កញ្ញា អ៊ិត ស្រីនប់៖ ពិការកាយ តែមិនពិការចិត្ត គំនិត ប្រឹងរៀនរហូត ជាប់បាក់ឌុប

 
 

ភ្នំពេញ៖ «មានអ្នកខ្លះមើលងាយ គាត់រើសអើង គាត់ថា រៀនធ្វើអីទេ ដៃជើងអីចឹង រៀនទៅមិនដឹងបានគេរើសចូល ការងារអីទេ មិនបាច់ចាំរៀនល្អជាង នៅតែផ្ទះទៅ ធ្វើស្រែប្រាំងទៅ។ ពេលឮពាក្យហ្នឹងដំបូងខ្ញុំតូចចិត្តថា ហេតុអី គេកើតមកល្អគ្រប់គ្នា ហេតុអីខ្ញុំពិការហេតុអីមិនព្រមកើតមកល្អជានឹងគេ មានពេលខ្លះខ្ញុំគិតចង់សម្លាប់ខ្លួន ក៏មាន ។ តែខ្ញុំទាញចិត្តខ្ញុំមកវិញថា បើខ្ញុំបាត់បង់កាយសម្បទាហើយ តែខ្ញុំមិនត្រូវបាត់បង់ចិត្តគំនិត ឧត្តមគតិដែលខ្ញុំចង់ រៀនតាំងពីតូចទៀតទេ...»។ នេះជាពាក្យតំអូញតំអែរបស់យុវតីម្នាក់ ដែលបានជួបគ្រោះអកុសលពិការដៃទាំងសង ខាង ត្រឹមកដៃតាំងពីថ្ងៃ ដែលរូបកញ្ញាឃើញពន្លឺថ្ងៃដំបូងមកម្ល៉េះ។

យុវតី ដែលកើតមកមានកាយសម្បទាមិនពេញលក្ខណៈដូចជនដទៃរូបនេះ មានឈ្មោះថា អ៊ិត ស្រីនប់ មានវ័យ ២០ឆ្នាំ រស់នៅក្នុងភូមិពាមជំនីក ឃុំកំពង់ហ្លង ស្រុកពញាឭ ខេត្តកណ្តាល។ ស្រីនប់ និង ម្តាយ គ្មានលំនៅឋាន ផ្ទាល់ខ្លួនឡើយ បច្ចុប្បន្នផ្ញើវាសនាក្រោមដំបូលផ្ទះរបស់ជីតាស្ថិតតាមបណ្តោយដងទន្លេសាប ចម្ងាយប្រមាណជា ៤៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ កញ្ញា ជាកូនស្រីក្នុងត្រកូលកសិករ មានបងប្អូនចំនួន ៥នាក់។ ស្រីនប់ ជាកូនទី ៤ មានម្តាយជាស្រ្តីមេម៉ាយ ត្រូវឪពុកស្លាប់ចោលអស់រយៈពេល ១៣ឆ្នាំទៅហើយ។

មានកំណើតក្នុងត្រកូលគ្រួសារក្រីក្រ មានម្តាយជាស្រីមេម៉ាយ វាជាទារុណកម្មលោកីយមួយទៅហើយសម្រាប់ ស្រី នប់ តែកំណើតជាមួយនិងភាពពិការ វារឹតតែបានបន្ថែមនូវបន្ទុកយ៉ាងលំបាកមួយទៀតសម្រាប់កញ្ញា ពោលមិន ត្រឹមតែលំបាកផ្លូវកាយជាអ្នកក្រក្រីនោះឡើយ វាបានបន្ថែមនូវផលលំបាកផ្លូវចិត្តមួយទៀត សម្រាប់ក្មេងស្រី ដែល ពិការដៃទាំងសងខាងនេះ ព្រោះរងនូវពាក្យអសុរោះ និងប្រមាថមើលងាយ រើសអើងពីក្មេងៗក្នុងវ័យដូចគ្នា និង មនុស្សមួយចំនួនទៀត ដែលរស់នៅជុំវិញខ្លួន។

ទោះបី ស្រីនប់ ជួបពិការភាព តែសម្តីសម្តៅរបស់ ស្រីនប់ ហាក់មិនបានពិការដូចកាយសម្បទាឡើយ គឺនិយាយស្តី ទាំងស្វាហាប់ និងក្លាហានបំផុត។ ស្រីនប់ បានរៀបរាប់ថា «ខ្ញុំពិការ តាំងពីកំណើត។ គ្រាន់តែខ្ញុំដឹងក្តីមកដឹងថា ខ្លួនឯងពិការតែម្តង។ ហើយខ្ញុំជួបការលំបាកច្រើន អ្នកខ្លះគាត់មើល ងាយ គាត់រើសអើង។ គាត់ថា រៀនធ្វើអីទេ ដៃ-ជើង អីចឹង រៀនទៅមិនដឹងថា គេរើសចូលការងារអីដែរ មិនចាំបាច់ រៀនល្អជាង។ នៅតែផ្ទះ ទៅធ្វើស្រែប្រាំង ទៅ។ ពេលឭពាក្យហ្នឹង មុនដំបូងខ្ញុំតូចចិត្ត ហេតុអីគេកើតមកគ្រប់គ្នា គេល្អគ្រប់គ្នា បងប្អូនអត់ពិការ ហេតុអ្វីពិការ តែខ្ញុំ»។

ព្រោះតែការតូចចិត្តជាមួយពាក្យពេចន៍បន្ទោសបង្អាប់នេះ ពេលខ្លះបានធ្វើឲ្យ ស្រីនប់ គិតខ្លីចង់សម្លាប់ខ្លួនថែម ទៀតផង។ «ខ្ញុំខឹង ខឹងចិត្តខ្លួនឯង ហេតុអីកើតមកពិការ ហេតុអី មិនព្រមកើតមកល្អជា នឹងគេ។ មានពេលខ្លះគិត ចង់សម្លាប់ខ្លួន»។

ភាពពិការនេះ មិនត្រឹមតែសាងភាពសោកសៅសម្រាប់តែ ស្រីនប់ នោះទេ។ អ្នកម្តាយ ដែលបានបង្កើតកូនមក ហើយ ឃើញកាយសម្បទាមិនគ្រប់គ្រាន់ រឹតតែក្តុកក្តួល និងខ្លោចផ្សារជាទីបំផុត។ អ្នកស្រី អ៊ុក ធឿន អាយុ ៥១ឆ្នាំ បាន រៀបរាប់ឲ្យដឹងថា រូបគាត់មានចិត្តរន្ធត់ និងក្តុកក្តួលខ្លាំងបំផុត នៅថ្ងៃបង្កើតកូន ហើយក្រឡេកឃើញកូនបាត់ ដៃ ត្រឹមកដៃទាំងសងខាង។ អ្នកស្រី តែងគិតខ្វាយខ្វល់ចំពោះកូនពិការនេះ ជារៀងរាល់ថ្ងៃ ព្រួយបារម្ភខ្វាយខ្វល់ ព្រោះមិនដឹងថា កូនស្រីរបស់ខ្លួននឹងពឹងលើអ្វី បើជីវភាពរបស់ខ្លួនក្រីក្រខ្លាំងបែបនេះ។ បើតាមអ្នកស្រី អ៊ុក ធឿន កូនរបស់អ្នកស្រី មិនត្រឹមតែពិការដៃនោះទេ កើតមកមិនចង់ចេះដើរថែមទៀតផង។

ជាមួយដំណក់ទឹកភ្នែកហូរកាត់ផែនថ្ពាល់ ដ៏ជ្រីវជ្រួញ អ្នកស្រី អ៊ុក ធឿន បានបញ្ជាក់យ៉ាងដូច្នេះថា « អត់ចេះដើរ ពីរបីឆ្នាំ បាយក៏អត់ដែរ។ ខ្ញុំថា មិនដឹងម៉េចទេខ្ញុំ! ខ្ញុំចិញ្ចឹមកូនមក អត់ពីខ្ញុំទៅមិនដឹងវេទនាម៉េចហ្អេ! នៅជាមួយបង ប្អូន។ ខ្ញុំគិតតែចឹង កូនអត់មានអនាគត ខ្ញុំនៅតែគិតចឹងរាល់ថ្ងៃ ខ្លាចបងប្អូនចិត្តមិនបាន។ ខ្ញុំថា កូនស៊ូណាកូន! ខ្ញុំ គិតសព្វគ្រប់រាល់ថ្ងៃ ខ្ញុំមិនសូវបានដេកច្រើនទេ...ខ្ញុំសឹងផ្ទុះដើមទ្រូង ខ្លោចផ្សារអានិតកូន»។

ភាពពិការ បានធ្វើឲ្យអ្នកស្រី ធឿន ខ្លោចផ្សារអាណិតកូនខ្លាំងណាស់ទៅហើយ ជីវភាពក្រខ្សត់ គ្មានប្រាក់ឲ្យកូន ពេលទៅរៀន បានធ្វើឲ្យអ្នកស្រីកាន់តែឈឺចិតស្ទើរប្រេះដើមទ្រូង និងលួចសម្រក់ទឹកភ្នែកខ្លួនឯងជាញឹកញយ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ស្រី្តជាម្តាយ ដែលប្រឹងតស៊ូចិញ្ចឹមកូនពិការ និងកូនៗ ៤នាក់ផ្សេងទៀត ទាំងខ្លួន ជាស្រីមេម៉ាយ ជាមួយការប្រកបរបរធ្វើស្រែប្រាំង និងដើរកាប់អុសលក់។

កញ្ញា អ៊ិត ស្រីនប់ បើទោះបីដៃទាំងពីរពិការ និងទទួលបាននូវការពាក្យពេចន៍ពេបជ្រាយពីមជ្ឈដ្ឋាននៅជុំវិញខ្លួន មួយចំនួនយ៉ាងណាក្តី តែចិត្តគំនិត ឧត្តមគតិ និងឆន្ទៈ នៃការចង់សិក្សារបស់កញ្ញា មិនបានពិការតាមកាយសម្បទា នោះឡើយ។ កញ្ញា តែងបានជំរុញ និងលើកទឹកចិត្តរបស់ខ្លួនជាប់ជានិច្ចក្នុងការសិក្សា ដើម្បីសម្រេចបំណងចង់ ចេះចង់ចឹង ចង់ចេញពីពិភពអវិជ្ជា ស្វែងរកពន្លឺជីវិត ជាពិសេសមិនចង់ជាប់ឈ្មោះថា ពិការទាំងកាយ និង ពិការ ទាំងចិត្ត ឬថាជនពិការ មិនអាចធ្វើអ្វីបាននោះ។

ការតាំងចិត្ត ដ៏មុះមុតជម្នះលើភាពពិការ និងភាពក្រខ្សត់ក្នុងគ្រួសារ បានធ្វើឲ្យ ស្រីនប់ ប្រឡងជាប់បាក់ឌុប ដោយ ជោគជ័យក្នុងឆ្នាំ២០១៥នេះ ជាមួយនិទ្ទេស E មានលំដាប់ពិន្ទុប្រមាណ ៦៥,៨៥។ ទោះទទួលបានត្រឹមនិទ្ទេស  E តែកញ្ញា ស្រីនប់ នៅតែសប្បាយរីករាយ ព្រោះការជាប់នេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន មានការ តាំងចិត្តខ្ពស់បំផុត។ ក្នុងជីវភាពក្រខ្សត់ ស្រីនប់ ត្រូវទៅរៀន ដោយផ្ញើខ្លួនជាមួយមិត្តភក្តិ ហើយថ្ងៃខ្លះ ត្រូវដើរទៅ រៀននៅសាលាទេពប្រណម ចម្ងាយប្រមាណ ១៣គីឡូម៉ែត្រ ពីផ្ទះ ហើយថ្ងៃខ្លះទៀត ត្រូវទៅរៀនទាំងដាច់បាយ ក៏មាន។

ស្រីនប់ បានបញ្ជាក់ទៀតថា កញ្ញាតែងតែជំរុញចិត្តខ្លួនឯងជាប់ជានិច្ចរហូតដល់ប្រឡងជាប់បាក់ឌុបនេះ «ពីដំបូង ថ្ងៃណុងខ្ញុំអត់លុយសោះ។ ខ្ញុំគិតខ្លួនឯងថា គួរតែបញ្ឈប់ហើយ បើជីវភាពខ្វះខាតអីចឹង! ហើយណាមួយខ្លួនឯង ក៏ ពិបាកទៀត។ ប៉ុន្តែដល់ពេលខ្ញុំគិតយូរៗ បើខ្ញុំបញ្ឈប់នៅពេលនេះ ខ្ញុំអត់មានអ្វីតបស្នងមកខ្ញុំវិញទេ។ ចឹងខ្ញុំ គួរតែ ពង្រឹងចិត្តខ្លួនឯង។ តាំងចិត្តខ្លួនឯង ត្រូវតែខំ ស៊ូទាល់តែដាច់បាយទៀតពេលខ្លះ»។

ស្រីនប់ បានពោលបង្ហាញនូវពាក់ ដែលកញ្ញា តែងរំលឹកដាស់តឿនខ្លួនឯងថែមទៀតថា «បើយើងពិការ ហើយ រំពឹងចាំបងប្អូនគេជួយ ឪពុក-ម្តាយចិញ្ចឹម ក៏អត់កើតដែរ។ ទាល់តែខ្ញុំខំប្រឹងខ្លួនឯង បើខ្ញុំអត់ខំប្រឹងជួយខ្លួនឯង អត់មានអ្វី អាចជួយខ្ញុំបានទេ។ បើខ្ញុំពិការហើយ ខ្ញុំមិនគួរបាត់បង់គំនិត ឧត្តមគតិរបស់ខ្ញុំ ដែលចង់រៀនតាំងពីតូច ហ្នឹងទៀតទេ ខ្ញុំមិនអាចអាកខានបានទេ ត្រូវតែពង្រឹងចិត្តខ្លួនឯង ឲ្យខំប្រឹងថែមទៀត។ ខ្ញុំអត់ចង់ឲ្យគេថា អ្នកពិការ ដេកផ្តួលតែពិការហ្នឹងហើយ ពិការហើយល្ងង់ខ្លៅទៀត អត់ចេះអីទៀត ចឹងខ្ញុំអត់ចង់ឮពាក្យហ្នឹងទេ»។

ក្រៅពីទទួលបានការស្ងប់ស្ងែងក្នុងការសិក្សាពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានហើយនោះ ស្រីនប់ ក៏ទទួល បានការកោតសរសើរថាជា ក្មេងស្រី ដែលមានចរិយាធម៌ល្អ តែងយល់ពីទុក្ខលំបាកម្តាយ ហើយនៅពេលចេញពី សាលាតែងជួយរាល់ការងាររបស់ម្តាយ។ ស្រីនប់ ត្បិតមែនតែពិការដៃ តែកញ្ញា អាចជួយធ្វើកិច្ចការរផ្ទះសព្វបែប យ៉ាង មិនចាញ់អ្នកមានកាយសម្បទាគ្រប់គ្រាន់ឡើយ ដូចជាធ្វើម្ហូប ដាំបាយ បោកខោអាវ ដេរប៉ាក់ រៀបចំម្ហូប អា ហារ ជាពិសេសកញ្ញា អាចជួយស្ទូងស្រូវម្តាយបានថែមទៀតផង គ្រាន់តែមិនបានលឿនដូចគេ។ ដោយឡែកការ សរសេរអក្សរវិញ កញ្ញាសរសេរ ស្ទើរតែស្អាតជាងអ្នកមានដៃគ្រប់លក្ខណៈទៅទៀត។

អ្នកស្រី អ៊ុក ធឿន ជាម្តាយ បានសរសើរកូនស្រីម្នាក់នេះ មិនដាច់ពីមាត់ថា ជាកូនប្រកបដោយគន្លងធម៌ និងមិន ដែលធ្វើឲ្យអ្នកស្រីលំបាកចិត្តម្តងណាឡើយ។ «អត់ដែលទេ! មួយហ្នឹងអត់ដែលសោះ! ឲ្យតែមាត់ធ្ងន់ គឺទឹកភ្នែក! ម៉ែៗ ឯងកុំបន្ទោសខ្ញុំ ខ្ញុំខុសហើយណាម៉ែ! ល្អម៉ែន! សូម្បីតែអីតិច ក៏ជួយម៉ែដែរ! រាល់ថ្ងៃស្រឡាញ់ម៉ែ ខ្លាចតែទៅ បាត់ម៉ែលំបាក»។

មិនត្រឹមតែអ្នកស្រី អ៊ុក ធឿន នោះទេ ដែលសរសើរពីចរិយាសម្បត្តិល្អប្រសើរបស់កូននោះ អ្នកជិតខាងរបស់កញ្ញា ស្រីនប់ ក៏បានសរសើរថា កញ្ញា ជាក្មេងល្អផងដែរ។ អ៊ុំស្រី ជា សុខុន ដែលបានឃើញ ស្រីនប់ តាំងពីតូចក្រូចឆ្មារ មកនោះ បានថ្លែងបង្ហាញការអានិតអាសូរជាខ្លាំងចំពោះ ស្រីនប់ និងក្រុមគ្រួសារ អានិតអាសូរ ក៏ព្រោះតែក្រុមគ្រួ សារនេះ មានជីវភាពក្រលំបាក គ្មានបង្គោលគ្រួសារ មានតែម្តាយជាស្រ្តីមេម៉ាយ រកស៊ីទាំងលំបាកលំបិន។

អ៊ុំស្រី ជា សុខុន បានធ្វើការគត់សម្គាល់ថា ស្រីនប់ ជាក្មេងស្រីមានចរិយាធម៌ល្អ និងតែងទទួលបានការអាណិត ស្រឡាញ់ពីចាស់ៗនៅក្នុងភូមិ ហើយក៏ជាក្មេងក្នុងភូមិម្នាក់ ដែលខិតខំប្រឹងប្រែងសិក្សារៀនសូត្រជាប់ជាប្រចាំ។

ក្រោយពេលជាប់បាក់ឌុបហើយ ស្រីនប់ នៅតែបន្តរក្សាឆន្ទៈ និងឧត្តមគតិមុតមាំរបស់ខ្លួន ចង់សិក្សារហូតបញ្ចប់ ថ្នាក់មហាវិទ្យាល័យ និងអាចស្វែងរកការងារធ្វើបានល្អប្រសើរនឹងគេ។ ស្ថិតក្នុងជីវភាពក្រីក្រលំបាកនេះ កញ្ញា ស្រី នប់ ក៏ដូចជាម្តាយរបស់កញ្ញា នៅតែពួយបារម្ភ និងខ្វាយខ្វល់ក្នុងចិត្តពីការខ្វះខាតលទ្ធភាព ការសិក្សាទៅថ្ងៃមុខ។

ស្រីនប់ ក៏បានផ្តល់សារជាច្រើន លើកទឹកចិត្តដល់ជនពិការដូចគ្នា ឲ្យខិតខំប្រឹងប្រែងជម្នះរាល់ឧបស័គ្គ និងត្រូវតែ ក្លាហានចេញទៅពិភពខាងក្រៅ ស្វែងរកវិជ្ជា ចំណេះជំនាញ ជាទុនសម្រាប់ជីវិត ព្រោះគ្មាននរណាអាចជួយបាន ក្រៅពីការខិតខំខ្លួនឯងនោះឡើយ។ កញ្ញា ដែលរស់ក្នុងពិភារភាពរយៈពេល ២០ឆ្នាំមកហើយនោះ និងបានហែល ឆ្លងពាក្យគ្រោតគ្រាតយ៉ាងច្រើនពីមជ្ឈដ្ឋានជុំវិញខ្លួន ក៏បានទទូចអំពាវនាវកុំឲ្យមានការរើសអើង មើលងាយលើជន ពិការ ហើយត្រូវរួមគ្នាជួយលើកទឹកចិត្តដល់ជនពិការឲ្យតស៊ូជម្នះក្នុងឧបសគ្គជីវិត។

«ខ្ញុំសូមឲ្យជនពិការទាំងអស់ លើកទឹកចិត្តខ្លួនឯង ហើយនៅពេលឭពាក្យគេនិយាយអីមក ឭហើយទម្លាក់ចោល មិនបាច់យកមកគិតនាំខ្វាយខ្វល់ក្នុងចិត្តទេ។ គិតអ្វីដែលល្អ អ្វីដែលសប្បាយ អ្វីដែលខ្លួនអាចធ្វើទៅរួច ហើយត្រូវ ចេញទៅសង្គមខាងក្រៅ។ ខ្ញុំ ក៏សូមទទូចឲ្យបងៗ លោកពូ អ្នកមីងទាំងអស់ ដែលធ្លាប់ប្រើពាក្យថា ជនពិការមិន គួរទៅរៀន ឬក៏មិនគួរដើរចេញទៅសង្គមខាងក្រៅហ្នឹង សូមឲ្យគាត់បញ្ឈប់ទៅ គួរតែលើកទឹកចិត្តឲ្យពួកគាត់»។

ជាមួយនិងការឃើញចិត្តអំណត់តស៊ូស្រវ៉ាវិជ្ជារបស់យុវតិពិការដៃរូបនេះ មានសប្បុរសជនជាច្រើន បានកើតចិត្តអា ណិតអាសូរ និងបានជួយឧបត្ថម្ភដល់រូបកញ្ញាជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួង ធនធានទឹក និងឧតុនិយម ក៏មានក្តីមេត្តាសណ្តោសប្រណៃ ដោយសន្យាជួយផ្តល់កន្លែងស្នាក់នៅ ធានារ៉ាប់រងលើ ការចាយវាយ ព្រមទាំងជួយចេញថ្លៃសិក្សាជូនកញ្ញា ថែមទៀតផង។លោក លឹម គានហោ ក៏បានលើកទឹកចិត្ត ស្រី នប់ ឲ្យខិតខំរៀនសូត្រ ដោយសន្យាផ្តល់ការងារក្របខណ្ឌក្រសួងធនធានទឹកជូនរូបកញ្ញា នៅពេលបញ្ចប់ការ សិក្សា។

ឆ្លើយតបទឹកចិត្តដ៏សប្បុរសសណ្តោសប្រណី កញ្ញា ស្រីនប់ បានគោរពថ្លែងអំណរគុណ ដល់លោករដ្ឋមន្រ្តី លឹម គានហោ និងសប្បុរសជននានា ព្រមទាំងលោក គ្រូ អ្នគ្រូ តែងផ្តល់ការសិក្សាបន្ថែមទាំងឥតគិតថ្លៃ និង ជំរុញលើក ទឹកចិត្តឲ្យខិតខំសិក្សា និងមិត្តភក្តិរបស់កញ្ញា ដែលតែងបានជួយយកអាសារ និងជួយឌុបទៅសាលា រហូតបាន បញ្ចប់ថ្នាក់វិទ្យាល័យ៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម