ក្រុម Cambodia Super Model រង​ការ​រិះ​គន់​ថា​ ការ​បង្ហាញ​ម៉ូដ​នៅ​មាន​កម្រិត

 
 

ភ្នំពេញ៖ បច្ចុប្បន្នវិស័យដើរម៉ូដ នៅប្រទេសកម្ពុជា ហាក់កំពុងតែមានភាពរីកចម្រើន គួរឲ្យកត់សម្គាល់ ទោះបីជាមួយរយៈនេះ មានភាពស្ងប់ស្ងាត់ មិនសូវដូចកាលពីមុនក្ដី តែពេលមានកម្មវិធីតូច-ធំ ជាលក្ខណៈក្រុមហ៊ុនឯកជន ឬជាលក្ខណៈផ្លូវរដ្ឋក្ដី ពិសេសក្រុម ខេមបូឌា ស៊ូភើម៉ូឌែល ដែលមាននាង ឌួង ហ្សូរីដា ជាអ្នកគ្រប់គ្រង តែងលេចមុខជាបន្តបន្ទាប់។ ប៉ុន្តែមួយរយៈនេះ ហាក់មិនមានការងារ ធ្វើច្រើនដូចមុន ខណៈតារាល្បីៗ ក្នុងក្រុមរបស់នាង បែរជាលេចមុខក្នុងរោងការ ទៅវិញ ។ 

ក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ បង្ហាញម៉ូដ និងថតម៉ូដលក្ខណៈបរទេសមួយ បាននិយាយថា ជាការពិតក្រុមដើរម៉ូដធំៗ នៅប្រទេសកម្ពុជា គ្មានក្រុមណាល្អ និងស៊ីដាច់ ក្រុម ខេមបូឌាសូភើម៉ូឌែល នោះទេ ផ្នែកខាងរូបសម្រស់ ។ បើនិយាយពីកេរ្តិ៍ឈ្មោះ សុទ្ធសឹងជា តារាសម្ដែងល្បីល្បាញ ប្រចាំប្រទេស ដូចជា អ្នកនាង ចន ច័ន្ទ លក្ខិណា អ្នកនាង កែវ ពេជ្រ ពិសី កញ្ញា សូដា នីតា កញ្ញា មាន សុនីតា កញ្ញា ម៉ាក សែនសូនីតា និងមានសមាជិក តិចតួចបំផុត ដែលមិនល្បីល្បាញ ក្នុងក្រុមតារាម៉ូឌែល ។ សម្រាប់តារាម៉ូឌែល កំពស់នឹងមុខមាត់សំខាន់ណាស់ តែអ្វីដែលសំខាន់ជាងនេះ គឺទេពកោសល្យ ក្នុងការដើរ ឲ្យមានលក្ខណៈអន្តរជាតិ ។ ក្រុមនេះអ្នកដើរ ត្រូវមានស្ដង់ដា មិនមែនធ្វើអ្វីតាមតែនឹកឃើញ ហើយការហ្វឹកហាត់ ក៏សំខាន់ណាស់ដែរ មិនមែនស្អាត បានកំពស់ ហើយចេះតែដាក់ឲ្យដើរម៉ូដ បាននោះទេ ។ 

ក្រុមហ៊ុនដដែល បាននិយាយទៀតថា មិនមែនរើសអើង ក្រុមការងារថា មកពីម៉ូឌែលក្រុមណាទេ តែពេលទាក់ទង ហៅមកធ្វើតេស ក្រុមខេមបូឌា សូភើម៉ូឌែល ជាប់តិចបំផុត ។ តារាម៉ូឌែលមួយចំនួន ក្នុងក្រុមនេះ ហាក់មោទភាពជាមួយសម្រស់ របស់ខ្លួនជ្រុល ភ្លេចគិតរឿងអភិវឌ្ឍន៍ខ្លួន ស្របពេលដែលប្រទេសជិតខាង គេដើរផុតយើងសែនឆ្ងាយ ក្នុងវិស័យម៉ូដ ។ ក្រុម ខេមបូឌា សូភើម៉ូឌែល អាចដើរម៉ូឌបានត្រឹមតែ បង្ហាញម៉ូដពេជ្រ និងខោអាវបុរាណៗ រ៉ូបញុំាការជាដើម តែបើផ្លូវការបែបបរទេស ពិបាកបន្តិចហើយ ព្រោះសមត្ថភាពនៅមានកម្រិត ។ ក្រុមនេះមានអ្នកលេចធ្លោមិនច្រើនទេ ពោល គឺមានតែ កេសី និង អ្នកនាង ចន ច័ន្ទលក្ខិណា ក្រៅពីនេះ ដើរមិនសូវបានល្អទេ តែសម្រស់ប្រើការបាន ។

កញ្ញា ឌួង ហ្សូរីដា ប្រធានក្រុម ខេមបូឌា សូភើម៉ូឌែល មិនអាចសុំការបំភ្លឺបានទេ ទូរស័ព្ទចូលគ្មានអ្នកលើក ព្រោះកញ្ញា បានប្រកាសក្ដែងថា នាងមិនសូវលើក លេខប្លែកៗឡើយ ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម