ឃាត់ខ្លួន​ជនជាតិ​ វៀតណាម​៣៨​នាក់ ​គ្មាន​លិ​ខិត​ឆ្លង​ដែន ​​ក្នុង​ការដ្ឋាន​របស់ ធនាគារ​​មួយ

 
 

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​ ឧត្តមសេនីយ៍ទោ អ៊ុ​ក សីហា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ដ​នីតិវិធី សហការ​ជាមួយ​ការិយាល័យ ​នគរបាល​អន្តោប្រវេសន៍​ រាជធានី​ភ្នំពេញ និង​នគរ​បាល​​ខណ្ឌដូនពេញ ដោយ​មានការ​ សម្របសម្រួល​ពី​លោក​ មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​រង ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួត​ពិនិត្យ​ ក្នុង​ការដ្ឋាន​សំណង់ ​របស់​ធនាគារ​មួយ ដែល​ស្ថិត​នៅ​តាម​ផ្លូវ​មុនី​វង្ស សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២១ សីហា ឆ្នាំ​២០១៥ ។

មន្ត្រី​នគរបាល​ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ដ​នីតិវិធី​បានឱ្យ​ដឹង​ថា ជា​លទ្ធផល​សមត្ថកិច្ច ​រក​ឃើញ​កម្មករ​ជនបរទេស​ជាង​១០០​នាក់ ក្នុង​នោះ​ជនជាតិ​វៀតណាម ​មាន​ជាង​១០០​នាក់ ជា​ជនជាតិ​ម៉ា​ឡេ​ស៊ី​៦​នាក់ ជនជាតិ​ហ្វី​លី​ពី​ន​២​នាក់ និង​ជនជាតិ​កូរ៉េ​ខាងត្បូង​ ចំនួន​៥​នាក់ ។

ក្រោយ​ពី​ធ្វើការ​ត្រួតពិនិត្យ​រួច សមត្ថកិច្ច​បាន​រក​ឃើញ​ថា ជនជាតិ​វៀតណាម​ចំនួន​៣៨​នាក់ គ្មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ ដូច្នេះ​ត្រូវ បញ្ជូន​ខ្លួន​ទៅ​ អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ​បន្ដ​ការ​សាក​សួរនាំ និង​រៀបចំ​សំណុំរឿង ​បណ្ដេញ​ចេញពី​ ប្រទេស​កម្ពុជា ។

ប្រតិបត្ដិការ​ចុះ​ឆែកឆេរ និង​ត្រួតពិនិត្យ​ការ​រស់នៅ និង​ធ្វើការ​របស់​ជនបរទេស ជា​ពិសេស​ជនជាតិ​វៀតណាម ​នៅ​លើ​ទឹកដី​កម្ពុជា ត្រូវ​បាន​ធ្វើ​ឡើងជា​បន្ដបន្ទាប់ ​តាម​បណ្ដា​រាជធានី​-​ខេត្ដ ដើម្បី​អនុវត្ដ​ច្បាប់ ​ជនអន្ដោប្រវេសន៍ ​ប្រកបដោយ​ប្រសិទ្ធភាព ពោល​មិន​អនុ​ញ្ញាត​ ឱ្យ​ជនបរទេស​ណា​ម្នាក់ រស់នៅ​ដោយ​ខុសច្បាប់​នោះ​ឡើយ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម