Benzema អាចនឹងត្រូវ ជាប់ពន្ធនាគារ យ៉ាងតិច៥ឆ្នាំ បើសិនតុលាការ រកឃើញទោសកំហុស

 
 

បារាំង៖ នាពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ ជាពិសេសប្រិយមិត្តអ្នកស្នេហា វិស័យកីឡាបាល់ទាត់ ផ្ទាល់តែម្តង បន្ទាប់ពីតារាបាល់ទាត់ដ៏ល្បី មួយរូប និងជាខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid កីឡាករ Karim Benzema អាចប្រឈមមុខនឹង ការជាប់ពន្ធនាគារ យ៉ាងតិច៥ឆ្នាំ។

យោងតាមប្រភព ព័ត៌មានដែលបាន ដកស្រង់សម្តីរបស់ ព្រះរាជអាជ្ញារបស់ប្រទេសបារាំង បានឲ្យដឹងថា Karim Benzema ត្រូវបានទទួលរងការចោទប្រកាន់ ពីបទចូលរួមសមគំនិត ប៉ុនប៉ងគំរាមកំហែងអ្នកដទៃ និងចូលរួមសមគំនិតប្រព្រឹត្តបទឧក្រិដ្ឋ ដែលអាចមានទោស ជាប់ពន្ធនាគារយ៉ាងតិច៥ឆ្នាំ ប្រសិនបើតុលាការ ពិតជារកឃើញ ទោសកំហុសមែននោះ ហើយដែលពេលនេះ គឺកំពុងតែមានការ ស៊ើបអង្កេតយ៉ាងម៉ត់ចត់ ជាទីបំផុត។

បើតាមការបញ្ជាក់បន្ថែម របស់ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងថា ទោសកំហុសដែលគេ បានធ្វើការចោទប្រកាន់ទៅលើ កីឡាករ Benzema នោះគឺបានអះអាងថា កីឡាកររូបនេះ បានធ្វើការគំរាមកំហែង យកប្រាក់ពីកីឡាករ សញ្ជាតិបារាំងម្នាក់ទៀត ឈ្មោះថា Mathieu Valbuena ដែលបច្ចុប្បន្ន លេងឲ្យក្លឹប Lyon របស់ប្រទេសបារាំង ពាក់ព័ន្ធនឹងខ្សែអាត់ វីដេអូអាសអាភាស ដោយក្នុងនោះគឺ មានការទាមទារឲ្យ Valbuena បង់ប្រាក់ប្រសិនបើ មិនចង់ឲ្យខ្សែអាត់វីដេអូនោះ បង្ហោះជាសាធារណៈ។


Karim Benzema ខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid កំពុងតែទទួលរង ការចោទប្រកាន់ ដ៏ធ្ងន់ធ្ងរមួយ

មកទល់ពេលនេះ Benzema កំពុងស្ថិតនៅក្រោម ការគ្រប់គ្រង និងឃ្លាំមើលពី​សំណាក់ចៅក្រម នេះមានន័យថា រូបគេមិនអាចជួប ជាមួយជនរងគ្រោះ ឬក៏អ្នកដែលបាន ធ្វើការចោទប្រកាន់ ទៅលើរូបគេនោះឡើយ។

គូសបញ្ជាក់ផងដែរថា ជុំវិញករណីនេះ នៅមានបុរស៣នាក់ផ្សេងទៀត កំពុងតែស្ថិតនៅក្រោម ការស៊ើបអង្កេត រីឯកីឡាករ Benzema ព្រមទាំងកីឡាករ Valbuena ក៏ត្រូវបានដកចេញ ពីក្រុមបាល់ទាត់ ជម្រើសជាតិបារាំង សម្រាប់ការប្រកួត អន្តរជាតិនៅក្នុងខែនេះ ផងដែរ៕


Mathieu Valbuena ខ្សែបម្រើរបស់ក្លឹប Lyon និងជាជនរងគ្រោះ នៅក្នុងសំណុំរឿងមួយនេះ

ប្រភព៖ Metro

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម