ជិះម៉ូតូល្អៗ ធ្វើដំណើរពេលយប់ មានអារម្មណ៍បែ

 
 

ភ្នំពេញ៖ សព្វថ្ងៃនេះ ប្រិយមិត្តច្បាស់ ជាអាចសំគាល់ឃើញថា បញ្ហាធំៗចំនួន២ ឧស្សាហ៍កើតឡើងជាច្រើន នៅតាមតំបន់មួយចំនួន នាពេលយប់ ដែលនោះគឺជា ករណីគ្រោះថ្នាក់ចរាចរណ៍ និងចោរកម្ម ដូច្នេះហើយអ្នកដែលធ្វើដំណើរ ឬក៏អ្នកចូលចិត្តដើរលេង នៅពេលយប់ ជាពិសេសអ្នកដែល ប្រើប្រាស់ម៉ូតូល្អៗ និងមានតម្លៃថ្លៃ ជាមធ្យោបាយធ្វើដំណើរនោះ គឺបានប្រឈមមុខខ្ពស់ ជាមួយនឹងបញ្ហាទាំងនេះ យ៉ាងខ្លាំង។

វាជារឿងជាក់ស្តែងមួយ ព្រោះថានាពេលយប់ នៅតាមដងផ្លូវ សឹងតែទាំងអស់ទៅហើយ នៅក្នុងរាជធានីភ្នំពេញ មានសភាពស្ងាត់ មិនអ៊ូអរ ហើយមានតែឡាន ម៉ូតូ មួយៗបើកទៅមក ប៉ុណ្ណោះដូច្នេះ វាគឺជាពេលវេលាល្អ សម្រាប់ជនឆ្លៀតឱកាស ក្នុងការធ្វើសកម្មភាព ដូចជាឆក់ ឬក៏ប្លន់ជាដើម។ ជាមួយគ្នានេះ គ្រោះថ្នាក់ចរាចណ៍ ជាញឹកញាប់ក៏កើតឡើង ក្នុងពេលយប់ដែរ ដោយសារតែពេលនោះ ស្ថានភាពផ្លូវគឺទូលាយ ដូច្នេះអ្នកបើកបរ គឺបន្ថែមល្បឿន ដោយគ្មានការប្រុងប្រយ័ត្ន បូករួមជាមួយនឹង ការបើកបរក្រោម ស្ថានភាពស្រវឹងទៀតនោះ ទើបបណ្តាលឲ្យ គ្រោះថ្នាក់នានា កើតឡើងយ៉ាងងាយមែនទែន។

យ៉ាងណាមិញ ពេលនេះក្រុមការងារ ខ្មែរឡូត ក៏បានធ្វើការសាកសួរ ចំពោះបងៗមួយចំនួន ដែលពួកគាត់ ធ្លាប់ធ្វើដំណើរ ក៏ដូចជា មានបទពិសោធន៍ ក្នុងការដើរលេង នាពេលយប់ ដោយប្រើប្រាស់ម៉ូតូ ជាយាន្តជំនិះ ថាតើពួកគាត់ មានវិធីយ៉ាងណា ដើម្បីអាចជិះម៉ូតូ បានក្នុងស្ថានភាពមួយ ដែលអាចជួយ រក្សាសុវត្ថិភាព របស់ពួកគាត់នាពេលយប់បាននោះ។


ស្ថានភាពផ្លូវ មិនមានសភាពអ៊ូអរ នាពេលយប់

ជួបជាមួយបងប្រុស វុទ្ធី ក្នុងវ័យ២៩ឆ្នាំ មានអាជីពជា គ្រូបង្រៀនភាសាអង់គ្លេស បានបញ្ជាក់ប្រាប់ឲ្យដឹងថា “សម្រាប់រូបខ្ញុំ ទម្រាំចប់ម៉ោងការងារ គឺវាហាក់ដូចជា យប់បន្តិចហើយ ដូច្នេះខ្ញុំត្រូវជិះម៉ូតូ មកផ្ទះវិញតែម្នាក់ឯង ទាំងយប់ព្រោះ គ្មានជម្រើស។ តែបើទោះជាផ្លូវ ទៅកាន់ផ្ទះរបស់ខ្ញុំ ដែលស្ថិតនៅម្តុំផ្សារបឹងឈូក មានសភាពមិនសូវអ៊ូអរក្តី តែខ្ញុំបារម្ភចំពោះរឿង គ្រោះថ្នាក់ចរាចរណ៍ ជាជាងត្រូវចោរប្លន់ ព្រោះថាម៉ូតូដែលខ្ញុំ ជិះនេះជាប្រភេទម៉ូតូ កញ្ចាស់ ហើយមិនមានតម្លៃថ្លៃ អីខ្លាំងណាស់ណានោះទេ តែសម្រាប់រឿងចរាចរណ៍ គឺខ្ញុំប្រយ័ត្នបំផុត បើទោះជាពេលយប់ ផ្លូវស្ងាត់ និងទូលាយយ៉ាងណាក្តី ក៏ខ្ញុំត្រូវតែបើកក្នុង ស្មារតីខ្ពស់ និងប្រយ័ត្នណាស់ដែរ”។

ងាកមកខាងប្អូនប្រុស រដ្ឋា​ ជានិស្សិតនៃសាកលវិទ្យាល័យ មួយក្នុងរាជធានីភ្នំពេញ បានលើកឡើងឲ្យដឹងថា “ខ្ញុំមិនសូវជា ដើរលេងយប់ច្រើននោះទេ តែក៏ធ្លាប់ដែរ ហើយពេលដែល ខ្ញុំដើរលេងរួច ខ្ញុំតែងតែពឹងមិត្តភក្តិខ្ញុំ ៣ទៅ៤នាក់ ឲ្យជិះម៉ូតូបានជាគ្នា តាមផ្លូវទៅផ្ទះរបស់ខ្ញុំ ព្រោះថាខ្ញុំមិនហ៊ានជិះតែឯងនោះទេ សំខាន់គឺខ្លាចលោកចោរ ហ្នឹងតែម្តង។ ម្យ៉ាងវិញទៀត បើពេលខ្លះទ័ល មិនដឹងរកអ្នកណា ឲ្យជូនមកផ្ទះ ខ្ញុំក៏យកជម្រើសចុងក្រោយ គឺទូរស័ព្ទប្រាប់ម៉ាក់ សុំគេងផ្ទះមិត្តភក្តិ ដោយលើកហេតុផល ជាក់ស្តែងជម្រាបប្រាប់គាត់” ។

បន្ថែមពីនេះទៀត បងប្រុស ដាវ័ន្ត អាយុ៣១ឆ្នាំ ជាអាជីករលក់ដូរម្នាក់ បានបង្ហើបពីវិធីសាស្ត្រ ក្នុងការជិះពេលយប់ ឲ្យដឹងថា “ការជិះម៉ូតូពេលយប់ ទាមទារឲ្យយើងមាន ស្មារតីប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវពាក់មួកសុវត្ថិភាពឲ្យជាប់ កុំសំអាងថាពេលយប់ មិនអីនោះ ម្យ៉ាងវិញទៀត យើងគួរតាមដាន ស្ថានភាពនៅពីក្រោយយើង​ ដោយផ្អែកលើកញ្ចក់ម៉ូតូ ព្រោះថាកាលណា យើងសំគាល់ឃើញថា ខ្លួនដូចជាត្រូវបានដេញតាម ឬក៏ឃ្លាំមើល ពីសំណាក់ម៉ូតូដែល ជិះពីក្រោយយើង នោះយើងគួរតែទៅរក កន្លែងសុវត្ថិភាព ឬក៏កន្លែងដែលមាន មនុស្សច្រើនដើម្បី ឈប់មើលសិន មុននឹងបន្តដំណើរទៅមុខទៀត។ នេះគឺជាអ្វីដែលខ្ញុំ តែងតែធ្វើរាល់ពេលដែលខ្ញុំ ធ្វើដំណើរតាមម៉ូតូ នៅពេលយប់តែម្នាក់ឯង” ។


ជិះម៉ូតូពេលយប់ គួរតែមានស្មារតី និងប្រុងប្រយ័ត្នខ្ពស់

ទាំនេះគឺជាការលើកឡើង របស់អ្នកដែលធ្លាប់ មានបទពិសោធន៍ក្នុងការ ធ្វើដំណើរនាពេលយប់ យ៉ាងណាមិញ ប្រិយមិត្តគួរតែ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ហើយក៏គួរតែ គោរពច្បាប់ចរាចរណ៍ ផងដែរ​ បើទោះជាពេលយប់ក៏ដោយ ក្នុងនោះដែរ ការដើរលេងយប់ជ្រៅពេក ក៏ជារឿងមិនល្អ ព្រោះថាពួកយើងអាច នឹងជួបនូវបញ្ហាជាច្រើន ដែលអាចកើតឡើងភ្លាមៗ ទោះបីជាមានការ យាមល្បាត និងរឹតបន្តឹងពី សំណាក់ក្រុមអាជ្ញាធរ មានសមត្ថកិច្ច យ៉ាងណាក្តី៕


ការបើកបរលឿន នាពេលយប់ក៏មិនមែន ជាកត្តាល្អនោះដែរ

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម