ពលរដ្ឋ​ដេញ​ចាប់ចោរ លួច​លុយ​ចោរ សមត្ថកិច្ច​ចាប់​ឃុំខ្លួន​ជាមួយ​​គ្នា

 
 

ខេត្តស្វាយរៀង ៖ នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៧ តុលា ២០១៥​នេះ លោក​វរសេនីយ៍ទោ កែវ សុ​ថា នាយការិយាល័យ ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគ​បាល​ ខេត្ត​បាន​ឲ្យ​ដឹង​ថា រឿង​ចោរ​ ៥​នាក់​ប្លន់​ ផ្ទះ​ដូរ​លុយ​កណ្តាលថ្ងៃត្រង់​ដេញ​ ស្ទាក់​ចាប់​បាន​ម្នាក់​នោះ សមត្ថកិច្ច​នគ​បាល​ ស្រុក​ស្វាយ​ទាប​ បាន​បំភ្លឺ​ថា តាម​ពិត​ចោរ​មាន​តែ​ម្នាក់​ទេ​បាន​ចូល​ លួច​លុយ​ក្នុង​ ទូ​ដូរ​លុយ​មិន មែន​ជា​ករណី​ប្លន់​ទេ គឺជា​ករណី​លួច ។

លោក កែវ សុ​ថា បន្ត​ទៀត​ថា កាលពី​ថ្ងៃ​ទី​២៥ តុលា ២០១៥ វេលា​ម៉ោង​១២ និង​៣០​ថ្ងៃត្រង់ មាន​ចោរ​១​ម្នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ចូល​លួច​ លុយ​ផ្ទះ​ដូរ​លុយ និង​លក់​គ្រឿងទេស ដែល​មាន​ម្ចាស់​ឈ្មោះ នុ​ត ផ​ល្លី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ដោយ​លួច​យក​លុយ​ពី​ក្នុង​ ទូ​ដូរ​លុយ​ អស់​៣​លាន​រៀល និង​ប្រាក់​៧០០​ដុល្លា រួច​រត់ឡើង​ជិះ​ ម៉ូតូ​គេចខ្លួន តែ​ត្រូវ​អ្នកស្រុក​ បានឃើញ​ក៏​នាំ​ គ្នា​ស្រែក​ឆោឡោ និង​នាំ​គ្នា​៤​នាក់​ជិះ​ម៉ូតូ​ដេញ​តាម​ចាប់ចោរ​ និង​ប្តឹង​សមត្ថកិច្ច​ព័ទ្ធ​ចាប់​ បាន​ចោរ​ម្នាក់ និង​ម៉ូតូ​ម៉ាក​ស្កុប​ពី​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ១AW-៩៨៦៣ ដែល​ចោរ​ជិះ​មក​ ធ្វើ​សកម្មភាព​លួច ។ ប្រភព​បន្ត​ទៀត​ថា ជន​ស​ង្ស​័យ​ឈ្មោះ ដួង សីហា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​កម្មករ​មាន​ទីលំនៅ​ បច្ចុប្បន្ន​នៅ​ភូមិ​ប្រ​សូត្រ​២ ឃុំ​ប្រ​សូត្រ ស្រុក​ស្វាយ​ទាប ។

លោកនាយ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​បន្ត​ទៀត​ថា ដោយ​មានការ​ចង្អុលបង្ហាញ​ ពី​លោក​ ឧត្តមសេនីយ៍ត្រី កឹង ឃ​ន ស្នងការ​នគ​បាល​ខេត្ត ដឹកនាំ​ផ្ទាល់​ពី​ លោក​វរសេនីយ៍ឯក កុយ សុភាព ស្នងការ​រង នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត បាន​ចុះ​សហការ​ ជាមួយ​កម្លាំង​អធិការដ្ឋាន​ នគ​បាល​ស្រុក​ស្វាយ​ទាប ធ្វើការ​ស្រាវជ្រាវ​ រក​ឃើញ​ថា ការ​ពិត​ចោរលួច មិនមែន​ជា​ ករណី​ចោរប្លន់​ទេ ។ ចំណែក​មនុស្ស​ ៤​នាក់​ទៀត​គឺជា​ ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ដេញ​ចាប់ចោរ ហើយ​ពេល​ដេញ​ទាន់ ចោរ​ភ័យ​ផ្តួល​ម៉ូតូ​រត់​ ចូល​ព្រៃ ពលរដ្ឋ​៣​នាក់​ ដេញ​តាម​ចោរ រីឯ​ម្នាក់​ឈ្មោះ កាន់ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទិ៍ មិន​បាន​រត់​ដេញ​ តាម​ចាប់ចោរ​ទេ គឺ​បាន​ចូល​ទៅ​កន្លែង ​ម៉ូតូ​ចោរ​ហើយ​ឃើញ​ លុយ​ចោរលួច​បាន​ ដាក់​នៅ​ក្នុង​ ប្រអប់​ម៉ូតូ​ក៏​យក​ ដាក់​ក្នុង​កែបម៉ូតូ​របស់​ខ្លួន មិន​បាន​ប្រគល់​លុយ​ ឲ្យ​សមត្ថកិច្ច​ទេ គឺ​ប្រគល់​ឲ្យ​ សមត្ថកិច្ច​តែ​ចោរ និង​ម៉ូតូ ។ ហើយ​នៅ​ វេលា​ម៉ោង​៣​រសៀល ឈ្មោះ កាន់ ប៊ុ​ន​ធឿ​ន បាន​យក​លុយ​ទៅ​ ទិញ​មាស​៣​ជី​ក្នុង​ ១​ជី​តម្លៃ​ ១៤០​ដុល្លារ ស្មើ​៤២០​ដុល្លារ និង​ឈ្នួល​១០​ដុល្លារ សរុប​៤៣០​ដុល្លារ ។

លោក​វរសេនីយ៍ទោ កែវ សុ​ថា បន្ត​ទៀត​ថា ការ​ឈាន​ដល់​ចាប់ខ្លួន​ឈ្មោះ កាន់ ប៊ុ​ន​ធឿ​ន នេះ​គឺ​ក្រោយ​ ពី​សួរ​ចម្លើយ​ជន សង្ស័យ​ឈ្មោះ​ ដួង សីហា បាន​ឲ្យ​ដឹង​ថា រូបគេ​លួ​យ​លុយ​បាន​ ដាក់​ក្នុង​ប្រអប់​ ម៉ូតូ​ស្កុប​ពី​ ដែល​ខ្លួន​ជិះ​ធ្វើ​សកម្មភាព តែ​មិនដឹង​ចំនួន​ប៉ុន្មាន​ទេ​ ទើប​សមត្ថកិច្ច​ជំនាញ​ ស្រាវជ្រាវ និង​ហៅ​ពលរដ្ឋ​ ៤​នាក់​ដែល​ ដេញ​ចាប់ចោរ​មក​ សាកសួរ​ថា ក្នុង​ចំណា​ម​៤​នាក់​នរណា​ ជា​អ្នក​ទៅ​ដល់​ម៉ូតូ​មុនគេ ទើប​ដឹង​ថា​ឈ្មោះ កាន់ ប៊ុ​ន​ធឿ​ន ទៅ​ដល់​ម៉ូតូ​មុន ទើប​ឃាត់ខ្លួន​មក​ សាកសួរ ជនសង្ស័យ​ក៏​ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច ​លុយ​បន្ត​ពី​ចោរ​ប្រាកដ​មែន និង​រឹបអូស​បាន​ប្រា ក់​ដុល្លារ​ចំនួន​៣០០​ដុល្លារ ប្រាក់​ខ្មែរ​ ៧​សែន​រៀល និង​ខ្សែ​ក​មាស​ទម្ងន់​៣​ជី ។ ដូច្នេះ​ជនសង្ស័យ​ឈ្មោះ កាន់ ប៊ុ​ន​ធឿ​ន ជាប់ចោទ​ពី​បទ​លួច ដែល​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​៣៥៦ នៃ​ច្បាប់ក្រម​ព្រហ្មទណ្ឌ និង​ពី​បទ​លប់​បាត់​វត្ថុ​តាង​ ដែល​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​៥៣៣ នៃ​ច្បាប់ក្រម​ព្រហ្មទណ្ឌ ត្រូវ​ជាប់​ពន្ធនាគារ​ ចាប់ពី​១​ឆ្នាំទៅ​៣​ឆ្នាំ ។ ឯ​ជនសង្ស័យ​ឈ្មោះ ដួង សីហា ដែល​លួច​ ដំបូង​ជាប់ចោទ​ពី​បទ​លួច​ដែល​មាន​ស្ថាន​ទម្ងន់ទោស តាម​ម​ត្រា​៣៥៦​ត្រូវ​ជាប់​ ពន្ធនាគារ​ពី​៦​ខែ ទៅ​៣​ឆ្នាំ ។

ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង និង​វត្ថុ​តាង​បញ្ជូន​ទៅ​ សាលាដំបូង​ ខេត្ត​នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៧ តុលា ២០១៥ និង​ចេញ​ដីការ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ ពន្ធនា​គារ​ខេត្ត​ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម