លោក ថោង ខុន៖ ភ្ញៀវទេសចរ វៀត ណាម ទស្សនា តំបន់អង្គរធ្លាក់ចុះ នៅរយៈពេល៩ខែដើមឆ្នាំ ស្របពេល រាជរដ្ឋាភិបាល ដកហូតតំបន់អង្គរ មកគ្រប់គ្រងវិញ

 
 

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងឲ្យដឹង នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះថា នៅរយៈពេល៩ខែដើមឆ្នាំ២០១៥នេះ ភ្ញៀវទេសចរជនជាតិវៀតណាម ដែលទៅទស្សនាតំបន់អង្គរមានការធ្លាក់ បើធៀបនឹងឆ្នាំមុខ ដែលការធ្លាក់ចុះនេះ ស្របពេលដែលរាជរដ្ឋាភិបាល សម្រេចដកហូតការលក់សំបុត្រ ចូលទស្សនាតំបន់អង្គរពីក្រុមហ៊ុន សុខាមកវិញ។

លោករដ្ឋមន្ត្រី ថោង ខុន បានឲ្យដឹងទៀតថា បើទោះបីរាជរដ្ឋាភិបាល ប្រកាសគ្រប់គ្រង់ការលក់សំបុត្រចូលទស្សនា តំបន់អង្គរវិញក្តី ប៉ុន្តែការផ្ទេរមិនទាន់ត្រូវអនុវត្តន៍ឡើយ គឺរហូតដល់ខែមករា ឆ្នាំ២០១៦ ដូច្នេះភ្ញៀវទេសចរនៅតែមានសភាពធម្មតា គ្មានអ្វីប្រែប្រួលនោះទេ តែជាការគត់សម្គាល់ នៅរយៈពេល៩ខែដើមឆ្នាំ២០១៥ ភ្ញៀវទេសចរវៀតណាម ដែលមកទស្សនាតំបន់អង្គរបានធ្លាក់ចុះ តែកើនឡើងនៅភ្នំពេញ និងខេត្តព្រះសីហនុ ខុសពីភ្ញៀវចិន ដែលមកទស្សនាមានការកើនឡើងច្រើន។

លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងយ៉ាងដូច្នេះថា «នៅពេលនេះមិនទាន់មានការរើរុះអ្វីនៅឡើយទេ ក្រុមហ៊ុនសុខានៅតែគ្រប់គ្រង ការលក់សំបុត្រសិន ដល់ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៦ តទៅទើបធ្វើការរៀបចំ ពិធីផ្ទេរការគ្រប់គ្រងពីក្រុមហ៊ុនសុខា មករាជរដ្ឋាភិបាលគ្រប់គ្រងវិញ ដូច្នេះវាអត់មានអីប៉ះពាល់ ទៅលើការប្រកាសហ្នឹងថា (រាជរដ្ឋាបាលគ្រប់គ្រងការលក់សំបុត្រអង្គរវិញ) មានភ្ញៀវឡើង ភ្ញៀវចុះអីទេ ភ្ញៀវនៅតែមកធម្មតា។ ដោយឡែកនៅរយៈពេល៩ ខែដើមឆ្នាំនេះ គេឃើញភ្ញៀវវៀតណាម ទៅតំបន់អង្គរមានការថយចុះ តែមកភ្នំពេញ និងព្រះសីហនុមានការកើនឡើងវិញ»។

ជាមួយគ្នានេះដែរ លោក ថោង ខុន បានសម្តែងនូវក្តីរាយ ចំពោះភារកិច្ចដែលរាជរដ្ឋាភិបាល ប្រគល់ជូនក្រសួងទេសចរណ៍ ឲ្យសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការបង្កើតសហគ្រាសសាធារណៈ គ្រប់គ្រងការលក់សំបុត្រនេះ ហើយថាលោកធ្វើការងារនេះឲ្យល្អ ធ្វើយ៉ាងណាបង្កើតសហគ្រាសនោះ ឲ្យរួចរាល់នៅមុខខែមករា ឆ្នាំ២០១៦។

ដោយឡែកលោក អាង គឹមអៀង ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ បានថ្លែងឲ្យដឹងថា ដោយសារមិនមានការផ្ទេរតំបន់អង្គរ ជូនរាជរដ្ឋាភិបាលជាផ្លូវការនោះ បច្ចុប្បន្នមិនទាន់សង្កេតឃើញមានអ្វី ប្រែប្រួលនោះទេ ចំពោះកំណើន ឬក៏ថយចុះចំពោះភ្ញៀវទេសចរ ពិសេសភ្ញៀវវៀតណាម។

គួររំលឹកថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលបានសម្រេច យកការគ្រប់គ្រងលក់សំបុត្រ ចូលទស្សនាតំបន់អង្គរ ពីក្រុមហ៊ុន សុខ គង់ និងបានសម្រេចបង្កើត សហគ្រាសសាធារណៈមួយ ដើម្បីធុរៈកិច្ចគ្រប់គ្រង រមណីយដ្ឋានបេតិកភណ្ឌតំបន់អង្គរ ដែលមានក្រសួងទេសចរណ៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអន្តរក្រសួង រៀបចំគណៈកម្មាធិការនេះ ហើយការផ្ទេរការគ្រប់គ្រង នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦តទៅ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម