ភ្ញាក់ផ្អើល! ជំនួយការ ប្រធានាធិបតី អូបាម៉ា ត្រូវចាប់ខ្លួន ក្រោយអំពី បាញ់ប្រហារ ក្នុងរឿងផ្ទាល់ខ្លួន

 
 

អាមេរិក៖ ជំនួយការ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ត្រូវបានប៉ូលីសចាប់ខ្លួន ក្រោយអំពើបាញ់បោះមួយបានកើតឡើង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកស្រី Barvetta Singletary វ័យ៣៧ឆ្នាំ មានតួនាទី ជាជំនួយការពិសេស របស់លោកប្រធានាធិបតីអាមេរិក និងជាអ្នកទំនាក់ទំនងកិច្ចការផ្នែកច្បាប់ របស់សេតវិមានផងដែរ។ គាត់ត្រូវបានប៉ូលីសចាប់ខ្លួន ក្រោមការចោទប្រកាន់ពីបទ ប្រើអំពើហិង្សា​ក្នុងគ្រួសារ និងប្រើប្រាស់អាវុធបាញ់ប្រហារ ទៅលើបុរសរងគ្រោះម្នាក់ ដែលត្រូវជាមិត្តប្រុសរបស់នាង។

របាយការណ៍របស់ប៉ូលីស បានបញ្ជាក់ឲ្យដឹងថា ករណីនេះផ្តើមចេញពីជម្លោះរឿងផ្ទាល់ខ្លួន ដែលអ្នកស្រី Barvetta ទូរស័ព្ទហៅមិត្តប្រុស ដើម្បីធ្វើការនែបនិត្យនឹងគ្នា តែមិនសមដូចបំណង។

ក្នុងពេលដែលបុរសជាមិត្តប្រុសទៅដល់ អ្នកស្រី Barvetta បានចាប់ផ្តើមសួរនាំអំពីទំនាក់ទំនង របស់គាត់ជាមួយនឹង មនុស្សស្រីម្នាក់ផ្សេងទៀត ហើយថែមទាំងសួរនាំលេខសំងាត់ទូរស័ព្ទដៃថែមទៀត ដើម្បីវែកញែកឲ្យដឹងសខ្មៅ។ នៅពេលដែល បុរសជាមិត្តប្រុស មិនព្រមប្រាប់ ជាហេតុនាំឲ្យអ្នកស្រី Barvetta កើតចិត្តខឹងសម្បារ ស្ទុះទៅឆក់យកកាំភ្លើងមួយដើមម៉ាក 40 caliber Glock 23 ដែលជាកាំភ្លើងកាតព្វកិច្ចប៉ូលីសរបស់មិត្តប្រុសខ្លួន រួចលើកកាំភ្លើងតម្រង់ និងពោលពាក្យមួយចំនួនថា “អ្ន​កបង្រៀនឲ្យខ្ញុំចេះប្រើវា ចឹងខ្ញុំនឹងប្រើវាពេលនេះ”។ និយាយចប់ នាងក៏បាញ់អស់គ្រាប់មួយបង់ តែមិនមាននរណាម្នាក់ គ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ ក្រោយកើតហេតុ ប៉ូលីសបានទៅដល់ និងធ្វើការឃាត់ខ្លួន អ្នកស្រី Barvetta ផងដែរ។

ជុំវិញករណីមួយនេះ អ្នកនាំពាក្យរបស់សេតវិមាន បានឲ្យដឹងថា “ពួកយើងបានដឹង រឿងមួយនេះហើយ ពេលនេះពួកយើង ក៏បានធ្វើការដកហូត សិទ្ធិក្នុងការចូលមកកាន់សេតវិមាន និងដកហូតកិច្ចសន្យា ការងាររបស់នាង រួចរាល់ហើយផងដែរ តែចំពោះព័ត៌មាន ជាក់លាក់ផ្សេងទៀត នឹងត្រូវបញ្ជាក់នៅពេលក្រោយ”។

គួរបញ្ជាក់ផងដែរថា អ្នកស្រី Barvetta ត្រូវបានដោះលែងមកវិញ បន្ទាប់ពីនាងបង់ប្រាក់ ធានាខ្លួនចំនួន ៧៥,០០០ដុល្លារអាមេរិក តែនាងក៏ត្រូវបាត់បង់ការងារ ជាបណ្តោះអាសន្ន ដោយសាររឿងមួយនេះផងដែរ៕


Barvetta Singletary មានមុខងារជា អ្នកជំនួយការពិសេស របស់លោកប្រធានាធិបតី Barack Obama


នាង Barvetta ពេលកំពុងបំពេញការងារ


សេតវិមាន របស់សហរដ្ឋអាមេរិក

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម