គួរឲ្យសរសើរណាស់! យ៉ាងគួ លួចធ្វើអំពើ សប្បុរសធម៌ស្ងាត់ៗ មិនឲ្យនរណាដឹងឡើយ

 
 

ហុងកុង៖  តារាប្រុសមានឈ្មោះបោះសម្លេង ដែលទស្សនិជនខ្មែរស្គាល់ថាជាតួ យ៉ាងគួ នោះ បានធ្វើអំពើសប្បុរសធម៌ស្ងាត់ៗ ដោយសង់សាលារៀននៅតាមជនបទ សរុប៨៥ខ្នងមកហើយ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។



យោងតាមគេហទំព័របរទេសមួយ បានឲ្យដឹងថា តារាសម្តែងហុងកុង លោក Louis Koo ដែលមានអាយុ ៤៥ឆ្នាំរូបនេះ មិនត្រឹមតែជាតារាឆ្នើម​ ខាងធ្វើអំពើសប្បុរសធម៌បានច្រើនបំផុតប៉ុណ្ណោះទេ ថែមទាំងជាតារាដែលចូលចិត្តរក្សាភាពស្ងប់ស្ងាត់ មិននិយាយពីអំពើសប្បុរស ដែលខ្លួនធ្វើឲ្យអ្នកណាដឹងឡើយ។

បើតាមប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ Louis បានសង់សាលារៀនទាំងអស់ ៨៥ខ្នង នៅតាមទីជនបទ ទូទាំងប្រទេសចិន ជាក់ស្តែងកាលពីឆ្នាំ ២០១២ សារព័ត៌មានបានដឹងជាលើកដំបូង តែលោកបែរជានៅស្ងៀមស្ងាត់ បិទមាត់ឡើងជិត និងតែងតែមិនទទួលការបកស្រាយ អ្វីនោះទេ នៅពេលដែលគេសាកសួរពីសាលារៀនរបស់គាត់នោះ។

រហូតដល់ដើមឆ្នាំ ២០១៤ លោកត្រូវបានគេចុះផ្សាយម្តងទៀតថា បានកសាងសាលារៀនចំនួន ៦១ខ្នង ក្នុងតំបន់ជនបទ នៃប្រទេសចិន តាមរយៈមូលនិធិ សប្បុរសធម៌របស់លោកផងដែរ។ មិនតែប៉ុណ្ណោះ គាត់ក៏ត្រូវបានគេដឹងថា បានជួយឧបត្ថម្ភទៅលើគំរោង សម្រាប់ធ្វើគ្លីនិក និងការផ្គត់ផ្គង់ទឹកថែមទៀតផង។ ចំណែកខែមករា ឆ្នាំ ២០១៦ Louis ក៏ត្រូវបានគេដឹងថា បានសង់សាលាបឋមសិក្សាចំនួន ២៤ខ្នងទៀត ដែលសរុបទាំងអស់ គឺចំនួន ៨៥ខ្នងហើយ មកទល់ពេលនេះ។

គួរបញ្ជាក់ឲ្យដឹងថា Louis ចាប់ផ្តើមសង់សាលារៀនទាំងនេះឡើង គឺចាប់ពីឆ្នាំ ២០០៨ នៅពេលដែលមានគ្រោះ រញ្ជួយដី នៅខេត្ត Sichuan ដែលបានសម្លាប់មនុស្សអស់ច្រើនជាង ៦៩,០០០នាក់ និងធ្វើឲ្យមនុស្សប្រមាណ ៥លាននាក់ គ្មានផ្ទះសម្បែង។ ហើយនៅឆ្នាំបន្ទាប់ គាត់ក៏បានបង្កើតមូលនិធិសប្បុរសធម៌ និងបានជួលក្រុមអ្នកស្ម័គ្រចិត្ត ដើម្បីធ្វើការសាងសង់សាលាទាំងនោះឡើងតែម្តង៕




ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម