ចាប់​បញ្ជូន ​ជនសង្ស័យ​ ខាង​កាប់​ចាក់ ​យ៉ាង​សកម្ម ​ទៅ​តុលាការ បន្ទាប់​ពី​រត់គេច ​ខ្លួន​អស់​រយៈ​៧​ខែ

 
 

ខេត្តបន្ទាយមានជ័យ ៖ ពាក្យចាស់​លោក​ពោល​ថា ជង់​មិន​ដែល​ភ្លេច​កុក​ទេ មាន​តែ​កុក​ទេ​ដែល​ភ្លេច​ជង់ ជាក់ស្តែង​ជនជាប់ចោទ​ម្នាក់ ​ដែល​គេ​ធ្លាប់​ដឹង និង​ស្គាល់​ថា ជា​ជើង​កាប់​ចាក់​យ៉ាង​សាហាវ​ ឲ្យ​តែ​មាន​ទំនាស់​ជាមួយ​ គូបដិបក្ខ ​របស់​ខ្លួន ត្រូវ​បាន​កម្លាំង​នគរបាល​ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​អនុវត្ត​តាម​ដីកា​ ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង ​ខេត្តបន្ទាយមានជ័យ​ នៅ​ល្ងាច​ថ្ងៃ​ទី​១៧ សីហា នេះ​ពី​បទ​ហិង្សា​ដោយ​ចេតនា ​មាន​ស្ថាន​ទម្ងន់ទោស បន្ទាប់​ពី​ធ្វើ​សកម្មភាព​កាប់​ ទៅ​លើ​គូទំនាស់​របស់​ខ្លួន​ឲ្យ​រង​របួសធ្ងន់ រួច​រត់គេច​ទៅ​សម្ងំ​លាក់ខ្លួន​ នៅ​ខេត្តសៀមរាប​រយៈពេល​ជាង​ ៧​ខែ​កន្លង​មក ។

លោក​វរសេនីយ៍ឯក សិទ្ធ ឡោះ ស្នងការ​រង​ទទួល​បន្ទុក​ការិយាល័យ ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា ជនជាប់ចោទ​ឈ្មោះ អ៊ុ​ន ភា​រុន ហៅ​អារ​.​ក​ទា ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​ព្រៃ​ប្ញ​ស្សី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

កាលពី​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៥ ជន​នេះ​រួម​ទាំង​បក្ខពួក​គេ ​មាន​គ្នា​៣​នាក់ បាន​ធ្វើ​សកម្មភាព​កាប់​ប្រហារ​ ទៅ​លើ​គូទំនាស់​របស់​ខ្លួន​ឈ្មោះ យឹ​ម តុលា ហៅ​មៀ​វ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ នៅ​ចំណុច​មុខ​ផ្សារ​រាត្រី ស្ថិត​ក្នុងភូមិ​ព្រៃ​ប្ញ​ស្សី សង្កាត់​ព្រះ​ពន្លា បណ្តាល​ឲ្យ​របួស​ ថ្ពាល់​ខាងឆ្វេង ដាច់​ស្លឹកត្រចៀក​ខាងឆ្វេង ចំ​ក្បាល​ចំហៀង​ខាងឆ្វេង និង​កែងដៃ​ខាងឆ្វេង រង​របួសធ្ងន់ ។

ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ជន​នេះ ​បាន​រត់គេច​ខ្លួន​មួយ​រយៈ ពេល​ត្រឡប់​មក​វិញ​ត្រូវ​បាន ​នគរបាល​ចាប់​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ឃាត់ខ្លួន ​របស់​តុលាការ​ខេត្តបន្ទាយមានជ័យ ។ នេះ​គឺជា​ជន​ទី​២​ក្នុង​ចំណោម​ បក្ខពួក​គេ​៣​នាក់ ដែល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​គឺ​ពិតជា​បាន​កាប់​ទៅ​លើ​ឈ្មោះ យឹ​ម តុលា ហៅ​មៀ​វ ពិតប្រាកដ​មែន​កាលពី​អំឡុង​ខែមករា ឆ្នាំ​២០១៥ បន្ទាប់​ពី​កាប់​រួច​គេ​ក៏​ បាន​រត់គេច​ខ្លួន​ទៅ​ ផ្ទះ​បងប្អូន​នៅ​ឯ​ខេត្តសៀមរាប​ បាន​រយៈពេល​ជាង​៧​ខែ ពេល​ត្រឡប់​មក​វិញ​ក៏​ត្រូវ​សមត្ថកិច្ច​ ចាប់​ឃាត់ខ្លួន​តែ​ម្តង ។

លោកស្នងការ​រង ​បាន​បញ្ជាក់​ថា ជនជាប់ចោទ​ឈ្មោះ អ៊ុ​ន ភា​រុន ហៅ​អារ​.​ក​ទា ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​កសាង​ សំណុំរឿង​បញ្ជូន​ទៅ ​សាលាដំបូង​ខេត្ត និង​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត រង់ចាំ​បើក​សវនាការ​ កាត់ទោស​តាម​ច្បាប់ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម