តារាសម្ដែងប្រុសថៃ​ដ៏ល្បីគឺ លោក “Por” បានទទួលមរណភាព នៅថ្ងៃទី ១៨ ខែមករា នេះ

 
 

ថៃ៖ រឿងរ៉ាវរបស់ តារាសម្ដែងប្រុសថៃ​ដ៏ល្បីគឺ លោក “Por” Thridsadee Sahawong បានក្លាយជា ប្រធានបទដ៏ក្ដៅគគុក និងមានការតាមដាន យ៉ាងយកចិត្តទុកដាក់ ពីសំណាក់មហាជន ជាពិសេសអ្នកដែលគាំទ្រ តារារូបនេះតែម្តង ទាំងក្នុងនិងក្រៅប្រទេស តែយ៉ាងណាមិញ កាលពីប៉ុន្មានម៉ោងនេះ លោក “Por” Thridsadee Sahawong បានលាចាកលោក នេះបើតាមកាសែតដ៏ធំ ប្រចាំប្រទេសថៃ ថារ៉ាត់ បានចុះផ្សាយ ។

នៅក្នុងសារព័ត៌មានបាន ប្រកាសឲ្យដឹងថា លោក “Por”  បានលាចាកលោក នៅម៉ោង ១១​និង ៥០នាទី ថ្ងៃត្រង់នេះ ទី១៨ ខែមករាឆ្នាំ ២០១៦ ដោយសារតែបញ្ហាស្មុគស្មាញ ទាក់ទងនឹង ជំងឺគ្រុនឈាម ដ៏ធ្ងន់ធ្ងររបស់គាត់ ដែលមានឡើងពីដំបូង ដែលនៅក្នុងនោះ គាត់ធ្លាប់ត្រូវបាន កាត់ជើងឆ្វេងចោលដោយសារតែការឆ្លងមេរោគ ហើយជាចុងក្រោយ គឺនៅខែធ្នូ លោកក៏ទទួលការ វះកាត់យកសួតខាងឆ្វេងចេញ បន្ទាប់ពីវាត្រូវបាន ទឹកចូលយ៉ាងធ្ងន់ធ្ងរ និងពិបាកក្នុងការព្យាបាល ដោយសារតែមានការ ឆ្លងរោគយ៉ាងធ្ងន់ធ្ងរ ពីសួតខាងស្តាំ របស់គាត់រួចមក ។ 

គួរបញ្ជាក់ទៀតថា លោក“Por”  ដែលមានចំនួនប្លាកែតទាបនេះ ក្រោយពីមានជំងឺគ្រុនឈាម លោកបានទទួលរងនូវបញ្ហា ខូចតំរងនោម ខូចថ្លើម ធ្លាក់ឈាម និង មានជំងឺបាត់បង់កោសិកាឈាមស​ បន្ថែមទៀត ដែលទាំងនេះ ជាបញ្ហាដ៏ស្មុគស្មាញ ជម្រុញឲ្យលោក ត្រូវបានបញ្ជូនចូលទៅក្នុងបន្ទប់ សង្គ្រោះបន្ទាន់  ICU និងទទួលការព្យាបាល យកចិត្ដទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យ អស់រយៈពេល ៧១ថ្ងៃ។ ក្រោមការមើលថែ អស់ពីសមត្ថភាព ពីក្រុមគ្រូពេទ្យ មកដល់ដើមឆ្នាំនេះ ថ្លើមរបស់លោក ក៏កាន់តែឆ្លងមេរោគ និងបណ្ដាលឲ្យស្ថានភាពរបស់លោក កាន់តែយ៉ាប់យឺនខ្លាំងឡើង។ ដោយសារតែខ្លួនប្រាណរបស់លោក មិនអាចទ្រាំទ្រ បានទៅមុខទៀត ក្នុងការទទួលការព្យាបាល លោក ក៏ទទួលមរណភាព ក្នុងវ័យ ៣៧ឆ្នាំ ។

យ៉ាងណាមិញ នេះបើតាមអ្នកគ្រប់គ្រងរបស់គាត់ បានធ្វើការឆ្លើយតបជាមួយនឹង អ្នកកាសែតក្នុង ពេលរសៀលនេះថា លោក “Por” ពិតជាបានលាចាកលោកមែន និងពិធីបុណ្យសព របស់គាត់នឹងប្រារព្ធឡើង នៅក្នុងស្រុកកំណើតរបស់គាត់ នៅ Buriram។

នេះគឺជាដំណឹងដ៏អាក្រក់ មួយដែលធ្វើឲ្យក្រុមគ្រួសារ ភរិយា មិត្ដរួមអាជីព និងអ្នកគាំទ្រលោក ទាំងឡាយ នាំគ្នាតក់ស្លុតជាខ្លាំង ដែលទោះជាយ៉ាងណា សូមឲ្យលោកទៅកាន់ សុគតិភព៕







កែសម្រួលដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម