ក្រុម​អភិរក្ស​ ប្រាសាទ​ក្រៅ​ ឧទ្យាន​អង្គរ នៃ​អាជ្ញាធរ​អប្សរា ​ប្រទះ​ឃើញ​ ព្រះពុទ្ធ​បដិមា​២​អង្គ

 
 

ខេត្តសៀមរាប ៖ ព្រះពុទ្ធ​បដិមា​២​អង្គ ស្ថិត​ក្នុង​ឥរិយាបថ​សមាធិ និង​ផ្ចាញ់​មារ ធ្វើ​អំពី​លោហធាតុ ត្រូវ​បាន​ក្រុម​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​ របស់​អាជ្ញាធរ​ជាតិ​អប្សរា​ប្រទះ​ ឃើញ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៥ នៅ​ក្រោយ​ព្រះ​អង្គ​ធំ លើ​ខ្នងភ្នំ​គូលែន ក្នុង​ខណៈ​ពេល​ដែល ​ចុះ​ពិនិត្យ​ចម្លាក់​ស្នាម​ព្រះបាទ ។ ព្រះពុទ្ធ​បដិមា​ ទាំង​ពីរ​អង្គ​នេះ​១​អង្គ​មាន​កម្ពស់​២៧​ សង់ទីម៉ែត្រ ទទឹង​១៩​សង់ទីម៉ែត្រ និង​១​អង្គ​ទៀត​មាន​កម្ពស់​ ៣០​សង់ទីម៉ែត្រ ទទឹង​១៦​សង់ទីម៉ែត្រ ។

លោក ហែម ម៉ៃ បុគ្គលិក​បច្ចេកទេស នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ ក្រៅ​ឧទ្យាន​អង្គរ ដែល​បាន​ប្រទះ​ឃើញ​ព្រះពុទ្ធ​បដិមា​នេះ​បាន​រៀបរាប់​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៥ គឺ​ក្នុង​ពេល​ដែល ​លោក​កំពុង​បំពេញការងារ​នៅ​លើ​ភ្នំ​គូលែន លោកតា​អាចារ្យ​មួយ​រូប ​បាន​មក​ប្រាប់​លោក​ថា  មាន​ក្មេង​ៗ​ដែល​ដើរ​ បាញ់​សត្វ​បាន​ប្រទះ​ឃើញ​រូប​ស្នាម​ព្រះបាទ​នៅ​ផ្ទាំង​ថ្ម​ធំ ​ខាងក្រោយ​ព្រះ​អង្គ​ធំ លើ​ខ្នងភ្នំ​គូលែន​ប្រហែល​១៥០​ម៉ែត្រ ។

លុះ​ពេល​ព្រឹក​ឡើង​ថ្ងៃ​ទី​២៥ ខែសីហា ដោយ​ចង់​ពិនិត្យ​ឃើញ​ឱ្យ​បាន​ច្បាស់  ថា​តើ​ជា​ស្នាម​ព្រះបាទ​មែន ឬ​ក៏​អត់ លោក​ក៏​បាន​នាំ​ក្រុមការងារ​ទៅ ​ពិនិត្យ​មើល​ជាក់ស្តែង ដោយ​ឱ្យ​ក្មេង​ៗ​ដែល​បាន​ស្គាល់​ កន្លែង​នោះ​ជា​អ្នក​នាំ​ផ្លូវ ។

នៅ​ពេល​ទៅ​ដល់ ក៏​បាន​ប្រទះ​ឃើញ​ ស្នាម​ព្រះបាទ​នោះ​មែន ស្នាមចម្លាក់​ព្រះបាទ​នោះ​ ស្ថិត​ក្នុង​រូបភាព​មិន​ទាន់​ឆ្លាក់​រួចរាល់​នោះ​ទេ​ នៅ​លើ​ផ្ទាំង​ថ្ម​ដ៏​ធំ​មួយ ។ ស្នាមចម្លាក់​ព្រះបាទ​នេះ ​មាន​បណ្តោយ​២,៥​ម៉ែត្រ ទទឹង​១,៣​ម៉ែត្រ និង​មាន​ជម្រៅ​ដល់​ទៅ​២,៨៥​ម៉ែត្រ ។

លោក​បាន​រៀបរាប់​បន្ត​ថា ដោយសារ​តែ​មាន​ដើមឈើ​ដុះ​ពីលើ និង​មាន​ស្លឹកឈើ​ជ្រុះ​កប់​ច្រើន ហើយ​មានទឹក​ដក់​ជ្រៅ​ទៀត​នោះ លោក​ក៏​បានឱ្យ​ក្មេង​ៗ​ជួយ​បាចទឹក​ចេញ និង​បោច​ឫស​ឈើ​សម្អាត ក៏​បាន​ប្រទះ​ឃើញ​ព្រះពុទ្ធ​បដិមា​២​អង្គ​ទៀត​នៅ​ទីនោះ រួច​ក៏​យក​មក​រក្សា​ទុក​នៅ​នាយកដ្ឋាន ​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​ របស់​លោក​សិន ។

លោក ឈាន រ​ដ្ឋា ប្រធាន​នាយកដ្ឋាន​ស្តីទី​ អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​ បាន​បញ្ជាក់​ប្រាប់​ថា នៅ​ពេល​នេះ​ព្រះពុទ្ធ​បដិមា​ទាំង​២​អង្គ​ត្រូវ​បាន​ រក្សា​ទុក​ក្នុង​នាយកដ្ឋាន​ របស់​លោក​នៅឡើយ ដោយ​រង់ចាំ​ក្រុម​ជំនាញ​ បុរាណវិទ្យា​ធ្វើការ​សិក្សា​វិភាគ ដើម្បី​កំណត់​អត្តសញ្ញាណ និង​អាយុកាល នៃ​ព្រះពុទ្ធ​បដិមា​នេះ ។ លោក​បញ្ជាក់​ទៀត​ថា នៅ​ពេល​នេះ​ក្រុម​អ្នកជំនាញ​ មិន​ទាន់​ហ៊ាន​អះអាង​ច្បាស់លាស់​ នៅឡើយ​ទេ​ថា តើ​ព្រះពុទ្ធ​បដិមា​ទាំង​២​អង្គ​នេះ​កសាង​នៅ​ក្នុង​សម័យ ឬ​ឆ្នាំ​ណា​នៅឡើយ​ទេ ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម