អ៊ុ​ល សំ​អុល បន្ត​ថា ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​គួរ​ឱ្យ​រន្ធត់​ នេះ​មាន ៖
១-​ឈ្មោះ មុំ សុខ ភេទ​ស្រី អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​គោក​បន្ទាយ ។
២-​ឈ្មោះ ចិន សំ​អុល ភេទ​ស្រី អាយុ​៦៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ស​ខាងលិច ។
៣-​ឈ្មោះ ប៉ែន សុខ​លី​ន ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ។
៤-​ឈ្មោះ ប៉ែន សំ​អាន ភេទ​ស្រី អាយុ​៦២​ឆ្នាំ ។
៥-​ឈ្មោះ ហ៊ី គឹ​ម​ហួយ ហៅ ជា ម៉េ​ង ភេទ​ស្រី អាយុ​៨​ឆ្នាំ ទាំង​៣​នាក់​នេះ​ត្រូវជា​ បងប្អូន​បង្កើត ជា​ជីដូន និង​ចៅស្រី មាន​ទីលំនៅ​ក្នុង ភូមិ​ព្រៃ​ ស​ខាងលិច ។
៦-​ឈ្មោះ អេ​ង សំអាត ភេទ​ស្រី អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ស​ខាងលិច ។
៧-​ឈ្មោះ សេក សុវណ្ណ ភេទ​ស្រី អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ខាងលិច ។
៨-​ឈ្មោះ ឡុ​ង សុខ ភេទ​ស្រី អាយុ​៥៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ទីទុយ ។
៩-​ឈ្មោះ ហម អៀ​ក ភេទ​ស្រី អាយុ​៦៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ទីទុយ ។
១០-​ឈ្មោះ គឹ​ម សំអាត ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ។
១១-​ឈ្មោះ ឈុំ សំអាត ភេទ​ស្រី អាយុ​៦១​ឆ្នាំ ទាំង​២​នាក់​គឺជា​ប្តី​ប្រពន្ធ​នឹង​គ្នា មាន​ទីលំនៅ​ក្នុង ភូមិ​ព្រៃ​ស​ខាងកើត ។
១២-​ឈ្មោះ ជឹ​ម ឡ​ន ភេទ​ស្រី អាយុ​៦២​ឆ្នាំ ។
១៣-​ឈ្មោះ បាន ធា ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​តា​ជោ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល ។
១៤-​ឈ្មោះ ផែង កូ​លាប ភេទ​ស្រី អាយុ​៦១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ស​ខាងកើត ។
១៥-​ឈ្មោះ ជួន សេ​ម ភេទ​ស្រី អាយុ​៧០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយ​គ្នា ។
១៦-​ឈ្មោះ សុត សុ​ផាត ភេទ​ស្រី អាយុ​៧២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ស​ខាងលិច ។

ចំណែក​អ្នក​រង​របួស​២២​នាក់ ក្នុង​នោះ​មាន​២​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​ ក្នុង​ប្រទេស​ថៃ ហើយ​នៅ​មិន​ទាន់​ដឹង​ថា នៅ​ពេល​ខាង​ មុខ​ៗ​ទៀត​នឹង​មាន​អ្នក​ស្លាប់​ ថែម​ប៉ុន្មា​ន​នាក់​ ឡើយ ព្រោះ​ការ​រង​របួស​ នោះ​ធ្ងន់​ភាគច្រើន ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ សីហា នៅ​ក្នុងភូមិ​ព្រៃ​ស​ខាងលិច និង​ខាងកើត ភូមិ​ព្រៃ​ទីទុយ និង​ភូមិ​គោក​បន្ទាយ ទាំង​៤​ភូមិ​នេះ មាន​ពិធី​បុណ្យសព​ គួរ​ឱ្យ​សង្វេគ​ ខ្លាំង​ណាស់ ដោយ​សំឡេង​ មេក្រូ​ត្រូវ​បាន​ចាក់​លាន់ឮ​យ៉ាង​ ទ្រហឹងអឺងកង ព្រោះ​ភូមិ​ទាំងនោះ​ ស្ថិត​នៅ​ជាប់​ៗ​គ្នា ។ ចំណែក​ជន​ រង​គ្រោះ​ដែល​ស្លាប់ ក៏​មានផ្ទះ​មិន​ឆ្ងាយ​ ពី​គ្នា​ប៉ុ​ន្មា​ន​ដែរ ។

សាច់ញាតិ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​និយាយ​ថា មុន​ពេល​ចេញដំណើរ​ ទៅ​កាន់​ខេត្ត ឧត្តរមានជ័យ ដើម្បី​ប្រគេន​ទៀន វស្សា​ដល់​ព្រះសង្ឃ​ នៅ​ទីនោះ គេ​បាន​និមន្ត​ព្រះសង្ឃ​មក​ សូត្រធម៌​ប្រោះព្រំ​ ទឹកមន្ត​រថយន្ត ក្រុង​យ៉ាង​ត្រឹមត្រូវ ដើម្បី​សុំ​សេចក្តី សុខ​តាម​ផ្លូវ មិន​នឹក​ស្មានថា ជួបនឹង​គ្រោះ​ អកុសល​គួរ​ឱ្យ​រន្ធត់​ បែប​នេះ​ឡើយ ។ ប៉ុ​ន្តែ​ម្នាក់​ៗ​ក៏​មានការ​ ព្រួយបារម្ភ​ផង​ដែរ ដោយសារ​តែ​ឃើញ​ អ្នកបើកបរ​រថយន្ត​ ក្មេង​ពេក ហើយ​មុន​នឹង​ ចេញដំណើរ អ្នកបើកបរ​រូប​នោះ​ ក៏​ទទួល​រង​នូវ​ការ​ ស្តីបន្ទោស​ខ្លះ​ៗ​ពី​ សំណាក់​អ្នកដំណើរ​ ដែល​ជា​ជន​រង​គ្រោះ​ដែរ ព្រោះតែ​ការ​ណាត់គ្នា​ចេញ ដំណើរ​នៅ​វេលា​ ម៉ោង​៤​ទៀប​ភ្លឺ ប៉ុ​ន្តែ​អ្នកបើកបរ​រថយន្ត​ បាន​មក​ដល់​ ពេល​ភ្លឺ ទើប​ចេញដំណើរ​ ធ្វើ​ឱ្យ​យឺតយ៉ាវ ។ ម្យ៉ាងទៀត​គម្រោងការ​នេះ​ មិនមែន​តម្រូវ​យក​ អ្នកបើកបរ​វ័យក្មេង និង​មិនសូវ​ស្គាល់​ ភូមិសាស្ត្រ​បែប​នេះ​ទេ គឺ​បាន​ជួល​រថយន្ត​ ដែល​មាន​អ្នកបើកបរ​ វ័យ​ចំណាស់​ធ្លាប់​ ស្គាល់​ភូមិសាស្ត្រ​ត្រឹមត្រូវ​ដោយ​ និយាយ​គ្នា​រួច​ហើយ ។ ប៉ុ​ន្តែ​ដោយសារ​រថយន្ត​ នោះ​យក​ថ្លៃ​ឈ្នួល​ រហូត​ដល់​ទៅ​ជាង​ ៥០០​ដុល្លារ​ ទើប​គ្មាន​លទ្ធភាព ហើយ​បែរជា​មក​ជួល​រថយន្ត​ ដែល​ជួប​គ្រោះ ថ្នាក់​នេះ​វិញ ។

អាជ្ញាធរ​ឱ្យ​ដឹង​ថា តាម​ព័ត៌មាន​ដែល​ទទួល​បាន​ពី​កន្លែង​កើតហេតុ គ្រោះថ្នាក់​នេះ​ បណ្តាល​មក​ពី​ការ​ បើកបរ​ក្នុង​ល្បឿន​ លឿន​ពេក ហើយ​អ្នកបើកបរ​ មិន​ស្គាល់​ពី​ ភូមិសាស្ត្រ​ច្បាស់លាស់ និង​ស្ថានភាព​ ផ្លូវ​ឡើង​ចុះ ឬ​ផ្លូវ​កោង ទើប​បង្ក​ឱ្យ​ធ្លាក់​ ផ្លូវ​ជួប​គ្រោះថ្នាក់​ បែប​នេះ ។ មិន​តែ​ប៉ុ​ណ្ណោះ នៅ​ត្រង់​ចំណុច​នោះ​ ធ្លាប់​មាន​គ្រោះថ្នាក់​ ក្រឡាប់​រថយន្ត​ពី​៧ ទៅ​៨​ដង​មក​ ហើយ​ដែរ ។

លោក នុ​ត ពុធ​ដា​រ៉ា ចូលរួម​រំលែក​ទុក្ខ និង​នាំ​យក​ថវិកា​ឧបត្ថម្ភ​ដល់​គ្រួសារ​ ដែល​មាន​ អ្នក​ទទួលមរណភាពក្រោយ​ពី​បាន​ទទួល​ ការ​ចាត់ចែង​ ពី​សំណាក់​លោក ប៉ា សុ​ជាតិ​វង្ស ប្រធាន​គណបក្ស​ ប្រជាជន​កម្ពុជា​ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ សីហា លោក នុ​ត ពុធ​ដា​រ៉ា ប្រធាន​គណបក្ស​ខណ្ឌ បាន​ដឹកនាំ​មន្ត្រី​ គណបក្ស​ខណ្ឌ សង្កាត់ និង​យុវជន​ទៅ​ចូល រួម​រំលែក​ ទុក្ខ​ដល់​ក្រុម​គ្រួសារ​សព​ ទាំង​១៤​នាក់​នៅ​ក្នុង​សង្កាត់​ព្រៃ​ស ដែល​បាន​ទទួល មរណភាព​ដោយ​គ្រោះ ថ្នាក់​ចរាចរណ៍​នេះ ។

លោក នុ​ត ពុធ​ដា​រ៉ា ប្រធាន​គណបក្ស​ខណ្ឌ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​រំលែក​ ទុក្ខ​ដ៏​ក្រៀមក្រំ​ ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស ជូន​ចំពោះ​គ្រួសារ​សព​ទាំងអស់ និង​បាន​ផ្តាំផ្ញើ​នូវ​ការ​ ចូលរួម​រំលែក​ទុក្ខ​ពី​សំណាក់ ​លោក ប៉ា សុ​ជាតិ​វង្ស ប្រធាន​គណបក្ស​ រាជធានី​ភ្នំពេញ ចំពោះ​សាច់ញាតិ និង​ក្រុម​គ្រួសារ​នៃ​សព ។

បន្ទាប់​មក​លោក​បាន​នាំ​យក​ថវិកា​ចូលរួម​បុណ្យសព​ក្នុង​មួយ​គ្រួសារ​ ៣០​ម៉ឺន​រៀល​។ ដោយឡែក​លោក កែប ជុតិមា ប្រធាន​ ក្រុមការងារ​ ចុះ​ជួយ​ខណ្ឌដង្កោ​បាន​ ឧបត្ថម្ភ​ជូន​គ្រួសារ​សព​ ក្នុង​មួយ​គ្រួសារ​ ២០​ម៉ឺន​រៀល និង​គណបក្ស​ប្រជាជន​ សង្កាត់​ព្រៃ​ស​ជូន​ ដល់​គ្រួសារ​សព​ក្នុង​មួយ​ គ្រួសារ​១០​ម៉ឺន​រៀល ។ រីឯ​សប្បុរសជន​ នានា​ក៏​បាន​ឧបត្ថម្ភ​តាម​រយៈ​លោក ចំនួន​ ៨​ម៉ឺន​រៀល​ក្នុង​ ១​គ្រួសារ​ជូន​ដល់​ ក្រុម​គ្រួសារ​សព​ទាំង​ ១៤​នាក់​ផង​ដែរ ។

អ្នក​របួស​៩​នាក់​ក្នុង​ចំណោម​២១​នាក់​កំពុង​ទទួល​ការ​សង្គ្រោះ​បន្ទាន់​នៅ​សៀមរាប

ខេត្តសៀមរាប ៖ តាម​ការ​បញ្ជាក់​ពី​សំណាក់​ឱសថការី​ឈ្មោះ លឹ​ម ហេង អនុប្រធាន​ មន្ទីរពេទ្យ​បង្អែក​ ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​១៤ សីហា ឱ្យ​ដឹង​ថា គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ ដ៏​រន្ធត់​មួយ​បាន​កើត ឡើង​កាលពី​ថ្ងៃ​ទី​១៣ សីហា នៅ​លើ​កំណាត់​ផ្លូវ ជាតិ​លេខ​៦៧ ត្រង់​ចំណុច​ចំរាក់​ទី​១ ផ្លូវ​ឡើង​ភ្នំ​ដងរែក ក្នុងភូមិ​សាស្ត្រ​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។ រថយន្ត​ក្រឡាប់​នោះ​ ប្រភេទ​៣៥​កៅអី ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​លឿង ពាក់​ស្លាក​លេខ​ ភ្នំពេញ​៣ C-4613 បើកបរ​ដោយ​ ឈ្មោះ វណ្ណ ណាត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ។ ចំណែក​អ្នក​រង​របួស​ ប្រុស​ស្រី​ក្មេង​ចាស់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ នោះ​មាន​ចំនួន​ ២១​នាក់ បាន​ដឹក​ចេញពី​មន្ទីរពេទ្យ​ ស្រុក​អន្លង់​វែង​មក​កាន់​ មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ហើយ​ត្រូវ​បាន​ក្រុម​ គ្រូពេទ្យ​យកចិត្តទុក ដាក់​ក្នុង​ការ​ សង្គ្រោះ​ជា​បន្ទាន់​ផង​ដែរ ។

លោក​ឱសថការី លឹ​ម ហេង បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​រង​របួស​ទាំង​ ២១​នាក់​នោះ មាន​៣​នាក់​ជា​កុមារ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ​កុមារ​អង្គរ​ ខេត្តសៀមរាប​។ ចំណែក​ ១៨​នាក់​ទៀត​ កំពុង​សម្រាក​ព្យាបាល​ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​មាន​ក្រុម​គ្រួសារ​ ជា​កូនចៅ បាន​បញ្ជូន​ចេញពី​ មន្ទីរពេទ្យ​បង្អែក​ខេត្ត​ចំនួន​ ៤​នាក់​ទៅ​ កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត រាជធានី​ភ្នំពេញ​ ទាំង​យប់ ។

លោក​បញ្ជាក់​បន្ថែម​ទៀត​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៤ សីហា មន្ទីរពេទ្យ​បង្អែក​ ខេត្ត​បាន​បញ្ជូន​ អ្នក​របួស​មួយ​ចំនួន​ ដែល​មាន​ស្ថានភាព​ ធ្ងន់ធ្ងរ​ទៅ​កាន់​ រាជធានី​ភ្នំពេញ និង​មួយ​ចំនួន​ទៀត​ ត្រូវ​បាន​បងប្អូន​ ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​កាន់​ មន្ទីរពេទ្យ​ផ្សេង​ៗ​ តាម​លទ្ធភាព​របស់​ខ្លួន ។

បច្ចុប្បន្ន អ្នក​របួស​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ មក​ដល់​ម៉ោង​ នេះ​នៅ​សល់​តែ​៩​នាក់​ប៉ុណ្ណោះ​ ដែល​ក្រុម​គ្រូពេទ្យ​ ជំនាញ​កំពុង​យក ចិត្តទុកដាក់​ព្យាបាល​ ដើម្បី​ឆាប់​បានជា​សះ ស្បើយ​ត្រឡប់​ ទៅ​ផ្ទះ​វិញ​។ ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​ទី​១៤ សីហា មាន​ក្រុម​គ្រួសារ​ មួយ​ចំនួន​បាន​មក​សុំ​ពី​ គ្រូពេទ្យ​ដើម្បី​យក​ ទៅ​ព្យាបាល​បន្ត​នៅ​រាជធានី​ភ្នំពេញ ព្រោះ​នៅ​ជិត ផ្ទះ​របស់​ពួក​គាត់​៕
















ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម