ប្រជាពលរដ្ឋក្រីក្រ៣គ្រួសារចោទថា អាជ្ញាធរឃុបឃិតគ្នាយកដីរបស់ពួកគាត់
ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋក្រីក្រចំនួន៣គ្រួសារ រស់នៅក្នុងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានចោទអាជ្ញាធរថា បានឃុបឃិតគ្នាយកដីពួកគាត់ ដែលមេចែកឱ្យកាន់កាប់តាំងពីសម័យសមាហរណកម្ម ពោល គឺចាប់ពីឆ្នាំ១៩៩៦-១៩៩៧មកម្ល៉េះ លុះក្រោយមកកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ស្រាប់តែមានមេភូមិ ចៅសង្កាត់ មន្ត្រីបរិស្ថាន មន្ត្រីសុរិយោដី និងអាជ្ញាធរក្រុងប៉ៃលិន បាននាំគ្នាចុះទៅបោះបង្គោលនៅដីរបស់ពួកគាត់ ដែលនៅជាប់នឹងផ្លូវក្រវ៉ាត់ក្រុង ដោយអះអាងថា ជាដីរបស់រដ្ឋ ពេលនេះរដ្ឋត្រូវការយកទៅសាងសង់សាលាក្រុង ។
ដោយកើតទុក្ខមិនសុខចិត្តទើបនៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី៥ វិច្ឆិកា ២០១៥នេះ ពួកគាត់បាននាំគ្នាទៅកន្លែងដីស្ថិតនៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ប្រាប់អ្នកសារព័ត៌មានឲ្យដឹង ដោយអំពាវនាវសុំឱ្យថ្នាក់លើជួយអន្តរាគមន៍ពួកគាត់ផង ។
បើតាមសម្តីបុរសម្នាក់ឈ្មោះ ឆុង ម៉ៃ អាយុ៥០ឆ្នាំ មានប្រពន្ធឈ្មោះ រស់ វ៉ាន អាយុ៥៥ឆ្នាំ មានកូន៣នាក់ ប្រុស២នាក់ ស្រីម្នាក់ នៅក្នុងបន្ទុក បានរៀបរាប់ឱ្យដឹងថា ដីរបស់គាត់នៅជាប់នឹងកូនភ្នំ ដោយមេចែកឱ្យតាំងពីឆ្នាំ១៩៩៧មកម្លេះ លុះក្រោយមកកាលពីឆ្នាំ២០១២-២០១៣ ខណៈអាជ្ញាធរខេត្តសាងសង់ផ្លូវក្រវ៉ាត់ក្រុងប៉ះចំដីរបស់គាត់ ហើយរូបគាត់ក៏សុខចិត្តសម្បទានដីនោះជូនអាជ្ញាធរ ក្រោយមកដីមួយចំហៀងខាងលិចផ្លូវ ដោយសារគាត់ធ្វើចម្ការដាំដំណាំពោតចេះតែខាត ក៏ដាច់ចិត្តលក់ឱ្យឈ្មួញបាត់ទៅ ដោយនៅសល់ម្ខាងទៀតខាងកើតផ្លូវជាប់នឹងកូនភ្នំប្រវែង៧០ម៉ែត្រ គុណ១០០ម៉ែត្រ ហើយបានឱ្យអាជ្ញាធរជីកកកាយយកដីចាក់ធ្វើផ្លូវ លុះក្រោយមកនាពេលថ្មីៗនេះ ខណៈដីនោះរាបល្អ ស្រាប់តែអាជ្ញាធរបានប្រាប់ឱ្យពួកគាត់ប្រគល់ដីឱ្យទៅវិញ ដោយប្រាប់ថា គេនឹងរៀចំសាងសង់សាលាក្រុង ដោយសុំឱ្យគាត់ទទួលយកដីនៅខាងក្រោយភ្នំប្រវែង១០ម៉ែត្រ ។ ទោះបីជាយ៉ាងណាគាត់មិនសុខចិត្តឡើយ សូមឱ្យអាជ្ញាធរដោះស្រាយតាមគោលនយោបាយសមរម្យ ដែលអាចទទួលយកបាន ។
បើតាមបុរសម្នាក់ឈ្មោះ សូ ប្រុស អាយុ៥៦ឆ្នាំ ប្រពន្ធឈ្មោះ មុំ ស្រី អាយុ៥៣ឆ្នាំ មានកូន៥នាក់ ប្រុស៣នាក់ ស្រី២នាក់ បានរៀបរាប់ឱ្យដឹងថា ដីរបស់គាត់មានបណ្តោយ៨០ម៉ែត្រ ទទឹង៤០ម៉ែត្រ ដោយបានកាប់ឆ្ការដាំពោត ដំឡូងមីជាយូរឆ្នាំមកហើយ លុះក្រោយមកកាលពីប៉ុន្មានថ្ងៃកន្លងទៅអាជ្ញាធរភូមិ សង្កាត់ និងក្រុង បានចុះនាំគ្នាទៅសុំឱ្យគាត់បែងចែកដីនោះឱ្យអ្នកនៅខាងមុខ ដែលត្រូវអាជ្ញាធរយកដី ដោយសុំឱ្យពួកគាត់ប្រវែងម្នាក់១០ម៉ែត្រប៉ុណ្ណោះ ។ គាត់បន្តទៀតថា ពួកគាត់ក្រីក្រមានកូនច្រើន បម្រុងនឹងសាងសង់ផ្ទះរស់នៅ ស្រាប់តែកាលពីថ្ងៃទី៣-៤ ខែវិច្ឆិកា កន្លងទៅនេះ អាជ្ញាធរបាននាំគ្នាយកបង្គោលទៅបោះបង្គោលយកអស់បាត់ទៅហើយ គ្មានសល់អ្វីបន្តិចនោះទេ ។ ដីរបស់គាត់ត្រូវបានខាងសុរិយោដីវាស់វែងកាលពីប៉ុន្មានខែមុន ដោយសន្យាថាចេញប្លង់ឱ្យ តែក្រោយមកក៏ស្ងាត់ទៅវិញ ហើយរហូតមកដល់ពេលនេះគេបម្រុងដេញពួកគាត់ចេញទាំងអស់គ្នា ។ គាត់ក៏សំណូមពរដល់ថ្នាក់ដឹកនាំខាងលើឱ្យជួយរកយុត្តិធម៌ជូនពួកគាត់ ផង ព្រោះសព្វថ្ងៃនេះគាត់រស់នៅចាំចម្ការឱ្យគេទេ គ្មានដីសូម្បីតែប៉ុនបាតដៃនោះឡើយ ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឈុំ ហ៊ឺន មេភូមិកូនភ្នំ បានឱ្យដឹងថា ខាងលោកអត់ដឹងរឿងនេះទេ តែគាត់ដឹងថា ដីនោះត្រូវបានប្រជាពលរដ្ឋរបស់គាត់កាន់កាប់តាំងពីយូរមកហើយ បើចង់ដឹងទាក់ទងសួរនាំទៅខាងសង្កាត់អូរតាវ៉ៅ ។
លោក សួន អ៊ន ចៅសង្កាត់អូរតាវ៉ៅ បានឱ្យដឹងថា ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ខាងលោកក៏អត់ដឹងរឿងដែរ ប៉ុន្តែលោកធ្លាប់ដឹងថា ខាងក្រុងយកដីនោះទៅធ្វើសាលាក្រុង ហើយបើចង់ដឹងច្បាប់ជាងនេះ សូមទាក់ទងសួរនាំទៅលើបន្តទៀតចុះ ។
ចំណែកលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន ភ្នាក់ងារសារព័ត៌មានមិនអាចទាក់ទងសុំបំភ្លឺបានទេ ដោយសារបិទទូរស័ព្ទ ។ ចំណែកលោក ឡូ លុយ អភិបាលរងក្រុងប៉ៃលិន បានឱ្យដឹងតាមទូរស័ព្ទនៅល្ងាចថ្ងៃដដែលនេះថា ខាងអាជ្ញាធរក្រុងយកដីភ្នំនោះធ្វើជាអចលនវត្ថុសម្រាប់ទុកសាងសង់ សាលាក្រុងនៅថ្ងៃខាងមុខ មិនអាចឱ្យពួកគាត់បន្តប្រើប្រាស់ អាស្រ័យផលទៀតនោះឡើយ ព្រោះតំបន់ភ្នំជាដីរបស់រដ្ឋ ហើយនឹងធ្វើការដោះដូរឱ្យពួកគាត់នៅកន្លែងផ្សេង ដោយម្នាក់ៗអាចទទួលបានទទឹង១០ម៉ែត្រ គុណបណ្តោយ២០ម៉ែត្រ ឬយ៉ាងម៉េចនោះអាជ្ញាធរនឹងជួយដោះស្រាយមិនឱ្យមានបញ្ហាអ្វីឡើយ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!