ថៅកែក្រុមហ៊ុន ផ្តល់ប្រាក់រង្វាន់ បំណាច់ឆ្នាំ ដល់បុគ្គលិក ១,៣៨១នាក់ ដោយម្នាក់ៗ ទទួលបាន ១០ម៉ឺនដុល្លារ

 
 

សហរដ្ឋអាមេរិក៖ ថៅកែ ក្រុមហ៊ុនប្រេង និងឧស្ម័នធម្មជាតិ ម្នាក់ នៅសហរដ្ឋអាមេរិក បានផ្តល់ប្រាក់ រង្វាន់បំណាច់ឆ្នាំ ដ៏ច្រើនសន្ធឹកសន្ធាប់ សំរាប់បុគ្គលិក ក្នុងក្រុមហ៊ុន ចំនួន ១,៣៨១ នាក់ ដោយបុគ្គលិក ម្នាក់ៗ ទទួលបានរហូត ដល់ទៅ ១០ម៉ឺនដុល្លារអាមេរិក ឯណោះ។

ប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមហ៊ុនប្រេង និងឧស្ម័នធម្មជាតិនេះ មានឈ្មោះ Hilcorp គឺជាក្រុមហ៊ុនឯកជន ដែល ផលិត និង រុករកប្រេងកាត និងឧស្ម័នធម្មជាតិ ដ៏ធំមួយ ដែលមានទីតាំង ក្នុងរដ្ឋតិចសាស៍ ហើយ លោក Jeff Hildebrand ដែលជាសេដ្ឋីម្នាក់ នៅសហរដ្ឋអាមេរិក គឺជានាយកប្រតិបត្តិ របស់ក្រុមហ៊ុននេះ ។




ក្រុមហ៊ុន Hilcorp 

ការផ្តល់ប្រាក់រង្វាន់បំណាច់ឆ្នាំ លើកទឹកចិត្ត ដ៏ច្រើន បែបនេះ មិនមែនជាលើកទីមួយនោះទេ សំរាប់ ក្រុមហ៊ុនមួយនេះ។ កាលពី ៥ឆ្នាំមុន របាយការណ៍បានឲ្យដឹងថា ថៅកែក្រុមហ៊ុននេះ បានឲ្យ បុគ្គលិកទាំងអស់ ជ្រើសរើស យករថយន្តតម្លៃ ៥ម៉ឺន ឬ ប្រាក់ ជាង៣ម៉ឺនដុល្លារ សំរាប់ប្រាក់រង្វាន់ចុងឆ្នាំ។

ក្នុងនោះដែរ បើតាមសំដីបុគ្គលិក ទទួលអតិថិជនម្នាក់ នៅក្រុមហ៊ុននេះ ឈ្មោះ​ Amanda Thompson បាន និយាយថា «នេះជារង្វាន់ពិតប្រាកដមួយ» ។ នាងបានប្រាប់ទៀតថា «នាយកក្រុមហ៊ុន បានសន្យាថា បុគ្គលិក ទាំងអស់ នឹងទទួល បានប្រាក់រង្វាន់ដ៏ច្រើន ប្រសិនបើក្រុមហ៊ុន Hilcorp អាចទទួលបាន ប្រាក់ចំនេញទ្វេដង ក្នុងរយៈពេល ៥ឆ្នាំ ហើយទីបំផុត នាយកក្រុមហ៊ុន ពិតជាបានផ្តល់ឲ្យ ដូចអ្វីដែលគាត់ បានសន្យាពិតប្រាកដមែន» ។ នាងបន្តទៀតថា​ «បុគ្គលិកទាំងអស់ បានអបអរសាទរ និង រីករាយ នឹងប្រាក់រង្វាន់នេះណាស់ ហើយពួកយើង បានយំ ដោយក្តីរីករាយបំផុត​ ហើយវាជាពេលវេលា ដ៏ពិសេសបំផុត»។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Hilcorp នេះ បានជាប់ឈ្មោះ ក្នុងបញ្ជីឈ្មោះក្រុមហ៊ុន ដែលល្អបំផុត ទាំង១០០ សំរាប់ ចូលទៅបម្រើការងារ ផងដែរ។

យ៉ាងណាមិញ បើយោងតាម ការស្ទង់មតិមួយ ដោយគេហទំព័រ Accounting  Principals បានឲ្យដឹងថា ប្រាក់រង្វាន់ បំណាច់ឆ្នាំ នៅតាមក្រុមហ៊ុន នៅសហរដ្ឋអាមេរិក ជាមធ្យមគឺ ៨៥៨ដុល្លារអាមេរិក និង មានតែ ២១ភាគរយ ប៉ុណ្ណោះ ទទួលបាន ១,០០០ ដុល្លារ ឬច្រើនជាងនេះ ខណៈ ១៥ភាគរយ ផ្សេងទៀត តិចជាង ១០០ដុល្លារ៕

ប្រភព Oddity | time

ដោយ៖ ទីន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម