ក្រសួងអប់រំ ចាប់ដៃជាមួយស្ថានទូតធំៗ រៀបចំសន្និសីទ និងពិព័រណ៍ អាហាររូបករណ៍លើកទី៤

 
 

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងចាប់ដៃជាមួយស្ថានទូតធំៗ ប្រមាណ១០ ដែលផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជា បានរៀបចំសន្និសីទ និងពិព័រណ៍អាហារូបករណ៍ ប្រចាំឆ្នាំជាលើកទី៤ នៅបរិវេណវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា ហៅកាត់ សាលាតិចណូ នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៥ ខាងមុខ នេះបើតាមប្រសាសន៍លោក សេង ពិសិដ្ឋ នាយកប្រតិបតិ្តក្រុមហ៊ុន អនុស្សា អ៊ីវេន ផ្លេននើរ ដែលជាក្រុមហ៊ុន ផ្តួចផ្តើមសន្និសីទខាងលើ ក្នុងសន្និសីទសារព័ត៌មានមួយនាព្រឹក ថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ ២០១៥ នេះ នៅអាគារសហប្រតិបត្តិការកម្ពុជា-កូរ៉េ។

សន្និសីទសារព័ត៌មាននេះ មានការចូលរួមពីតំណាង ក្រសួងអប់រំ យុវជន និងកីឡា តំណាងស្ថានទូតធំៗ ប្រចាំនៅកម្ពុជា មន្រ្តីអាហារូបករណ៍ល្បីៗ និងម្ចាស់ឧបត្ថម្ភកម្មវិធីជាច្រើន ក្នុងគោលបំណងបើក ប្រកាសជាសាធារណៈអំពីការរៀបចំសន្និសីទ និងពិព័រណ៍អាហាររូបករណ៍លើកទី៤ ដោយស្របទៅតាមទស្សនៈវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពង្រឹង នូវសមត្ថភាពធនធានមនុស្ស នៅកម្ពុជា ឲ្យដើរទន្ទឹម នឹងបណ្តាប្រទេស ក្នុងតំបន់ និងសកលលោក តាមរយៈការបង្កើននូវគុណភាព កម្រិតវប្បធម៌របស់យុវជនខ្មែរ។


សន្និសីទសារព័ត៌មាន ស្តីពី ពិព័រណ៍អាហារូបករណ៍ ប្រចាំឆ្នាំជាលើកទី៤

រីឯតំណាងស្ថានទូតធំៗរួមមាន សហរដ្ឋអាមេរិក ជប៉ុន អង់គ្លេស សហគមន៍អ៊ឺរ៉ុប អាល្លឺម៉ង់ ណូវ៉េហ្សេឡង់ និងរុស្ស៊ី ក៏បានប្រាប់ឲ្យដឹងផងដែរថា សន្និសីទនេះ នឹងជួយរុញច្រាន នូវគោលដៅរបស់គេ ក្នុងការបង្កើននូវទំនាក់ទំនង យ៉ាងស្អិតរមួតរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ហើយសកម្មភាព នេះជាអ្វីដែលពួកគេគួរធ្វើ ដើម្បីចូលរួមលើកកំពស់ ការអភិវឌ្ឍនៅកម្ពុជា។

លោក សេង ពិសិដ្ឋ បានរៀបរាប់ឲ្យដឹងថា ជារៀងរាល់ឆ្នាំអាហាររូបករណ៍បរទេសប្រមាណ ជាង ៨០០ កន្លែងបានផ្តល់មក សិស្សនិស្សិតកម្ពុជាតាមរយៈស្ថានទូត អង្គការ និងស្ថាប័នរបស់ប្រទេសជំនួយ ដែលប្រចាំនៅកម្ពុជា។ ទន្ទឹមនឹងនេះ ក៏មានអាហារូបករណ៍ រាប់រយកន្លែងផ្សេងទៀត ដែលបើកឲ្យមានការប្រកួតប្រជែង ជាសាកល និងមិនសូវមានអ្នកដឹង និងដាក់ពាក្យប្រកួតប្រជែង។ បន្ទាប់ពីទទួលបាននូវភាពជោគជ័យ និងការគាំទ្រពីសំណាក់សិស្ស និស្សិតទូទៅ ជាបន្តបន្ទាប់តាំងពីឆ្នាំ ២០១២ មក សន្និសីទ និងពិព័រណ៍អាហារូបករណ៍ នឹងបន្តបំពេញ នូវភាពខ្វះចន្លោះ ខាងផ្នែកព័ត៌មានអំពីអាហារូបករណ៍ និងរួមចំនែក ជំរុញទាំងសមត្ថភាព ទាំងទឹកចិត្តនិស្សិតខ្មែរទូទៅ ឲ្យយល់ដឹងពីគន្លឹះជោគជ័យ និងហ៊ានចូលរួម ប្រកួតប្រជែងយ៉ាងមានទំនុកចិត្ត។ កម្មវិធីនេះក៏នឹងបង្កើតនូវឱកាសសម្រាប់និស្សិត ក្នុងការផ្សារភ្ជាប់នូវ ទំនាក់ទំនងជាមួយបុគ្គល សំខាន់ៗក្នុងវិស័យអាហារូបករណ៍ផងដែរ។

ឆ្លៀតក្នុងឱកាសសន្និសីទសារព័ត៌មាននេះ តំណាងក្រសួង អប់រំ យុវជន និងកីឡា និងស្ថានទូតធំៗ បានបង្ហាញពីការរៀបចំរៀងៗខ្លួន ដើម្បីនឹងអាចផ្តល់ជូននូវព័ត៌មានអាហារូបករណ៍ យ៉ាងលំអិតជូនដល់សិស្សនិស្សិតកម្ពុជាដែល នឹងចូលរួមកម្មវិធីនាថ្ងៃខាងមុខ។ សន្និសីទ និងពិព័រណ៍អាហារូបករណ៍ លើកទី៤ នេះឧបត្ថម្ភធំដោយ ក្រុមហ៊ុនថ្នាំពណ៌ជាតិ។ សម្រាប់ព័ត៌មានបន្ថែម និងការជាវសំបុត្រ សូមទំនាក់ទំនង លេខទូរស័ព្ទ ០១២ ២៣០ ១៤០ និង ០១០ ៩១១ ៧៧៦៕





ដោយ៖ ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម