លីម អៀមលី៖ សិស្សនិទ្ទេសA ដែលបំបែក ឯកត្តកម្មលើកដំបូង ក្នុងខេត្តប៉ៃលិន
ភ្នំពេញ៖ ជាយុវជនម្នាក់ ដែលមានចំណង់ចំណូលចិត្តសិក្សា លីម អៀមលី ជាកូនកសិករ នៅខេត្តប៉ៃលិន ដែលទទួលបាន និទ្ទេសA នៅក្នុងការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥។ និទ្ទេសAនេះ គឺជាជ័យលាភីជាប្រវត្តិសាស្រ្តដំបូង ឬហៅថាជាឯកត្តកម្មថ្មី សម្រាប់ខេត្តប៉ៃលិន ដែលមានប្រជាជនតិចតួច ចាប់តាំងពីខេត្តនេះ មានសិស្សចូលរួមប្រឡងបាក់ឌុបលើកដំបូង ចាប់តាំងពីឆ្នាំ២០០១មក។
យុវជន លីម អៀមលី មានអាយុ១៧ឆ្នាំ រៀននៅវិទ្យាល័យក្រុងទេពនិម្មិតហ៊ុន សែន ។ រូបគេជាកូនពៅ ក្នុងចំណោម បងប្អូន៤នាក់ នៅក្នុងគ្រួសារមួយដែលមាន ជីវភាពមិនសូវធូរធា។ ឪពុកអៀម លី មានឈ្មោះ លីម បាក់ឡេង គឺជាម្ចាស់ចំការតាង៉ែន ដែលអាចរកចំណូលបានមួយចំនួនដើម្បីផ្គត់ផ្គង់គ្រួសារ ចំណែកម្តាយរបស់ គេជាមេផ្ទះផង និងជួយសម្រួលកិច្ចការ ឪពុករបស់គេផង។ យុវជនកូនកាត់ចិនម្នាក់នេះ មានបងប្អូន៤នាក់ ហើយក្នុងចំណោមបងប្អូន ទាំងអស់ គេមានបង២នាក់ ដែលមិនមែនជាអ្នករៀនសូត្រខ្ពង់ខ្ពស់ នោះទេ ដោយបងប្រុស របស់គេម្នាក់បាន ទៅរកការងារធ្វើនៅប្រទេសថៃ ប៉ុន្តែមានបងស្រីម្នាក់ ដែលបានរៀនចប់មហាវិទ្យាល័យ ហើយក្លាយទៅជាមន្រ្តី នៅសាលាដំបូង រាជធានីភ្នំពេញ។
លីម អៀមលី បានឱ្យដឹងថា ដោយសារតែជីវភាពគ្រួសារមិនសូវធូរធា នេះហើយ ទើបរាល់ចំណាយផ្សេងៗនៅសាលា កន្លងមកត្រូវធ្វើឱ្យមានកម្រិត ប៉ុន្តែ ទោះជាយ៉ាងណា រូបគេផ្តោតសំខាន់ច្រើនទៅលើការសិក្សា ហើយការទទួលជោគជ័យ ក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ គឺគេបានរៀនត្រៀមតាំងពីថ្នាក់ទី១១ ក្នុងឆ្នាំ២០១៤មកម្ល៉េះ។
អៀមលី បាននិយាយថា «ខ្ញុំរៀនត្រៀមថ្នាក់ទី១២ តាំងពីខ្ញុំរៀនថ្នាក់ទី១១មកម្ល៉េះ ខ្ញុំរៀនត្រៀមមុខវិជ្ជាគណិត រូប និងគីមី ហើយជីវៈក៏ខ្ញុំរៀនដែរ ប៉ុន្តែដល់ថ្នាក់ទី១២ ខ្ញុំមិនសូវ បានចូលទៅរៀន គួបន្ថែមប៉ុន្មានទេ ខ្ញុំច្រើនតែរៀនខ្លួនឯងនៅផ្ទះ ពីព្រោះខ្ញុំធ្លាប់រៀនតាំងពីទី១១ មកហើយ ដូច្នេះខ្ញុំអាចមានពេលច្រើនដើម្បីរៀនខ្លួនឯង»។
នៅក្នុងការប្រឡងបាក់ឌុប សម័យថ្ងៃទី២៤ សីហា ឆ្នាំ២០១៥ មានបេក្ខជនប្រឡងជាប់ចំនួន ៤៦.៥៦០នាក់ ស្មើនឹង៥៥,៨៨ភាគរយ ក្នុងចំណោមបេក្ខជនជិត៩ម៉ឺននាក់ ក្នុងនោះ អ្នកជាប់និទ្ទេសA ដែលត្រូវលើកទឹកចិត្តខ្ពស់ជាងគេ មានចំនួន១០៨នាក់។ យុវជន ម៉ាន កូតា ជាសិស្សវិទ្យាល័យបាក់ទូក បានឈរលំដាប់លេខ១ នៃសិស្សនិទ្ទេសAនៅកម្ពុជា ដែលទទួលបាន ពិន្ទុឥតខ្វះចន្លោះ ដោយមានមធ្យមភាគពេញ១០០ ហើយយុវតី សេង ហ្គិចលី សិស្ស វិទ្យាល័យ ប៊ែលធីអន្តរជាតិ ឈរនៅលំដាប់ លេខ២ ដែលទទួលបានមធ្យមភាគ ៩៩,៩៩៩...និង ម៉ឹន ស៊ីណាត មកពីវិទ្យាល័យ ១០មករា ឈរលេខរៀងទី១០៨ ដែលទទួលបានមធ្យមភាគ ៩៩,៨៨។ ចំណែកយុវជន លីម អៀមលី ទទួលបានមធ្យមភាគ ៩៩,៩៦៩ ដែលឈរនៅលេខរៀងទី៣១ បន្ទាប់ពីទទួលបានកម្រិត និទ្ទេសA៣មុខវិជ្ជា, B២មុខវិជ្ជា និងCមួយមុខវិជ្ជា។
កាលពីឆ្នាំមុន ខណៈដែលក្រសួងអប់រំយុវជន និងកីឡា ធ្វើកំណែទម្រង់ស៊ីជម្រៅ ក្នុងការប្រឡងបាក់ឌុប នៅខេត្តប៉ៃលិន បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមបណ្តារាជធានី-ខេត្ត ដែលមានសិស្សប្រឡងជាប់បាក់ឌុប គិតជាភាគរយច្រើន ជាងគេបង្អស់ បើធៀបទៅនឹងបណ្តារាជធានី-ខេត្តដទៃទៀត គឺមានរហូតដល់ ៥៧,៧៦ភាគរយ ខណៈរាជធានី-ខេត្តផ្សេង មានសិស្សជាប់មិនដល់ ៥០ភាគរយផង ប៉ុន្តែកាលនោះ មិនមានសិស្សទទួលបាននិន្ទេស A ឬ B នោះទេ មានត្រឹមតែនិទ្ទេសC D និង E ប៉ុណ្ណោះ ។ ឆ្នាំនេះក្រៅពីមានសិស្សជាប់ និទ្ទេសA ក៏មានផងដែរ នូវសិស្សទទួលបាននិទ្ទេសB ៤នាក់ និទ្ទេសC ៧នាក់ និទ្ទេសD ១៨នាក់ និងនិទ្ទេសE ១៥០នាក់ ក្នុងចំណោមសិស្សប្រឡង៣១១នាក់ ។
យុវជន លីម អៀមលី បានបន្ថែមថា ទៅថ្ងៃខាងមុខរូបគេចង់ក្លាយជាវិស្វករដ៏ជំនាញ និងល្បីល្បាញម្នាក់នៅក្នុងប្រទេសកម្ពុជា ដោយសារស្គាល់អំពីភាពខ្លាំង និងចំណង់ចំណូលចិត្ត របស់ខ្លួនឯង ដូចជានៅសាលារូបគេបានពូកែគណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យាស្រាប់ផង។ អៀមលី ក៏បានជំរុញឱ្យយុវជនទាំងអស់ ជាពិសេសសិស្សានុសិស្សជំនាន់ក្រោយ ត្រូវខិតខំ ពង្រឹងការសិក្សារបស់ខ្លួនឯង ជាពិសេសមិនត្រូវខិតខំរៀនតែពេលប្រឡងនោះទេ ប៉ុន្តែត្រូវខិតខំតាំងពីដើមទីផង ដើម្បីក្លាយជាអ្នកចេះ ពិតប្រាកដ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!