តារាខ្មែរ៣រូប ដែលធ្លាប់ជួបគ្រោះថ្នាក់ ចរាចរណ៍ លើផ្លូវជាតិលេខ៤ ដូចនឹង លោក វណ្ណ មករា តែមិនបាត់បង់ជីវិត

 
 

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ១០ មករា ដែលជាដើមឆ្នាំ ២០១៦នេះ តារាចម្រៀងដែលចូលក្នុង វិស័យសិល្បៈ យូរឆ្នាំគួរសម គឺលោក វណ្ណ មករា​ បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយក្រឡាប់ ឡាន ២លើក ក្នុងថ្ងៃតែមួយ នៅលើផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៩២ និង​លេខ​៩៣ ស្ថិត​ក្នុង​ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សាកសពលោក វណ្ណ មករា ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍

សម្រាប់ហេតុការណ៍មួយនេះ បានធ្វើឲ្យអ្នកសិល្បៈ និងបងប្អូនប្រជាពលរដ្ឋខ្មែរ រន្ធត់ចិត្ដជាខ្លាំង និងមិននឹកស្មានដល់ថា លោកបានបាត់បង់ជីវិតក្នុងពេល មួយពព្រិចភ្នែក។ មួយវិញទៀត ហេតុការណ៍នេះ បានធ្វើឲ្យមនុស្ស ជាច្រើន នឹកឃើញដល់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិ លេខ៤នេះដូចគ្នា កាលពីមុន របស់តារាល្បីៗ ដូចជា លោក ខេមរៈ សិរីមន្ដ និង កញ្ញា សុខ ពិសី ដែលអ្នកទាំងពីរ សុទ្ធសឹងតែមានជីវិតថ្លៃ មិនស្លាប់ ខណៈដែលអ្នករួមដំណើរជាមួយគ្នា បានបាត់ជីវិត។

កញ្ញា សុខ ពិសី ដែលជាអ្នកចម្រៀងប្រចាំ ផលិតកម្ម សាន់ដេ បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់ឡាន Lexus 330 ពណ៌ខ្មៅ ដែលនាងជាអ្នកបើកបរដោយផ្ទាល់ កាលពីថ្ងៃទី ១៤ មេសា ឆ្នាំ ២០០៨ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំនុចស្រុកកំពង់សិលា ខេត្ដព្រះសីហនុ និងបណ្ដាលឲ្យ អ្នករួមដំណើរជាមួយនាង ដែលមានដូចជា ម្ដាយបង្កើត ជីដូន ក្មួយ របស់នាងផ្ទាល់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ ខណៈដែលនាង រងរបួសបាក់ជើង សន្លប់ស្ដូប និងក្រោយពីនាង ដឹងខ្លួន ទើបស្រែកទ្រហ៊ោរយំជាខ្លាំង បន្ទាប់ពីដឹងថា អ្នករួមដំណើរសុទ្ធសឹងតែស្លាប់ទាំងអស់។



រូបភាព សុខពិសី សម្រាកក្នុងមន្ទីរពេទ្យ និង រថយន្ដរបស់កញ្ញា សុខ ពិសី ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍

លោក ខេមរៈ សិរីមន្ដ ជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ នៅលើផ្លូវជាតិលេខ៤ ដូចគ្នា កាលពីយប់ថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០១៣។ នៅក្នុងនោះ លោកខេមរៈ សិរីមន្ត រួមដំណើរជាមួយ មនុស្ស៧នាក់ ផ្សេងទៀតបានជិះក្នុងរថយន្តម៉ាកធុនដ្រា ពណ៌ស ពាក់ស្លាកលេខ២N-៧៩៩៧ ធ្វើដំណើរឆ្ពោះទៅកាន់ក្រុងព្រះសីហនុ ។ តាមប្រភពថា លោកខេមរៈ សិរីមន្ត ជិះខាងស្ដាំដៃផ្នែកខាងមុខ ក្បែរអ្នកបើកបរ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុឱ្យដឹងថា ខណៈពេលដែលរថយន្តលោកខេមរៈ សិរីមន្ត ទៅជិតដល់ចំណុចផ្លូវចំណោតបិតត្រាង លើផ្លូវរាបចម្ងាយប្រមាណ១០០ម៉ែត្រពីចំណោត ក៏មានរថយន្តដឹកកុងតឺន័រ មួយគ្រឿងបើកចុះចំណោតមកដល់ ក្នុងទិសដៅបញ្ច្រាសគ្នា ។ រថយន្តដឹកកុងតឺន័រនេះម៉ាកហ៊ីណូក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣A-៩៧២៣ ដែលបើកបរចេញពីក្រុង ព្រះសីហនុឆ្ពោះមក រាជធានីភ្នំពេញ ។

មិនមានអ្នកណាម្នាក់អះអាងច្បាស់លាស់ពី ហេតុការណ៍បុកនោះទេ តែតាមការត្រួតពិនិត្យចំណុចដែលបុកគ្នានេះគឺចុះពីចំណោត មកប្រមាណ១០០ម៉ែត្រដែលគេសង្ស័យថា រថយន្តកុងតឺន័រនោះមានបញ្ហាពេលចុះពីចំណោតបិតត្រាង ព្រោះបានរេចង្កូតម្ដងឆ្វេងម្ដងស្ដាំធ្វើឱ្យកុងតឺន័រ ធ្លាក់ពីលើរថយន្ត ហើយក៏បានបុកជាមួយរថយន្តលោក ខេមរៈ សិរីមន្ត ដូចគេអារមួយចំហៀងតួរថយន្តផ្នែកខាងឆ្វេងតែម្ដងរបើក អស់ដំបូល បណ្ដាលឱ្យមនុស្ស៣នាក់ ស្លាប់កៀបជាប់ក្នុងរថយន្ត និងម្នាក់ទៀតខ្ទាតចេញពីរថយន្ត ។ ចំណែកអ្នកអង្គុយខាងស្ដាំដៃនៃរថយន្តបានរងរបួស៣នាក់ ក្នុងនោះមានទាំងលោកខេមរៈ សិរីមន្តផងដែរ ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តកុងតឺន័របានគេចខ្លួនបាត់ពីកន្លែងកើត ហេតុ ។ តាមប្រភពនិយាយថា រថយន្តកុងតឺន័រនេះជារបស់ ក្រុមហ៊ុន SK តែគេមិនដឹងថា ក្នុងកុងតឺន័រនោះដឹកសម្ភារអ្វីនោះទេ ។

អ្នកស្លាប់២នាក់ជាកូនតារាកំប្លែងនិងអាយ៉ៃ

អ្នកស្លាប់ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ដ៏រន្ធត់ទាំង៤នាក់មាន៖

១-ឈ្មោះរី សុផារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជាមន្ត្រីយោធាការពារដែនអាកាស ហើយត្រូវបានគេស្គាល់ថាជាអង្គរក្សឱ្យតារាចម្រៀងលោកខេមរៈ សេរីមន្ត ផងដែរ ។ ពេលកើតហេតុនេះឈ្មោះរី សុផារ៉ា ជាអ្នកបើកបរដែលស្លាប់នៅនឹងចង្កូតរថយន្ត ។

២-ឈ្មោះអ៊ា វណ្ណៈ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅក្នុងរាជធានីភ្នំពេញ ជាកូនប្រុសអ្នកស្រីណយ សំណាង ជាអ្នករាំលើឆាកតន្ត្រី ។
 ៣-ឈ្មោះសោម សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាអ្នករាំលើឆាកតន្ត្រី ។
៤-ឈ្មោះជី វីរៈ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាកូនប្រុសរបស់លោកជួង ជី ហៅនាយកុយ ។

ចំណែកអ្នករបួសវិញមាន៤នាក់៖
 ១-លោកខេមរៈ សិរីមន្ត 
 ២-ឈ្មោះគួយ ផល្លី ភេទស្រី អាយុ២៦ឆ្នាំ 
៣-ឈ្មោះគួយ ស្នេហ៍ ភេទស្រី អាយុ២១ឆ្នាំ 
៤-ឈ្មោះរី ភឿន ភេទស្រី អាយុ២០ឆ្នាំ ។





រូបភាពនៅកន្លែងកើតហេតុ

ក៏ដូចជា តារាសម្ដែងសិចស៊ី មួយដួង គឺកញ្ញា ហ្វី ហ្វី បានរងគ្រោះថ្នាក់ ចរាចរណ៍ នៅពេល ត្រលប់មកពី កំពង់សោមវិញ កាលពីថ្ងៃទី ០៤ មីនា ឆ្នាំ ២០១៥ ផងដែរ នៅឃុំ ចំការហ្លួង ស្រុកកំពង់សិលា ផ្លូវជាតិ លេខ៤ មកកាន់ ភ្នំពេញ ដែលនៅពេល បើកបរ ក៏ជ្រុល ចង្កូត ធ្លាក់ ផ្លូវ បុកជាមួយនឹង ដើមឈើ តែមិនបណ្ដាលឲ្យ គ្រោះថ្នាក់បាត់បង់ជីវិតអ្វីនោះទេ៕

រូបភាព នៅកន្លែងកើតហេតុ ដែលតារាសម្ដែង ហ្វីហ្វី ជួបគ្រោះថ្នាក់ចរាចរណ៍

 

ដោយ៖ ម៉ា


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម