ប្រវត្តិជីវិតអ្នកស្រី ហែម សុវណ្ណ ជាប់អនុស្សាវរីយ៍ ជាមួយលោកស៊ីន ស៊ីសាមុត
ប្រភពដើម
អ្នកស្រីហែម សុវណ្ណ មានដើមកំណើតនៅឃុំលាជ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍ សាត់ និងមានបងប្អូនច្រើន តែសល់តែ៤នាក់ប៉ុណ្ណោះ ប្រុស១ ស្រី៣ រស់នៅនាពេលបច្ចុប្បន្ន (ឆ្នាំ២០១៥) ។
នាឆ្នាំ១៩៦៤ អ្នកស្រីហែម សុវណ្ណ រៀននៅសាលាបឋមសិក្សាឃុំលាជ ។
ស្ថិតក្នុងវ័យសិក្សាអាយុប្រមាណ១០ឆ្នាំ អ្នកស្រីហែម សុវណ្ណ ជួបបញ្ហាលំបាកមួយចំនួនដែលត្រូវរែកពន់ ព្រោះតែក្រុមគ្រួសារមានសមាជិកច្រើន ។ អំឡុងពេលនោះឪពុកអ្នកស្រីសុវណ្ណ ធ្វើជាទាហានឈានដល់វ័យចូលនិវត្តន៍ និងម្តាយក៏វ័យចំណាស់ដែរ ។
ក្នុងវ័យប្រមាណ១៦ទៅ១៧ឆ្នាំ ដោយសារផ្លូវទៅ សាលាមានចម្ងាយពី៧ទៅ៨ គីឡូម៉ែត្រ ឯណោះ ម្យ៉ាងនឹក ឃើញ ម្តាយលំបាករកស៊ីចិញ្ចឹមផង អ្នកស្រីសុវណ្ណ បានសម្រេចចិត្តទៅ សុំរស់នៅជាមួយលោកគ្រូម្នាក់ ។ ទៅរស់នៅជាមួយ គេព្រោះអ្នកស្រីសុវណ្ណយល់ថា ខ្លួនកម្សត់ពេក ទៅសាលារៀនគ្មានកង់ជិះ តែងតែសុំគេទៅជាមួយ ហើយវេចបាយទៀត ។ ដោយសារ សុំកង់គេជិះទៅរៀនរាល់ថ្ងៃ ខ្លាចចិត្តគេពេក ក៏ឈប់សុំគេ ហើយទៅសុំនៅជាមួយលោកគ្រូរូបនោះ ដែលនៅជិតសាលា ។ រៀងរាល់ថ្ងៃអារម្មណ៍អ្នកស្រីសុវណ្ណ នឹកម្តាយណាស់ តែខំកាត់ចិត្តហើយគិតតែ ជួយធ្វើការនៅផ្ទះលោកគ្រូ ដោយដងទឹកដាក់ពាង និងជួយធ្វើស្រែផង ពេលទំនេរពីការសិក្សានៅសាលា ។
ប្រវត្តិក្លាយជាអ្នកចម្រៀង
មានពេលមួយមិត្តភក្តិ របស់លោកគ្រូដែលអ្នកស្រីហែម សុវណ្ណ ស្នាក់នៅបាន ទៅលេងផ្ទះគាត់។ មិត្តភក្តិរូបនោះបានសួរលោកគ្រូ អ្នកស្រីសុវណ្ណថា ក្នុងចំណោមសិស្ស ដែលគាត់បង្រៀនមានសិស្ស ណាច្រៀងពីរោះទេ មានគេ ត្រូវការរើសយក អ្នកចម្រៀងទៅច្រៀង ក្នុងក្រុមតន្ត្រីមួយនៅខេត្តបន្ទាយមានជ័យ ។ លោកគ្រូម្ចាស់ផ្ទះដឹងថា អ្នកស្រីហែម សុវណ្ណ ចេះច្រៀងមាន សំឡេងល្អ ក៏បញ្ជូនទៅសាកល្បង ។ ពេលនោះអ្នកស្រីសុវណ្ណ ចេញទៅច្រៀងក្នុងពិធីបុណ្យភ្ជុំ នៅបន្ទាយមានជ័យ ។ ទៅដល់ឆាកប្រគំតន្ត្រី អ្នកស្រីសុវណ្ណគ្មានសម្លៀកបំពាក់ល្អ ដូចគេទេ តែបានគេឱ្យខ្ចី សំពត់ពណ៌ស្វាយ និងអាវប៉ាក់ពណ៌ខ្មៅសម្រាប់ស្លៀកពាក់ ឡើងសម្តែងលើកទី១ ។ ខណៈសាកល្បងច្រៀងបាន ពីរបទ មានគេចាប់អារម្មណ៍ច្រើន ។ តាំងពីពេលនោះមកអ្នកស្រីសុវណ្ណ បានក្លាយជាសមាជិកក្រុមចម្រៀង ប្រចាំក្រុមតន្ត្រីកងកាំភ្លើងធំ ។
តាំងពីតូចមកអ្នកស្រីហែម សុវណ្ណ ចូលចិត្តសិល្បៈ សូម្បីតែទៅរៀនក៏ច្រៀងឱ្យគេស្តាប់ដែរ ហើយជាប់ចំណាត់ថ្នាក់លេខ១ ខាងសិល្បៈនៅសាលា ។ បន្ទាប់ពីបានក្លាយ ជាអ្នកចម្រៀងប្រចាំក្រុមតន្ត្រីកាំភ្លើងធំមក អ្នកស្រីហែម សុវណ្ណ សុំបានផ្ទះតូចមួយជ្រកកោន ហើយយកម្តាយឪពុកទៅស្នាក់នៅជាមួយគ្រាន់បានមើលថែ ។
ជីវិតសិល្បៈរីកលូតលាស់
ឆ្នាំ១៩៦៦ ជាឆ្នាំអ្នកស្រីហែម សុវណ្ណ វាយលុកយ៉ាងពេញ ទំហឹងនៅលើវិថីសិល្បៈ ។ នាឆ្នាំនោះអ្នកស្រីសុវណ្ណដែលចាប់អាជីពសិល្បៈ ក្នុងវង់តន្ត្រីតែងតែចូលរួមច្រៀងនៅក្នុងពិធីបុណ្យទាន ។ ចំពោះប្រាក់កម្រៃមិនបានប្រចាំថ្ងៃទេ គឺបានប្រាក់មកគេទុកក្នុងហឹប ហើយពេលដាច់ខែទើបចែកគ្នាម្តង ។ ក្នុងមួយខែអ្នកស្រីសុវណ្ណរកបានប្រាក់កម្រៃ៥០០រៀល ។
អំឡុងឆ្នាំ១៩៦៧-១៩៦៨ អាយុ១៩ឆ្នាំ អ្នកស្រីហែម សុវណ្ណ មានឱកាសបានជួបជាមួយអធិរាជសំឡេងមាសស៊ីន ស៊ីសាមុត ក្នុងសមាជលើកទី២៧ ដែលសម្តេចព្រះនរោត្តម សីហនុ យាងចូលរួមជាព្រះរាជអធិបតី ។ ក្នុងពិធីនោះមានតាំងពិព័រណ៍ និងប្រឡងចម្រៀងជាដើម។ ដោយមានការជំរុញពីលោកគ្រូ នៅខេត្តឱ្យចូលរួមប្រឡងចម្រៀង អ្នកស្រីហែម សុវណ្ណ ក៏ចូលរួម ។ ពេលនោះអ្នកស្រីសុវណ្ណ សប្បាយចិត្តណាស់ដោយបានមកភ្នំពេញ ហើយអត់មានអ្វីច្រើនទេ មានតែអង្ករកន្លះតៅ ត្រីងៀត១គីឡូក្រាម និងសុំផ្ទះ គេជាប់វាលព្រះមេរុស្នាក់នៅ ។ កម្មវិធីប្រឡងនោះមានបេក្ខជនជាង១ពាន់នាក់ ពីទូទាំងប្រទេស ។
ឆ្លងកាត់ការប្រឡងពីមួយវគ្គទៅមួយវគ្គអ្នកស្រីហែម សុវណ្ណ បានជាប់ចំណាត់ថ្នាក់លេខ២ ដោយច្រៀងបទ «ស្អែកអូនលាបងហើយ»។ អ្នកស្រីសុវណ្ណគួរតែជាប់ចំណាត់ថ្នាក់លេខ១ តែដោយអ្នកស្រីមិនមានគេស្គាល់ ឬមានខ្សែរយៈទើប ជាប់ចំណាត់ថ្នាក់លេខ២ ។
ចំណាត់ថ្នាក់់លេខ១ បានទៅលើអ្នកចម្រៀងឃៀម សោភ័ណ ច្រៀងបទ «ខកខ្លួននៅស្ទឹងមានជ័យ» ។ អ្នកស្រីហែម សុវណ្ណ ជាប់ចំណាត់ថ្នាក់លេខ២នោះ សូម្បីតែសម្តេចម៉ែ និងមហាជនលើកឡើងថា អ្នកជាប់លេខ២នោះ គួរតែជាប់លេខ១ ។ ទោះជាយ៉ាងណាក្តី អ្នកស្រីសុវណ្ណ មិនខ្វល់ទេ ជាប់លេខប៉ុន្មានក៏បានដែរ ឱ្យតែជាប់គឺសប្បាយចិត្តណាស់ទៅហើយ ព្រោះជាអ្នកតំណាងខេត្ត មួយៗ ។ ជំនាន់នោះរង្វាន់ បានខ្សែកទម្ងន់១ជី៤ហ៊ុន និងរបស់របរច្រើនទៀត។
បន្ទាប់ពីជាប់ចំណាត់ថ្នាក់លេខ២ នោះមកអ្នកស្រីហែម សុវណ្ណ បានការកត់សម្គាល់ពីលោកស៊ីន ស៊ីសាមុត ថាមានទឹកដមសំឡេងល្មម នឹងយកទៅបណ្តុះបណ្តាលបាន ដើម្បីថតដាក់ថាសចេញផ្សាយ ។ អ្នកស្រីហែម សុវណ្ណ ឆ្ងល់ដែរ លោកស៊ីន ស៊ីសាមុត អត់បណ្តុះបណ្តាលអ្នក ជាប់ចំណាត់ថ្នាក់លេខ១ តែបណ្តុះបណ្តាលអ្នកជាប់លេខ២វិញ ។
ផលិតកម្មដំបូងឈ្មោះ «វណ្ណចន្ទភាពយន្ត» ដែលអ្នកស្រីហែម សុវណ្ណ បានថតបទចម្រៀង បញ្ចូលក្នុងខ្សែភាពយន្តរឿង «អផៃមុនីស៊ីសុវណ្ណ» ។ បទចម្រៀងនោះមានចំណងជើងថា «ចំអកនាងល្វែង» ។ ចំពោះបទល្បីជាងគេគឺបទ «សុំស្នេហ៍» និងបទជាច្រើនទៀតដែល អ្នកស្រីមិនចាំចំណងជើង ដោយបទខ្លះបាត់បង់ក្នុងសម័យសង្គ្រាម ។
ក្រោយពីរយៈពេល១ឆ្នាំ ដែលអ្នកស្រីហែម សុវណ្ណ ច្រៀងជាមួយលោកស៊ីន ស៊ីសាមុត មកគឺនៅឆ្នាំ១៩៦៨ អ្នកស្រីបានរៀបការ ។ តាំងពីនោះមកអ្នកស្រីសុវណ្ណលាឈប់ពីអាជីពសិល្បៈមួយរយៈដើម្បីបំពេញតួនាទីជាស្ត្រីមេផ្ទះវិញ ។ ទោះជាយ៉ាងណាក្តី អ្នកស្រីសុវណ្ណ ដោយសារតែមហាជនទទូចពេក ដូច្នេះសុំប្តីច្រៀងនៅរង្គសាលមួយម្តុំពោធិ៍ចិនតុង ។ សម័យនោះមិនសូវមានកម្មវិធីដើម្បីចូលរួមច្រៀងទេ មានតែតាមវិទ្យុ ឬក្រសួងមួយចំនួន ឬពិធីបុណ្យទាន ហើយច្រើនតែអ្នកអាជីពទើបបានសម្តែង ។
អនុស្សាវរីយ៍ជាមួយលោកស៊ីន ស៊ីសាមុត
តាមសៀវភៅ «ចម្រៀងចងក្រងឡើងវិញ» របស់សមាគមស៊ីន ស៊ីសាមុត លើកឡើងថា នាឆ្នាំ១៩៦៧ អ្នកស្រីហែម សុវណ្ណ កាលណោះទើបតែវ័យ១៩ឆ្នាំប៉ុណ្ណោះក៏មានឱកាសបានចូលប្រឡងចម្រៀងនៅភ្នំពេញ ។ ជាភ័ព្វសំណាងល្អ គួបផ្សំនឹងទឹកដមសំឡេងដែលជាអំណោយផលពីធម្មជាតិនោះ ចុងបញ្ចប់នាងក្រមុំហែម សុវណ្ណ ដ៏ស្រស់់សោភាដូចផ្កាក្រពុំកំពុងតែរីកនោះ ក៏ទទួលបានចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស (សូមបញ្ជាក់ថា លេខ២កាលណោះ មិនដូចសម័យយើងនេះ ជាប់ក្នុងចំណោមបេក្ខជន៥រូប ជម្រុះ២ ទុក៣ នោះឡើយ ពោលគឺជម្រុះចេញពីអ្នកចូលរួមរាប់រយនាក់ទូទាំងប្រទេស) ។
រំលងបានតែមួយខែប៉ុណ្ណោះ ក្រោយពីទទួលបានជ័យលាភី នាងក្រមុំក៏ត្រូវបានលោកស៊ីន ស៊ីសាមុត ហៅឱ្យចូលរួមថតបទ ចម្រៀងជាមួយគាត់មានដូចជាបទ «អូនអើយស្តាប់ផ្គរ» បទ «សុំស្នេហ៍» និងបទដាក់ខ្សែភាពយន្តមួយចំនួនទៀត ។ អ្វីដែលធ្វើឱ្យអ្នកស្រីសុវណ្ណនៅចងចាំនឹកឃើញមិនភ្លេចនោះ គឺមានពេលមួយក្នុងឆ្នាំ១៩៦៧នោះ គឺលោកស៊ីន ស៊ីសាមុត បានអង្គុយស្តាប់ផ្គរលាន់នាពេលល្ងាចចុងរដូវ ហើយគាត់ក៏នឹកឃើញតែងបទនេះឡើង ។ គាត់បានរៀបរៀងសរសេរបទភ្លេងដោយខ្លួនគាត់ ហើយច្រៀងដាក់ម៉ាញ៉េយកទៅឱ្យនាងក្រមុំហែម សុវណ្ណ ស្តាប់ដើម្បីរៀនច្រៀងនៅផ្ទះ ។ ពីរបីថ្ងៃក្រោយមកគាត់ក៏ ចូលទៅជួបអ្នកស្រីនៅបារ Dancing D’ etat (អ្នកស្រីហែម សុវណ្ណ ច្រៀងនៅទីនោះ) រួចទើបណាត់ទៅច្រៀង ដាក់ថាសនៅស្ទូឌីយោ វិទ្យុជាតិ ។
តាមប្រសាសន៍អ្នកស្រីហែម សុវណ្ណ ថាពេលថតបទនេះពិបាកខ្លាំងណាស់ ឧទាហរណ៍តន្ត្រីមានតែព្យ៉ាណូ និងហ្គីតាបាស់ប៉ុណ្ណោះ ហើយកាលណាច្រៀងខុស ឬមានបញ្ហាសំឡេងច្រៀងភ្លាវបន្តិច ភ្លើងក្រហមនឹងឱ្យសញ្ញាភ្លាម ។ ដូច្នេះតោងថតឡើងវិញម្តងទៀតសាចុះសាឡើង ។ ទម្រាំតែថតបទនេះមួយបាន គឺត្រូវចំណាយពេលតាំងពីម៉ោង៧ព្រឹករហូតដល់ម៉ោង៥ល្ងាច ទើបអាចយកជាការស្រេច ។
អ្នកស្រីហែម សុវណ្ណ នឹកដឹងគុណលោកស៊ីន ស៊ីសាមុត ដែលគាត់អត់ធ្មត់ រហូតកិច្ចការបានសម្រេចដោយមិនរួញរា ហើយធ្វើឱ្យអ្នកស្រីមានអនុស្សាវរីយ៍ មានឈ្មោះជាអ្នកសិល្បៈរហូតមកទល់សព្វថ្ងៃនេះ ។
ឥឡូវម្ចាស់បទនេះគឺលោកស៊ីន ស៊ីសាមុតបានលាចាកលោកទៅហើយ នៅតែសំឡេង និងដៃគូឆ្លងឆ្លើយ កំពុងរស់នៅស្តាប់សំណល់អនុស្សាវរីយ៍ពីអតីតកាល មិនទាន់លុបបាត់ទៅណាឆ្ងាយនៅឡើយ គឺបទ«អូនអើយស្តាប់ផ្គរ» ដែលកំពុងនៅដក់ជាប់ក្នុងក្រអៅបេះដូងអ្នកស្រីហែម សុវណ្ណជាអមតៈ ។
បទ«អូនអើយស្តាប់ផ្គរ» និពន្ធទំនុកច្រៀងបទភ្លេងនិងសម្រួលតន្ត្រីដោយលោកស៊ីន ស៊ីសាមុត និងច្រៀងរួមគ្នារវាងលោកស៊ីន ស៊ីសាមុត និងអ្នកស្រីហែម សុវណ្ណ ។
បទនេះរាយទំនុកថា ៖
១-(ប្រុស) អូនអើយអូនស្តាប់ផ្គរ ស្តាប់ ផ្គរៗឆ្លើយរងំ (ពីរដង) ដៃបង ឱណ៎ ាដៃបងថ្នមម៉ុម ឱសង្សាររ៉ើយ ឱ្យម៉ុមគេងលក់ (ពីរដង) ។
២-(ស្រី) រូបបងជាមន្ត្រី ដៃស្រីធ្លាប់ច្របាច់គក់ (ពីរដង) អូនសូម ឱណ៎ាអូនសូមគេងលក់ ឱ!សង្សាររ៉ើយ លក់លើភ្លៅបង (ពីរដង) ។
៣-(ប្រុស) អូនអើយ អូនស្តាប់ផ្គរ ស្តាប់ផ្គរៗលាន់លើមេឃ (ពីរដង) ស្រឡាញ់ ឱណ៎ ាស្រឡាញ់ស្រីពេក ឱ!សង្សាររ៉ើយ ព្រួយនឹងរក្សា (ពីរដង) ។
៤-(ប្រុស-ស្រី) ដុំពេជ្រ ឱ! តែមួយៗ ពន្លឺភ្លឺថ្លា (ពីរដង) លំបាក ឱណ៎ ាលំបាករក្សា ឱ!សង្សាររ៉ើយ ខ្លាចបានទៅគេ (ពីរដង) ។
ជីវិតនៅក្នុងសម័យប៉ុល ពត
នៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមអ្នកមានសមត្ថភាព ចំណេះដឹងដូចជាគ្រូបង្រៀន អ្នកនិពន្ធ វិស្វករ តារាសម្តែង តារាចម្រៀងជាដើម ឱ្យតែអង្គការស៊ើបដឹងនឹងយកទៅសម្លាប់ចោល ។ ចំណែកអ្នកស្រីហែម សុវណ្ណ ឆ្លងកាត់ទុក្ខវេទនាសឹងតែមិនអាចរក្សាជីវិតបាន ។ សម័យនោះអ្នកស្រីសុវណ្ណនៅខេត្តបាត់ដំបង ហើយពួកប៉ុល ពត ស្គាល់អ្នកស្រីច្បាស់ ។ ពួកប៉ុល ពត និយាយ ចំៗថា «មិត្តឯងដឹងទេ ខ្ញុំជារនុកក្នុងរបស់អង្គការ ខ្ញុំធ្លាប់ឃើញគេចោលកាកអំពៅលើមិត្តឯងពេលកំពុងឈរច្រៀង» ។ ឮបែបនោះអ្នកស្រីសុវណ្ណ បុកពោះមិនតិចទេ ដឹងថាខ្លួនឯងបន្តិចទៀតនឹងកំបុតក្បាល ឬទៅជាស្អីមិនដឹងទេ ។ ទោះជាយ៉ាងណាក្តី អ្នកស្រីសុវណ្ណ ចេះតែប្រើល្បិចនិយាយដោះសាបែបនេះ បែបនោះបានរួចខ្លួន ។
មានគ្រាមួយទៀត គេប្រាប់អ្នកស្រីសុវណ្ណថា «មិត្តឯងដឹងអត់បន្តិចទៀតមានម៉ាស៊ីនបញ្ចុកបាយហើយ» ។ ឮបែបនោះអ្នកស្រីសុវណ្ណព្រួយទៀតហើយ ខំបន់អស់ហើយគុណមាតា បិតា ដើម្បីជួយជីវិត ។ ពួកប៉ុល ពត ធ្លាប់វាយអ្នកស្រីហែម សុវណ្ណ ហើយពេលអ្នកស្រីយកដៃរងបណ្តាលឱ្យបាក់ដៃ ។
នៅជំនាន់ប៉ុល ពត អ្នកស្រីសុវណ្ណចេះលួចអ្វីដែលអាចធ្វើជាអាហារ ព្រោះតែឃ្លានពេក។ អ្នកស្រីសុវណ្ណ ធ្លាប់ហូបល្ពៅ និងពោតឆៅ ដែលលួចបាន ព្រោះបើមិនធ្វើដូច្នោះគ្មានអ្វីហូបទេ ។
ចំណងស្នេហាទី២
អ្នកស្រីហែម សុវណ្ណ ជួបភប់ប្រសព្វជាមួយអ្នកភ្លេងធ្វើជាគូគាប់ក្រោយសម័យប៉ុល ពត។ អ្នកស្រីសុវណ្ណ បានរៀបការជាមួយស្វាមីទី២ ជាតន្ត្រីករដែលមានអាយុប្អូនអ្នកស្រី គឺលោក «គ្រូបា» មានឈ្មោះដើមសួង ទិត្យធានី នៅក្រោយឆ្នាំ១៩៧៩ ។ ក្នុងនាមជាស្ត្រីមេម៉ាយ ទម្រាំជ្រើសរើសបុរសទី២នេះ អ្នកស្រីសុវណ្ណពិចារណាយូរខែដែរ ។ មូលហេតុដែលអ្នកស្រីសុវណ្ណជ្រើសរើសលោកគ្រូបាជាស្វាមី ព្រោះក្រុមគ្រួសារលោកសុទ្ធតែជាមនុស្សល្អ មិនកោងកាច ធ្វើអ្វីចេះគិតគូរ ល្អិតល្អន់ សុទ្ធតែជាអ្នករៀនចេះដឹង មិនវាយតប់កូនចៅ និងបានរៀននៅស្រុកគេ ។ ចំណែកស្វាមីអ្នកស្រីមានចំណេះដឹងខ្ពស់ ។ ទោះបីអ្នកស្រីសុវណ្ណជាស្ត្រីមេម៉ាយ ប៉ុន្តែដោយចិត្តស្រឡាញ់ លោកគ្រូបា មិនខ្វល់ពីអតីតកាលទេ ហើយបានរៀបការជាមួយគ្នាពេញមុខ ។ ក្រោយឆ្នាំ១៩៧៩ រៀបការគ្មានអ្វីធំដុំទេ មានតែព្រះសង្ឃ២អង្គសូត្រធម៌ និងភ្ញៀវអង្គុយទទួលទានលើកន្ទេល ដោយអ្នកខ្លះចងដៃជាមាស ។
អ្នកស្រីហែម សុវណ្ណ មានកូនពីរនាក់ ជាមួយស្វាមីក្រោយ គឺប្រុស១ ស្រី១ ហើយបច្ចុប្បន្ន (២០១៥) ពួកគេមានអាយុច្រើន មានការងារធ្វើអស់ហើយដោយរៀនចប់ថ្នាក់បរិញ្ញាបត្រ ។
អ្នកស្រីហែម សុវណ្ណ បានរក្សាចំណងស្នេហ៍នៅតែរឹងមាំ អាចចាត់ទុកជាគំរូក្នុងពិភពសិល្បៈ ព្រោះគូស្នេហ៍នេះមានអាជីពជាអ្នកសិល្បៈដូច គ្នា ។ កូនៗរបស់អ្នកស្រីសុវណ្ណ មានប្តី មានប្រពន្ធ និងមានកូនទៀតផង ។ មូលហេតុដែលអាចរក្សាចំណងស្នេហ៍មិនឱ្យផុយស្រួយមិនងាយបែកបាក់ ព្រោះតែអ្នកស្រីសុវណ្ណប្រកាន់គោលការណ៍គិតពិចារណាជាធំ ។ ជាទម្លាប់ឱ្យតែខឹងគ្នា ដើម្បីកុំឱ្យកាន់តែធ្ងន់ ឈានដល់ការមើលមុខគ្នាមិនចំត្រូវតែគិតដល់រឿងរ៉ាវណាដែល ល្អៗ ឱ្យបានច្រើន ពិសេសជីវិតខំតស៊ូរកលុយកាក់ជាមួយគ្នា គឺគិតដល់ចំណុចនេះមិនគិតលើរឿងអាក្រក់របស់គ្នា ។ មូលហេតុបែបនេះហើយទើបចំណងស្នេហ៍របស់អ្នកស្រីហែម សុវណ្ណល្អប្រសើរ ។ ជាមនុស្សស្រីអ្នកស្រីសុវណ្ណយល់ថា មិនអាចជេរប្តីប៉ាតណាប៉ាតណីបានទេ ។ ឧទាហរណ៍ថាប្តីមានស្រី បើដឹងគឺធ្វើចិត្តឱ្យទូលាយកុំប្រចណ្ឌខ្លាំង តែព្យាយាមនិយាយសម្តីផ្អែមល្ហែមអូសទាញឱ្យមកផ្លូវត្រូវវិញ ។ ក្រៅពីនោះត្រូវដឹងថា ប្តីជាមនុស្សចរិតបែបណា ពេលខឹង ពេលមិនខឹងទើបអាចរកវិធីរក្សាចំណងស្នេហ៍យូរអង្វែងបាន ។
ទ្រព្យសម្បត្តិទទួលបានពីអាជីពសិល្បៈ
ប្រឡូកអាជីពសិល្បៈទាំងប្តី ទាំងប្រពន្ធស្ទើរពេញមួយជីវិត អ្នកស្រីហែម សុវណ្ណ សល់តែផ្ទះមួយនៅជាយក្រុង ។ ជីវិតជាអ្នកសិល្បៈអ្នកស្រីសុវណ្ណដឹងថាមិនមានបានខ្លាំងទេ គឺ «មួយម៉ឺនក៏គ្រាន់ មួយពាន់ក៏គ្រប់ អត់សោះក៏បានដែរ» ។ អាជីពសិល្បៈរបស់អ្នកស្រីហែម សុវណ្ណ ខុសប្លែកកពីគេត្រង់ថា បានលុយតិចតួចចេះតែសន្សំទុក ដូចជាទិញដីស្រែទុកគ្រាន់ហូបផ្ទាល់ខ្លួន ដោយមិនទិញអង្ករគេហូបទេ ។ នេះហើយជារបស់ដុំកំភួនសេសសល់ពីអាជីពសិល្បៈ ។ ក្រៅពីនេះអ្នកស្រីហែម សុវណ្ណ សល់តែបេះដូងសម្រាប់តស៊ូជាមួយសិល្បៈតទៅទៀត ។
ចំពោះអ្នកសិល្បៈជំនាន់ថ្មី ប្រឡូកតែពេលខ្លីសល់ឡាន វីឡា មាស ពេជ្រ តើមកពីមូលហេតុអ្វី អ្នកស្រីសុវណ្ណយល់ថា ជារឿងរបស់គេ ។ ប្រការនេះអ្នកស្រីសុវណ្ណចង់ឱ្យអ្នកសិល្បៈស្រករក្រោយស្រឡាញ់សិល្បៈ ដាក់ចិត្តជាមួយសិល្បៈ គួរតែឱ្យតម្លៃសិល្បៈកុំយកជាឈ្នាន់ ។ គួរតែយកសិល្បៈដែលស្រឡាញ់ចូលចិត្តនោះទៅបម្រើអារម្មណ៍មហាជនឱ្យអស់ពីចិត្ត និងដោយថ្លៃថ្នូរ ។
អ្នកស្រីហែម សុវណ្ណ នៅតែប្រឡូកសិល្បៈទោះបីមិនសល់ទ្រព្យច្រើនក្តីមកពីបេះដូង ស្រឡាញ់សិល្បៈ គឺស្រឡាញ់ពីធម្មជាតិ និងសប្បាយក្នុងអារម្មណ៍ ហើយស្រឡាញ់មហាជនចង់បម្រើមហាជន ។ បើចង់បានទ្រព្យជាដុំកំភួន មានលុយកាក់ហូរហៀរដូចគេ គឺគ្មានទេ ។ កន្លងមកអ្នកស្រីសុវណ្ណតែងតែបានប្រាក់ជួយពីលោកនេះលោកនោះដោយការអាណិតស្រឡាញ់ មើលឃើញតម្លៃជាអ្នកសិល្បៈចាស់ទុំ ។ គេហុចនេះហុចនោះឱ្យតាមតែគេស្រឡាញ់រាប់អាន ។
អ្នកស្រីហែម សុវណ្ណ ផ្តាំផ្ញើដល់អ្នកសិល្បៈទូទៅបើរកប្រាក់បានហើយគួរសន្សំទុកដាក់កុំគិតរឿងល្បែង កុំគិតរឿងផឹកស៊ី ស្រីញី ដូចពាក្យគេថា «ឆ្កួតស្រា ស្រី ល្បែងស៊ីសង» ។ អ្នកស្រីសុវណ្ណមិនគាំទ្រអ្នកសិល្បៈណាប្រឡូកតែមួយរយៈខ្លីបានលុយរាប់សិបម៉ឺនដុល្លារ ក្នុងដៃដោយសារអំពើមិនសមរម្យណាមួយឡើយ ។ ប៉ុន្តែបើបានកម្រៃតាមកម្លាំងញើសឈាម អ្នកស្រីសុវណ្ណគាំទ្រទាំងស្រុង និងសរសើរ ។
ស្នាដៃសិល្បៈដែលអ្នកស្រីហែម សុវណ្ណទទួលបានការគាំទ្រពីមហាជន
អ្នកស្រីហែម សុវណ្ណ សាងស្នាដៃសិល្បៈបានច្រើនគិតចាប់ពីឆ្នាំ ១៩៧៩មក ។ អ្នកស្រីសុវណ្ណត្រូវបណ្តាស្ថាប័នមួយចំនួនអនុញ្ញាតឱ្យចូលច្រៀងជាសមាជិកដូចជាវង់តន្ត្រីយោធាជាដើម។ អំឡុងឆ្នាំ១៩៨៨-១៩៨៩ អ្នកស្រីសុវណ្ណ បានបង្ហាញវត្តមានច្រៀង និងសម្តែងកាយវិការនៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា តាមរយៈបទចម្រៀងជំនាន់ដើម និងបទចម្រៀងដែលអ្នកស្រីច្រៀងដោយខ្លួនឯងជាស្នាដៃនិពន្ធរបស់លោកស៊ីន ស៊ីសាមុត ។ អ្នកស្រីសុវណ្ណត្រូវទស្សនិកជនគាំទ្របន្ថែមទៀតបន្ទាប់ពីតារាសំឡេងធ្ងន់រូបនេះចាប់ដៃគូច្រៀងជាមួយតារាចម្រៀងជើងចាស់កំប្លុកកំប្លែងមានសំឡេងស្រដៀងលោកមាស សាម៉ន គឺលោកមាស សារ៉ាន់ ។ ដៃគូចម្រៀងដ៏ស័ក្ដសមរវាងលោកមាស សារ៉ាន់ និងអ្នកស្រីហែម សុវណ្ណ បានថតបទចម្រៀងឆ្លងឆ្លើយបែបកំប្លែងមានរាំវង់ ឡាំលាវ សារ៉ាវ៉ាន់ជាច្រើនបទឱ្យផលិតកម្មហង្សមាស ។ បទ ល្បីៗដែលថតឡើងវិញក្នុងអំឡុងក្រោយឆ្នាំ២០០០ របស់អ្នកស្រីហែម សុវណ្ណ មានដូចជាបទ «អាគកមាន់បង» «កុហកៗ» «ត្រូវថ្នាំមីអូនស្រី» «ខ្ញុំឃើញគេរៀបការ» និងបទ «នែ!កន្ទូចបងអើយ» ជាដើម ។ នាគ្រានោះគេសង្កេតឃើញមានតារាសម្តែង ល្បីៗជាច្រើនសម្តែងកាយវិការតាមបទចម្រៀងរបស់អ្នកស្រីហែម សុវណ្ណនិងលោកមាស សារ៉ាន់ ដូចជាលោកទេព រិនដារ៉ូ អ្នកនាង នារីរត្ន័ គន្ធា អ្នកនាងប៉ែន សុផានី លោកយុត្ថា តារា ឆានី និងលោកហម ឈរ៉ាជាដើម ។
ឆ្នាំ២០០៣ជាឆ្នាំដំបូងដែលអ្នកស្រីហែម សុវណ្ណត្រូវជនរួមជាតិខ្មែររស់នៅប្រទេសបារាំងអញ្ជើញរួមជាមួយលោកមាស សារ៉ាន់ជាដៃគូទៅសម្តែងនៅទីនោះ ។ អ្នកស្រីហែម សុវណ្ណទទួលបានការគាំទ្រខ្លាំង ដោយសារតែអំឡុងពេលនោះមិនសូវសម្បូរអ្នកចម្រៀងខ្មែរទៅសម្ដែង ម្យ៉ាងគេស្គាល់អ្នកស្រីពីមុនមកផង ។ ទស្សនិកជនជូនវត្ថុអនុស្សាវរីយ៍ ព្រមទាំងប្រាក់លើកទឹកចិត្តដល់អ្នកស្រី ។ ក្រៅពីច្រៀងនៅបារាំងអ្នកស្រីសុវណ្ណ បានទៅសម្ដែងនៅតាមប្រទេសមួយចំនួនទៀតជាប់ប្រទេសបារាំងដូចជា ប៊ែលហ្សុិក អាឡឺម៉ងជាដើម ។ រំលងជិតបីឆ្នាំក្រោយមក អ្នកស្រីសុវណ្ណបានទៅច្រៀងនៅប្រទេសបារាំងម្តងទៀតតាមសំណូមពរជនរួមជាតិខ្មែរនៅទីនោះ ។
កាន់តែល្បីល្បាញខ្លាំងឡើងគឺអ្នកស្រីហែម សុវណ្ណបញ្ចេញទឹកដមសំឡេងតាមរយៈបទចម្រៀងយីកេក្នុងចម្រៀងកាយវិការខារ៉ាអូខេរឿង «ទុំទាវ» ។ អ្នកស្រីសុវណ្ណ ល្បីខ្លាំងដោយសារតែសំឡេងលះល្អ កាចសមជាតួយាយផាន់ ។
ក្រៅពីសម្តែងនៅប្រទេសបារាំងអ្នកស្រីសុវណ្ណ មិនបានទៅសម្តែងនៅប្រទេសណាទៀតទេ ហើយក៏មិនមានបទចម្រៀងក្រៅពីនៅផលិតកម្មនៅហង្សមាសដែរ ។
រហូតមកដល់ឆ្នាំ២០១៥ អ្នកស្រីហែម សុវណ្ណ មានវ័យច្រើនក៏ដោយតែទឹកដមសំឡេងនៅតែខ្លាំង និងពីរោះដូចពីមុន។ អ្នកស្រីសុវណ្ណ ឧស្សាហ៍ចូលរួមបង្ហើរបទចម្រៀងតាមរយៈនាទី «យុទ្ធជន» របស់ស្ថានីយទូរទស្សន៍បាយ័ន ។ នោះជាកម្មវិធីសម្តែងកំដរយុទ្ធជនរក្សាការពារទឹកដីខ្មែរតាមតំបន់ព្រំដែន ។ អ្នកស្រីសុវណ្ណទទួលបានការស្រឡាញ់រាប់បានពីយុទ្ធជន ដោយសារតែទោះជាវ័យចាស់យ៉ាងណាក្ដីក៏នៅតែមានទឹកចិត្តស្រឡាញ់ទឹកដី ហើយឆ្លៀតពេលចំណាយកម្លាំងច្រៀងនៅតំបន់ឆ្ងាយៗ ទោះជាជួប ព្យុះ ភ្លៀង ឡើងភ្នំ ចុះភ្នំក៏អ្នកស្រីនៅតែព្យាយាមមិនដកថយ ។
ក្រៅពីនេះគេឃើញអ្នកស្រីហែម សុវណ្ណសម្ដែងតាមទូរទស្សន៍មួយចំនួនដូចជា កម្មវិធី«ប្រជុំតារាតន្ត្រី» «មន្តស្នេហ៍សំនៀង» «តន្ត្រីស្រុកស្រែ» និងកម្មវិធី ផ្សេងៗ ព្រមទាំងធ្វើជាគណៈកម្មការផ្តល់ពិន្ទុប្រឡងចម្រៀងផងដែរ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!