ស្ថានភាពជំងឺ នាយ វីតាមីនសេ ធូរ​ស្បើយ​ច្រើន បន្ទាប់​ពីទទួល​បាន​ការ​វះកាត់ ពី​ក្រុម​គ្រូពេទ្យ

 
 

ភ្នំពេញ៖ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញថា មានវត្តមានតារាជើងចាស់២ដួងគឺ តារាចម្រៀងលោក សួស សងវាចា ដែលពេលនេះបានបញ្ជូន ទៅព្យាបាលជំងឺ នៅប្រទេសវៀតណាម ហើយនៅក្នុងនោះ សូម្បីតែតារាកំប្លែងចាស់វស្សា លោក ម៉ៅ សាមឿន ហៅ វីតាមីនសេ ក៏បានធ្លាក់ខ្លួនឈឺជាទម្ងន់ ហើយត្រូវចូលវះកាត់នាព្រឹកនេះផងដែរ ។

ជួបសម្ភាសន៍ ជាមួយកូនស្រីរបស់ តារាកំប្លែង នាយ វីតាមីនសេ គឺអ្នកនាង ប៉េងប៉ោង បានប្រាប់គេហទំព័រ Looking TODAY ឲ្យដឹងថា ឪពុករបស់នាងទើបតែចេញ ពីបន្ទប់វះកាត់មុននេះ ហើយការវះកាត់គឺទទួលបានជោគជ័យ ពេលនេះគ្រូពេទ្យចង់ឲ្យឪពុករបស់នាង សម្រាកឲ្យបានច្រើន ។

តារាកំប្លែងមាឌធំ អ្នកនាង ប៉េងប៉ោង បានប្រាប់ឲ្យដឹងថា «ឪពុករបស់ខ្ញុំ មានជំងឺច្រើនណាស់ មានដូចជា ជំងឺបូសអន្ទង់ហូរខ្ទុះ ប្រមាណជាង២សប្តាហ៍ហើយ ដោយមិនអាចទុកបាន ទើបត្រូវវះកាត់បន្ទាន់ ជំងឺឫសដូងបាត ជំងឺលើសឈាម ជំងឺលើសជាតិស្ករ និងជំងឺមួយចំនួនទៀត។ ក្នុងនាមជាកូន និងគ្រួសារ ពិតជាសប្បាយចិត្តខ្លាំងណាស់ ពេលដែលឪពុកវះកាត់ ទទួលបានជោគជ័យ ហើយពេលនេះអាការយ៉ាងណាៗហើយ ត្រូវសម្រាកព្យាបាលយូរយ៉ាងណា គឺខ្ញុំនៅមិនទាន់ដឹងនៅឡើយទេ ព្រោះមិនទាន់បានសួរគ្រូពេទ្យ…»។

ជាមួយគ្នានោះដែរ តារាកំប្លែងស្រីរូបនេះ បានប្រាប់ឲ្យដឹងទៀតថា ឪពុករបស់នាង បានធ្លាក់ខ្លួនឈឺជាទម្ងន់ កាលពីម្សិលមិញ ដោយសារតែខ្ទុះហូរខ្លាំងពេក ទើបគូ្រពេទ្យត្រូវប្រញាប់វះកាត់ អ្វីដែលធ្វើឲ្យនាងសប្បាយរីករាយនោះ គឺនៅពេលដែលឪពុកធ្លាក់ខ្លួនឈឺ គឺមានអ្នកសិល្បៈ អ្នកសារព័ត៌មានជាច្រើន មានការយកចិត្តទុកដាក់ និងបារម្ភពីឪពុកនាង ។ នៅក្នុងនោះ គ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត្រ ក៏បានយកចិត្តទុកដាក់ ក្នុងការព្យាបាលឪពុកនាងខ្លាំងណាស់ ។

ទន្ទឹមនឹងស្ថានភាពជំងឺលោក វីតាមីនសេ ហាក់បានធូរស្រាលបន្តិចក្រោយពីវះកាត់រួច នោះកូនស្រីលោក អ្នកនាង ប៉េងប៉ោងក៏បានទទូច ស្វែងរកជំនួយផងដែរថា «ដោយសារតែឪពុកខ្ញុំឈឺច្រើន ហើយធ្វើការវះកាត់ក៏ច្រើនដង ចំណូលពីសិល្បៈក៏បានតិចទៀត ហេតុដូច្នេះខ្ញុំ និងគ្រួសារ ខំប្រឹងទាំងត្រដាបត្រដួស អស់ពីសមត្ថភាព ក្នុងការព្យាបាលជំងឺឪពុក ដូច្នេះខ្ញុំក៏សូមអំពាវនាវ ទៅដល់សប្បុរសជន មេត្តាជួយឧបត្ថម្ភថវិកាជួយដល់ឪពុកខ្ញុំ បានព្យាបាលជំងឺបន្តទៀត ។ ប្រសិនបើទស្សនិកជនឬបងប្អូនប្រជាពលរដ្ឋចង់ ជួយដល់ក្រុមគ្រួសារខ្ញុំ អាចទាក់ទងមកលេខខ្ញុំ បាន ០១២ ៧៧៤០៤៥, ០១២ ៥៥ ៣៨ ៦៥»៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម